ដោយៈ រ៉ាណេត
ភ្នំពេញៈ នៅត្រឹមរយៈពេល៣ឆ្នាំចុងក្រោយនេះ សកម្មភាពនៃការវិនិយោគអចលទ្រព្យ ទៅលើវិស័យលំនៅដ្ឋានគឺមានសកម្មភាពយ៉ាងខ្លាំង ជាពិសេសក្រោយពេលមានកិច្ចជួយសម្រួលពីសមាសភាព នៃបណ្តាធនាគារឯកជនមួយចំនួន ទៅលើការផ្ដល់ប្រាក់កម្ចីដើម្បីទិញលំនៅដ្ឋានរហូតដល់ ៧០-៨០ភាគរយ។
អគ្គនាយកក្រុមហ៊ុន PREMIUM Group លោក ម៉ាន់ ច័ន្ទឌី ដែលជាអ្នកវិនិយោគ និងអភិវឌ្ឍន៍នៅក្នុងវិស័យនេះ ផ្ទាល់បានមានប្រសាសន៍ប្រាប់ឱ្យដឹង នៅរសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១នេះថា នៅក្នុងតំណាក់កាលនេះ មិនថាការវិនិយោគទៅលើវិស័យលំនៅដ្ឋានដោយពឹងផ្អែកទុនពីធនាគារ ឬជាទុកផ្ទាល់ខ្លួនទាំងស្រុងនោះទេ ប្រការដែលសំខាន់ មុនពេលសម្រេចចិត្តវិនិយោគគម្បីមានការគិត និងសិក្សាពីឱកាសដែលអាចមានលទ្ធភាពចំណេញជាមុនសិន។
លោកបានពន្យល់ថា“ជាទូទៅអ្នកវិនិយោគតែងគិត ទៅលើកម្រិតនៃឱកាសទទួលចំណូលត្រឡប់មក (Returned on Investment) មុនពេលសម្រេចចិត្តវិនិយោគ”។ លោកបន្តថា “បើនៅក្នុងប្រទេសកម្ពុជា ឱកាសដែលអាចទទួលបានចំណេញត្រឡប់មកវិញគឺក្នុងអត្រាចាប់ពី១០-១៥ភាគរយប្រចាំឆ្នាំ ដោយសារតែគេគិតទៅលើកម្រិតនៃអត្រាការប្រាក់របស់ធនាគារដែលផ្តល់កម្ចីសម្រាប់លំនៅដ្ឋាន”។
មានន័យថា បើក្នុងមួយឆ្នាំឱកាសនៃការចំណេញ ត្រឡប់មកវិញត្រឹម១០ភាគ ឬតិចជាងនេះ គេមិនវិនិយោគនោះទេ ព្រោះអត្រាការប្រាក់របស់ធនាគារ មានភាពប្រហាក់ប្រហែលចាប់ពី៧,៥ -៨ ភាគរយ ឬលើសពីនេះក៏មានដែរ។
លោកម៉ាន់ ច័ន្ឌឌីបានពន្យល់ទៀតថា ប៉ុន្តែបើនៅតាមប្រទេសដទៃផ្សេង ឱកាសដែលអាចទទួលបានចំណេញ ត្រឡប់មកវិញត្រឹមតែ៨ភាគរយ គឺគេសម្រេចវិនិយោគដោយរីករាយ ក្រោមហេតុផលថា អត្រាការប្រាក់ធនាគារ ដែលផ្តល់កម្ចីនៅប្រទេសគេមានកម្រិតត្រឹមប្រមាណ៤ – ៤,៥ ភាគរយតែប៉ុណ្ណោះ។
ជាមួយគ្នានេះ លោកឧកញ៉ានួន រិទ្ធី អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Khmer Foundation Appraisal បានប្រសាសន៍ប្រាប់ឱ្យដឹងដែរថា មិនថាការវិនិយោគលើវិស័យលំនៅដ្ឋាន ដោយការខ្ចីកម្ចីពីធនាគារ ឬដោយថវិកាផ្ទាល់ខ្លួន ដើម្បីទុកលក់យកចំណេញបន្តឬជួលគឺសុទ្ធតែជាជម្រើសល្អ សំខាន់បុគ្គលដែលវិនិយោគត្រូវចេះរៀបចំ និងគ្រប់គ្រងលំហូរសាច់ប្រាក់របស់ខ្លួនឱ្យបានត្រឹមត្រូវ។
លោកឧកញ៉ាបានបន្តទៀតថា “ពាក្យថាការវិនិយោគ សុទ្ធតែក្នុងគោលបំណងទទួលយកប្រាក់ចំណេញត្រឡប់មកវិញ ប៉ុន្តែអ្វីដែលសំខាន់នោះ គឺការចេះសិក្សា និងការចេះវាយតម្លៃប្រកបដោយប្រសិទ្ធភាពខ្ពស់ ដូចជា ការសង្កេតមើលពីទិដ្ឋភាពជាក់ស្ដែងក្នុងតំបន់ដែលចង់វិនិយោគ វិភាគទៅលើកត្តាភូមិសាស្ត្រ ប្រជាសាស្ត្រដើម្បីជៀសវាងការទិញផ្ទះ ហើយទុកចោលគ្មានតម្រូវការ”។
លោកឧកញ៉ានួន រិទ្ឋីបន្តទៀតថា “ចំពោះការទិញលំនៅដ្ឋាន ដោយកម្ចីពីធនាគារនាពេលបច្ចុប្បន្ននេះ វាជាជម្រើសដ៏ល្អដែលអាចជួយសម្រួល ដល់អ្នកដែលមានចំណូលមធ្យម អាចមានលទ្ធភាពទិញលំនៅដ្ឋានស្នាក់នៅផ្ទាល់ខ្លួនបាន ដោយបង់ត្រឡប់ទៅធនាគារវិញក្នុងរយៈពេលរហូតដល់២០ឆ្នាំ ឬអាចទទួលបានចំណេញក្រោយពេលតម្លៃលំនៅដ្ឋានឡើងថ្លៃបន្ទាប់ពីការទិញ៕