ដោយគង់ សូរិយា
ភ្នំពេញៈ ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យធំមួយ កំពុងរៀបចំអភិវឌ្ឍន៍ទីក្រុងរណបCoastal City ជាគំរោងដែលស្ថិតនៅចំកណ្តាលបេះដូងនៃខេត្តកោះកុង ជាខេត្តដែលមានសក្តានុពលដ៏សម្បើមលើវិស័យទេសចរណ៍។
យោងតាមបណ្តាញព៌តមានរបស់ក្រុមហ៊ុននេះ ដែលបានបង្ហាញលើទំនាក់ទំនងសង្គមរបស់ខ្លួនបានឲ្យដឹងថា គំរោងនេះនឹងជារមណីយដ្ឋាន និងអភិវឌ្ឍន៍អចលនទ្រព្យដ៏ធំមួយនៅខេត្តជាប់តំបន់ឆ្នេរមួយនេះ។ គំរោងនេះព័ទ្ឋជុំវិញដោយឧទ្យានជាតិបុទុមសាគរ និងគិរីសាគរ ជាមួយធម្មជាតិព៌ណខៀវស្រងាត់ ឆ្នេរខ្សាច់សក្បុស ជាមួយទឹកសមុទ្រខៀវស្រងាត់ និងព្រៃកោងកាងធំបំផុតនៅលើពិភពលោក។
ទីក្រុងCoastal City បញ្ជាក់ពីអត្ថន័យឲ្យសម្រស់ធម្មជាតិ ជាកន្លែងដែលលេចធ្លោ ដែលធ្វើឲ្យមនុស្សគ្រប់គ្នាមិនអាចបំភ្លេចបាន។
គំរោងនេះត្រូវបានពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀងសហប្រតិបត្តិការ រវាងក្រុមហ៊ុនខូសថល ស៊ីធី ឌីវេឡុបម៉ិន គ្រុប ឯ.ក និងវិទ្យាស្ថានទេសចរណ៍គួយលីនកាលពីថ្ងៃទី21 មករា2021 នៅតារាសាគរ ខេត្តកោះកុងកន្លងមកនេះ។
កច្ចព្រមព្រៀងនេះ ផ្តោតសំខាន់លើការជំរុញ និងពង្រឹងកិច្ចសហប្រតិបត្តិការភាពជាដៃគូ ក្នុងការជំរុញការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ ការអភិវឌ្ឍធនធានមនុស្ស និងការសិក្សាស្រាវជ្រាវក្នុងវិស័យទេសចរណ៍ នឹងមានការរៀបចំឱ្យមានកម្មវិធីហ្វឹកហ្វាត់ការងារសម្រាប់សិស្ស និស្សិត និងបុគ្គលិក ព្រមទាំងការបង្កើតឱ្យមានមជ្ឈមណ្ឌលផ្លាស់ប្តូរ និងស្រាវជ្រាវនវានុវត្តន៍ទេសចរណ៍-វប្បធម៍កម្ពុជា-ចិន ដែលចូលរួមជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ និងប្រែក្លាយកម្ពុជាឲ្យក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញលំដាប់ថ្នាក់ពិភពលោក និងផ្តល់ភាពកក់ក្តៅដល់ភ្ញៀវទេសចរ។
ពិធីចុះហត្ថលេខាកន្លងមក មានការចូលរួមពីលោកជា បូរ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងលោកសោម សុគន្ធ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នាយកដ្ឋានអភិវឌ្ឍន៍ឧស្សាហកម្ម នៃការិយាល័យវប្បធម៌ និងទេសចរណ៍ក្រុងធានជីនលោកZhu Yi Hai, អនុប្រធានផ្នែកផ្លាស់ប្តូរ និងសហប្រតិបត្តិការអន្តរជាតិនាយកដ្ឋានវប្បធម៌ និងទេសចរណ៍នៃខេត្តគួនស៊ីជួង តំបន់ស្វយ័ត លោកស្រីTan Juan លោកLi Meng Chenប្រធានក្រុមហ៊ុនខូសថល ស៊ីធី ឌីវេឡុបម៉ិន គ្រុប ឯ.ក, លេខាធិការគណៈកម្មាធិការបក្សសាស្រ្តាចារ្យអ្នកស្រីLin Na មកពីសាកលវិទ្យាល័យទេសចរណ៍ហ្គីលីន និង លោកនាយកសាលាសាកលវិទ្យាល័យទេសចរណ៍ គួយលីងសាស្រ្តាចារ្យCheng Dao Pin។
អភិបាលខេត្តកោះកុង លោកជំទាវមិថុនា ភូថងបានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា ខេត្តកោះកុងបានទាក់ទាញគំរោងវិនិយោគច្រើនកំឡុងឆ្នាំមុន បើទោះជាខេត្តដទៃទៀតមានបញ្ហាក្តី តែការវិនិយោគនៅខេត្តកោះកុងកើនឡើង ដែលភាគច្រើនជាគម្រោងអចលនទ្រព្យ សណ្ឋាគារ និងផ្ទះសំណាក់។
លោកជំទាវបន្តថា “អ្នកវិនិយោគភាគច្រើន ជាអ្នកក្នុងស្រុក ប៉ុន្តែអ្នកវិនិយោគអន្តរជាតិមានចំនួនតិចជាង ប៉ុន្តែទំហំទុនមានច្រើនជាងអ្នកវិនិយោគក្នុងស្រុក”៕