ដោយៈ ប៊ី
ភ្នំពេញៈ សេដ្ឋវិទូមួយរួបបានលើកឡើងថា ផលិតផលក្នុងស្រុកសរុប (GDP) របស់កម្ពុជា នឹងធ្លាក់ចុះគិតជាទឹកប្រាក់ទំហំ១០៨៣.៥៦លានដុល្លារនៅឆ្នាំនេះ ឬជាមធ្យម២៧០,៨៩លានក្នុងមួយត្រីមាស ដោយសារផលប៉ះពាល់ពីវិបត្តិកូវីដ១៩។ នេះយោងតាមការគណនារបស់បណ្ឌិតម្នាក់ ដែលបញ្ចប់ការសិក្សាពីប្រទេសជប៉ុន។
លោកបណ្ឌិតបាននិយាយក្នុងលក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះថា “ខ្ញុំបានគណនាពីការធ្លាក់ចុះផលិតផលក្នុងស្រុកសរុប (GDP) នៅឆ្នាំ២០២១ ដោយផ្អែកលើទិន្នន័យពីធនាគារពិភពលោក (World Bank) ជាមួយនឹងការប៉ាន់ប្រមាណពីធនាគារ ADB”។លោកបន្តថា “ផ្អែកលើទិន្នន័យGDP ពីធនាគារពិភពលោក GDP របស់ប្រទេសកម្ពុជាមានទំហំទឹកប្រាក់ជាង២៧,០៨ពាន់លានដុល្លារក្នុងឆ្នាំ២០២០”។
លោកបណ្ឌិតបានបន្តទៀតថា ដោយប៉ាន់ប្រមាណថា សេដ្ឋកិច្ចមានការថយចុះ៤%ដោយសារផលប៉ះពាល់នៃវិបត្តកូវីដ១៩ (ការប៉ាន់ប្រមាណនេះ ត្រូវបានធ្វើឡើងផ្អែកលើការព្យាករណ៍របស់ADB ថា សេដ្ឋកិច្ចបានថយចុះ៤% ក្នុងឆ្នាំ២០២០)។
លោកបានឱ្យដឹងទៀតថា ទោះយ៉ាងណាក៏ដោយទំហំនៃការធ្លាក់ចុះ អាចនឹងមានទំហំធំជាងនេះ ប្រសិនបើគិតលើវិស័យក្រៅផ្លូវការ ឬសេដ្ឋកិច្ចក្រៅប្រព័ន្ធ។
បច្ចុប្បន្នភាពនៃទស្សនវិស័យអភិវឌ្ឍន៍អាស៊ី (Asian Development Outlook Update) សម្រាប់ឆ្នាំ២០២០ ដែលរៀបចំឡើងនៅទីស្នាក់ការរបស់ADB ប្រចាំកម្ពុជា ធនាគារនេះ បានព្យាកពីការធ្លាក់ចុះ នៃផលិតផលក្នុងស្រុកសរុប (GDP) របស់កម្ពុជាក្នុងឆ្នាំ២០២០ ក្នុងរង្វង់ -៤.០% បើធៀបទៅនឹង-៥.៥% នៃការព្យាករកាលពីខែមិថុនាឆ្នាំកន្លងទៅ។
ជាមួយគ្នានេះ ធនាគារពិភពលោកបានឱ្យដឹងថា ស្របពេលដែលសេដ្ឋកិច្ចរបស់កម្ពុជា បន្តរងគ្រោះដោយសារឥទ្ធិពល នៃការរាតត្បាតជំងឺកូវីដ១៩ មានសញ្ញាជាច្រើនបង្ហាញថា សកម្មភាពសេដ្ឋកិច្ចកំពុងចាប់ផ្តើមកម្រើកឡើងវិញហើយ៕