លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង ៖ ទីផ្សារអចលនទ្រព្យកម្ពុជាអាចងើបឡើងវិញបាននៅពេលណា គឺអាស្រ័យលើកូវីដ

0

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ មិនមែនមានតែប្រទេសកម្ពុជានោះទេដែលទីផ្សារអចលនទ្រព្យទទួលរងនូវផលប៉ះពាល់ ពោលគឺស្ទើរពេញពិភពលោកសុទ្ធតែទទួលរងនូវផល​ប៉ះពាល់​ដូចគ្នា ហើយបញ្ហាមួយនេះអាចងើបឡើងវិញបាននៅពេលណាឱ្យប្រាកដនោះគឺអាស្រ័យទៅស្ថានភាពនៃជំងឺកូវីដត្រូវបានបញ្ចប់ជាស្ថាពរ។

លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងប្រធានKw Cambodia បានមានប្រសាសន៍ប្រាប់ឱ្យដឹងនៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១នេះថា កូវីដ១៩គឺជាមូលហេតុចម្បង និងសំខាន់បំផុតដែលធ្វើឱ្យសេដ្ឋកិច្ចពិភពលោកធ្លាក់ចុះយ៉ាងខ្លាំង ហើយសេដ្ឋកិច្ចពិភពលោកអាចងើបឡើងវិញនៅពេលណា ក៏អាស្រ័យលើកូវីដនេះដែរ។

លោកឧកញ៉ាបានបន្តថា សម្រាប់សេដ្ឋកិច្ច ក៏ដូចជាទីផ្សារអចលនទ្រព្យនៅកម្ពុជាក៏ដូចគ្នា អាចងើបឡើងវិញនៅពេលណាឱ្យប្រាកដនោះក៏អាស្រ័យលើ​ស្ថានភាព​នៃ​ជំងឺ​កូវីដត្រូវបានទប់ស្កាត់ប្រកបដោយប្រសិទ្ធភាព។

លោកឧកញ៉ាគីម ហ៊ាងបានមានប្រសាសន៍បញ្ជាក់ថា “នៅពេលដែលពិភពលោកនៅតែបន្តទទួលរងនូវការគំរាមកំហែងពីជំងឺឆ្លងកូវីដ សកម្មភាពនៃការ​វិនិយោគ​ស្ទើរ​គ្រប់រូបភាពនៅតែបន្តរក្សាភាពស្ងប់ស្ងាត់ លើកលែងតែវិស័យអាទិភាពមួយចំនួនដែលមិនអាចអាក់ខានតែប៉ុណ្ណោះ ដូចជាទីផ្សារផ្គត់ផ្គង់ស្បៀង​អាហារជាដើម”។
លោកថា “សម្រាប់តែកម្ពុជា នៅពេលមានសំណួរសួរថា តើទីផ្សារអចលនទ្រព្យអាចមានសន្ទុះ និងស្ថានភាពល្អឡើងវិញនៅពេលណា គឺវាអាស្រ័យទៅលើ​ស្ថានភាព​នៃសេដ្ឋកិច្ចពិភពលោក​ បើទោះជាកម្ពុជាអាចមានលទ្ធភាពទប់សស្កាត់ និងគ្រប់ការរីករាលដាលនៃជំងឺកូវីដ ក៏ប៉ុន្តែលំហូរចូលនៃចំនួនអ្នកវិនិយោគ​បរទេស​នៅតែមិនទាន់មានកំណើននោះទេ ដែលវាត្រូវការពេលវេលាគ្រប់គ្រាន់សម្រាប់ពួកគេ ពោលគឺទាល់តែពិភពលោកអាចស្ងប់ស្ងាត់ និងអាចលុបបំបាត់​ការ​គំរាមកំហែងបានជាស្ថាពរ។ នៅពេលដែលសេដ្ឋកិច្ចពិភពលោកចាប់ផ្តើមមានកំណើនឡើងវិញ នោះអ្នកវិនិយោគបរទេសក៏នឹងនាំយកលុយមក​វិនិយោគ​នៅកម្ពុជាឡើងវិញផងដែរ ដូច្នេះ បញ្ហាចម្បងនៃសេដ្ឋកិច្ចដែលអាចងើបដើរឡើងវិញបាននៅពេលណា គឺវាអាស្រ័យទៅលើបញ្ហានៃកូវីដនេះតែម្ដង”។

ជាមួយនឹងការអះអាងពីលទ្ធភាពសេដ្ឋកិច្ច ក៏ដូចជាទីផ្សារអចលនទ្រព្យកម្ពុជាអាចមានដំណើរការល្អឡើងវិញខាងលើនេះ លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងក៏បានធ្វើការព្យាករថា ប្រសិនបើបញ្ហាកូវីដនេះនៅតែបន្ត សេដ្ឋកិច្ចកម្ពុជានឹងកាន់តែដុនដាបជាងនេះ ហើយវានឹងក្លាយបន្ទុកដ៏ធ្ងន់ធ្ងររបស់រាជរដ្ឋា​ភិបាល ដូច្នេះអ្វីដែលត្រូវធ្វើនៅពេលនេះ គឺប្រជាពលរដ្ឋទាំងអស់ត្រូវតែចូលរួមជាមួយនឹងរាជរដ្ឋាភិបាលក្នុងការអនុវត្តនូវវិធានការសុខាភិបាលដើម្បីកុំឱ្យស្ថាន​ការណ៍​កាន់តែលំបាកជាងនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here