ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ គម្រោងសាងសង់ និងទុនវិនិយោគក្នុងវិស័យសំណង់នៅកម្ពុជា ដែលស្ថិតនៅក្នុងសភាពស្ងប់ស្ងាត់ក្រោមឥទ្ធិពលនៃវិបត្តិសេដ្ឋកិច្ចបណ្តាលមកពីជំងឺឆ្លងចាប់តាំងពីដើមឆ្នាំ២០២០មកនោះ ត្រូវបានអ្នកជំនាញនៅក្នុងវិស័យមួយនេះធ្វើការព្យាករថា អាចនឹងនឹងកម្រើកឡើងវិញនៅក្នុងត្រីមាសទី៣ ឬចុងឆ្នាំ២០២១ ប្រសិនបើការប្រើប្រាស់វ៉ាក់សាំងការពារជំងឺកូវីដ១៩បានកាន់តែទូលាយ និងមានប្រសិទ្ធភាពទាំងនៅតាមបណ្តាប្រទេសនានា ក៏ដូចជានៅក្នុងប្រទេសកម្ពុជា ។
នាយិកាប្រចាំប្រទេសក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ CBRE Cambodia លោកស្រី អាន សុធីតា បានមានប្រសាសន៍នៅព្រឹក៨ ខែមីនា ឆ្នាំ២០២១នេះថា ប្រសិនបើបញ្ហានៃការរីករាលដាលនៃជំងឺឆ្លងត្រូវបានធ្វើការទប់ស្កាត់ ជាពិសេសប្រសិទ្ធភាពនៃការប្រើប្រាស់វ៉ាក់សាំងកាន់តែមានភាពទូលាយ នោះសកម្មភាពវិនិយោគក្នុងវិស័យសំណង់នៅកម្ពុជាអាចនឹងមានកំណើនឡើងវិញបន្តិចម្ដងៗនៅត្រឹមចុងឆ្នាំ២០២១ ហើយភាគច្រើនផ្តើមចេញពីវិនិយោគិន និងអ្នកអភិវឌ្ឍន៍ក្នុងស្រុក។
លោកស្រីបានបញ្ជាក់ថា “សកម្មភាពអភិវឌ្ឍន៍ និងសាងសង់ទាំងអស់ដែលអាចនឹងបង្ហាញនៅចុងឆ្នាំ២០២១ភាគច្រើនជាគម្រោង និងទុនវិនិយោគដែលបានស្នើចូលមកកាន់កម្ពុជាតាំងពីឆ្នាំចាស់ ដែលមិនមែនទើបតែកើតមាននៅក្នុងឆ្នាំ២០២១នោះទេ។ យើងទទួលស្គាល់ថា សកម្មភាព និងទុនវិនិយោគថ្មីអាចកើតមាននៅក្នុងឆ្នាំ២០២១ខ្លះពិតមែន ប៉ុន្តែគម្រោងថ្មីទាំងនេះ ភាគច្រើនជាសកម្មភាពរបស់អ្នកវិនិយោគក្នុងស្រុកដែលវាមានកំណើនទុនក្នុងវិស័យសំណងតិចភាគរយបើប្រៀបទៅនឹងទុនវិនិយោគដែលទទួលបានពីក្រៅប្រទេស”។
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីម ធ្លាប់បានមានប្រសាសន៍កាលពីពេលកន្លងទៅថ្មីៗនេះថា នៅក្នុងឆ្នាំ២០២១នេះ សកម្មភាពវិនិយោគក្នុងវិស័យសំណង់ភាគច្រើនជាសកម្មភាពរបស់អ្នកក្នុងស្រុក ដោយឡែកសម្រាប់រំហូរទុនចូលពីក្រៅស្រុកគឺមានតិចតួចបំផុត។ លោកបានបន្តថា “វិបត្តិសេដ្ឋកិច្ចដែលកំពុងកើតមាននៅពេលនេះ គឺជះឥទ្ធិពលគ្រប់ប្រទេស ដែលបណ្តាលឱ្យប៉ះពាល់ដល់គម្រោងវិនិយោគទាំងអស់។ ប៉ុន្តែក្រោយពេលវិបត្តិនេះត្រូវបានទប់ស្កាត់ គម្រោងវិនិយោគនានានឹងចាប់ផ្តើមរៀបចំឡើងវិញ ហើយតាមខ្ញុំគិត ប្រសិនបើវិបត្តិជំងឺដែលកំពុងរាលដាលនេះត្រូវបានបញ្ចប់នៅត្រឹមចុងឆ្នាំនេះ នោះសកម្មភាពវិនិយោគនៅក្នុងវិស័យសំណង់អាចនឹងចាប់ផ្តើមនៅដើមឆ្នាំ ឬនៅត្រឹមពាក់កណ្តាលឆ្នាំ២០២២ខាងមុខនេះ”៕