ដោយៈស៊ីវ ម៉េង
ភ្នំពេញៈ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា និងជាប្រធានអគ្គនាយកក្រុមហ៊ុនលី ហួរគ្រុប អ្នកឧកញ៉ាលី ហួរបានចែករំលែកចំណេះដឹងល្អៗ ដល់អ្នកជំនួញ ក្នុងការចាប់យកឳកាសវិនិយោគ ឬធ្វើជំនួញអ្វីមួយ។
អ្នកឧកញ៉ាបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទ នារសៀលថ្ងៃទី៣១ មិនានេះថា បើមានលុយឬធនធានក្នុងដៃនាពេលនេះ វាជាឳកាសល្អ ដែលគួរវិនិយោគក្នុងកំឡុងពេលនេះ ប៉ុន្តែបើវិនិយោគបែបប្រថុយប្រថានមិនត្រូវធ្វើនោះទេ ព្រោះការប្រថុយប្រថាន វាប្រឈមនឹងបញ្ហាហេង ស៊យច្រើន។
-->
អ្នកឧកញ៉ាបានបន្តថា “ធ្វើអ្វីមួយគិតហើយសឹមគូ គឺដូចស្ថានភាពប្រទេសរបស់យើង និងពិភពលោក បើស្ថានភាពវិវត្តន៍មករកភាពប្រសើរ យើងដើរបានមុនគេ យើងអាចជោគជ័យធំ”។អ្នកឧកញ៉ាបានបន្តថា “ធ្វើអ្វីមួយ យើងកុំរត់តាមគេ បើរត់តាមគេធ្វើម៉េចយើងអាចជោគជ័យទៅកើត”។
អ្នកឧកញ៉ាលី ហួរបានបន្ថែមថា បើយើងសិក្សាបានច្បាស់លាស់ហើយ ឳកាសមកដល់ យើងចេញដំណើរបានយើងជោគជ័យហើយ ប៉ុន្តែត្រូវចាំធ្វើអ្វីមួយ ក៏ត្រូវរៀបចំផែនការដែរ ប៉ុន្តែបើយើងគ្មានផែនការទោះជាឳកាសមកដល់ ក៏យើងមិនទទួលបានជោគជ័យដែរ។
អ្នកឧកញ៉ាបានបន្តថា នៅក្នុងវិស័យអចលនទ្រព្យក្តី ទេសចរណ៍ក្តី សុទ្ឋតែប្រឈមបញ្ហាជាច្រើន ហេតុនេះអ្នកវិនិយោគត្រូវគិតឲ្យច្បាស់លាស់ឲ្យហើយ មុនយើងគូរ ព្រោះបើគូរលុប គូរលុប យើងមិនមានឳកាសជោគជ័យទេ”៕