ដោយៈគង់ សូរិយា
ភ្នំពេញៈ ទីផ្សារការិយាល័យបានចាប់ផ្តើមមានសញ្ញាងើបឡើងវិញ នៅកំឡូងត្រីមាសទី១ឆ្នាំនេះ ដែលជាសញ្ញាល្អប្រសើរ បើធៀបនឹងត្រីមាសចុងក្រោយនៃឆ្នាំ២០២០។
យោងតាមរបាយការណ៍របស់ក្រុមហ៊ុនCBRE Cambodiaបានឲ្យដឹងថា គិតរហូតមកទល់ពេលបច្ចុប្បន្ននេះទំហំការិយាល័យ ដែលបានផ្គត់ផ្គង់ចូលទីផ្សារមានទំហំ៦០ម៉ឺនម៉ែត្រការ៉េ នៅដំណាច់ឆ្នាំ២០២០ ប៉ុន្តែចំនួននេះនឹងកើនឡើងដល់ប្រមាណ៨០ម៉ឺនម៉ែត្រការ៉េនៅដំណាច់ឆ្នាំ២០២១ខាងមុខ។ ចំនួននេះ រាប់បញ្ចូលទាំងការិយាល័យបែបសហកម្មសិទ្ឋ និងការិយាល័យដែលមានម្ចាស់តែមួយ។
នាយិកាប្រចាំប្រទេសនៃក្រុមហ៊ុនCBRE Cambodia លោកស្រីអាន សុធីតាបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី២៦ មិនានេះថា ការកើនឡើងនូវអត្រាប្រើប្រាស់ការិយាល័យនៅដើមឆ្នាំនេះ ដោយសារមានការកើនឡើងនូវការពង្រីកក្រុមហ៊ុន ថ្មីៗច្រើន និងការបើកក្រុមហ៊ុនថ្មី ពីសំណាក់ម្ចាស់អាជីវកម្មក្នុងស្រុកនានា។ លោកស្រីបន្តថា ទោះជាយ៉ាងណាតម្លៃនៃការជួលការិយាល័យ នៅតែបន្តធ្លាក់ចុះក្នុងរង្វង់៥ទៅ១០ភាគរយ។
លោកស្រីបន្តថា “ទីផ្សារការិយាល័យហាក់មិនសូវប៉ះពាល់ខ្លាំង ធៀបនឹងផ្នែកផ្សេងទៀត ប៉ុន្តែអត្រាគ្របដំណ្តប់នៃការប្រើប្រាស់ បានធ្លាក់ចុះក្នុងរង្វង់១០ភាគរយនៅឡើយ ទោះបីជាចំនួនអ្នកជួលបានកើនឡើងក្តី”។លោកស្រីបន្ថែមថា “ការិយាល័យកម្រិតB និងCនៅតែមានការពេញនិយមជាងគេដដែលក្នុងទីផ្សារ ខណៈការិយាល័យកម្រិតA ភាគច្រើនជាគោលដៅនៃក្រុមហ៊ុនធំៗ”។
លោកស្រីអាន សុធីតាបានបន្តទៀតថា គិតពីដើមរហូតមកទល់ពេលនេះ នៅរាជធានីភ្នំពេញ មានអាគារការិយាល័យសរុបចំនួន៧៨អាគារ ដែលបាននិងកំពុងដាក់ដំណើរការក្នុងទីផ្សារ ដែលអាគារការិយាល័យទាំងនោះគឺមានគ្រប់កម្រិត ទាំងកម្រិតA B និងកម្រិតC៕