ដោយៈ វឌ្ឈនៈ
ភ្នំពេញៈ នៅក្នុងវិបត្តិកូវីដ១៩ក្ដី តែភ្នាក់ងារអចលនវត្ថុជាពិសេសភ្នាក់ដីធ្លីប្រចាំខេត្តកំពតមានកំណើនឡើងជាបន្តបន្ទាប់ ដោយបានបង្កើតក្រុមហ៊ុនថ្មីៗ និងនាំវិនិយោគិនក៏ដូចជាភ្ញៀវទិញដីធ្លី ស្វែងរកដីធ្លីសម្រាប់អភិវឌ្ឍន៍នៅពេលអនាគត។
ជាការកត់សម្គាល់តំបន់មាត់សមុទ្រទាំងនេះ កំពុងទទួលបាននូវការទិញលក់ដីធ្លីជាបន្តបន្ទាប់ ទោះកម្ពុជាកំពុងស្ថិតនៅក្នុងវិបត្តិតាំងពី២០២០ និងចូលមកដល់ដើមឆ្នាំ២០២១នេះក្តី ។
លោកគឹម សង្គ្រាម ភ្នាក់ងារអចលនវត្ថុមួយរូបប្រចាំខេត្តកំពត និងកែបបាននិយាយថា ដោយសារតែកំណើននៃការវិនិយោគដីធ្លី នៅក្នុងខេត្តកំពតនិងកែប ចេះតែមានច្រើនឡើងៗ ភ្នាក់ងារអចលនវត្ថុក៏មានច្រើន សម្រាប់ណែនាំភ្ញៀវមកពីគ្រប់ទិសទីមកស្វែងរកដីធ្លី។
លោកបន្តថា “ដោយសារខេត្តទាំងពីរនេះមានសក្តានុពល និងងាយស្រួលធ្វើដំណើរបានធ្វើឲ្យសកម្មភាពទិញលក់ក្នុងខេត្ត មានសកម្មភាពជាប្រចាំ” ។
ចំណែកលោក សុខ គែន ជាអ្នកភ្នាក់ងារអចលនវត្ថុមួយរូបនៅក្នុងខេត្តជាប់សមុទ្រទាំងពីរនេះ បានបង្កើតក្រុមហ៊ុនមួយ និងបានស្វែងរកដីធ្លីប្រជាពលរដ្ឋនៅតំបន់ ដែលមានសក្ដានុពល សម្រាប់ទុកជូនវិនិយោគិន ដែលមានបំណងវិនិយោគនៅក្នុងទឹកដីនៃខេត្តទាំងពីរនេះ ។
លោកបាននិយាយថា “សក្ដានុពលដែលវិនិយោគិន សំលឹងមើលឃើញពីការវិនិយោគនៅក្នុងខេត្តកំពត គឺសម្រាប់បម្រើក្នុងវិស័យទេសចរណ៍ ដូចជា លំហែឋានលំហែកាយសណ្ឋាគារ ផ្ទះសំណាក់និងភោជនីយដ្ឋានជាដើម” ។ លោកបន្តថា “សម្រាប់នៅក្នុងវិបត្តិកូវីដនេះ ខេត្តកំពតនៅតែទទួលបានការវិនិយោគ លើវិស័យអចលនទ្រព្យជាហូរហែរផងដែរ ដោយមិនមែនស្ងាត់ ដូចជា នៅតំបន់ដែលធ្លាប់កើនឡើងមុនវិបត្តិនោះទេ” ។
ជាមួយគ្នានេះ លោក កែវ សុជាតិ តំណាងក្រុមហ៊ុន KW Cambodia ប្រចាំខេត្តកំពត និងកែប ក៏បាននិយាយផងដែរថា មានចំណុចជាច្រើន ដែលធ្វើឱ្យសក្ដានុពលនៃការអភិវឌ្ឍខេត្តកំពត ទទួលបានគម្រោងជាបន្តបន្ទាប់ ហើយវិនិយោគិនក្នុងស្រុកជាច្រើនក៏បានចូលមកក្នុងខេត្តកំពត ដើម្បីស្វែងរកការវិនិយោគដែរ ។
ក្រៅពីភ្នាក់ងារដែលរៀបរាប់ខាងលើ ភ្នាក់ងារជាច្រើនទៀត ប្រចាំការនៅខេត្តកំពតនិងកែប ក្នុងការទិញនិងលក់ដីធ្លី និងអចលនទ្រព្យផ្សេងៗទៀត៕