អាគារ​ទីស្នាក់ការ​កណ្តាល​នៃ​បណ្ដាញ​ស្ថានីយទូរទស្សន៍​យក្ស​ចិន CCTV ស្ថាបត្យកម្មដ៏​លេចធ្លោ​របស់​ចិន

0

ដោយៈ​សុខុម

ប៉េកាំង:  គ្រាន់តែ​ឃើញ​ភ្លាម យើង​ប្រាកដជា​ស្ញើ​ច​សរសើរ មិន​ដាច់​ពី​មាត់​ចំពោះ​ស្នាដៃ​ស្ថាបត្យកម្ម​ដ៏​អ​ស្ចារ នៃ​អគារ​ខ្ពស់​រូបរាង​ដ៏​ចម្លែក ដែលមាន​ទីតាំង​ស្ថិតនៅក្នុង​សង្កាត់​ពាណិជ្ជកម្ម​កណ្តាល​ទីក្រុង​ប៉េកាំង ប្រទេស​ចិន។

ដោយមាន៥១ ជាន់ កម្ពស់២៣៤ ម៉ែត្រ និង​ផ្ទៃក្រឡា​សរុប៤៧៣.០០០ ម៉ែត្រការ៉េ អគារ​កញ្ចក់​នេះ​គឺជា​ទីស្នាក់ការ​កណ្តាល​ថ្មី នៃ​បណ្ដាញ​ស្ថានីយទូរទស្សន៍​ចិន China Central Television (CCTV)។

អគារ​ត្រូវបាន​ឌី​ហ្សា​ញ​ឡើង ដោយ​ស្ថាបត្យករ​ដ៏​ល្បីល្បាញ​ជនជាតិ​ហូ​ឡង់ លោក Rem Koolhaas និង​ស្ថាបត្យករ​ជនជាតិ​អាល្លឺម៉ង់ លោក Ole Scheeren ដែល​មកពី​ក្រុមហ៊ុន​ស្ថាបត្យកម្ម​ហូ​ឡង់ Office for Metropolitan Architecture (OMA)។

អាគារ​ទាំងមូល​នេះ ត្រូវបាន​ផ្គុំ​ចូលគ្នា​ដោយ​អគារ​ប៉ម​ធំ២ មាន​រាង​អក្សរ​L ដែល​ទ្រេត​រកគ្នា​ក្នុង​កម្រិត៩០ដឺ​ក្រេ នៅ​ចំណុចកំពូល និង​ចំណុច​បាត​ក្រោម​ដើម្បី​បង្កើតបានជា​ទម្រង់​ទុយោ​ទេរ​រកគ្នា​យ៉ាង​អស្ចារ្យ។

អគារ​នេះ អាច​ទប់​លំនឹង​បាន​យ៉ាងរឹងមាំ ដោយសារ​ចម្រឹង​នៅ​ខាងលើ ដែល​ភ្ជាប់​អគារ​ប៉ម​ទាំង២ ហើយ​នៅ​ខាងលើ​នោះ ក៏ត្រូវ​បាន​សាងសង់​ជា​ជាន់​ការិយាល័យ ដូច​អគារ​ប៉ម​ទាំង២ដែរ ដោយ​បង្កើតបានជា​ទម្រង់​ជា​ទុយោ៦ទេរ​រកគ្នា។

នៅក្នុង​អគារ​ទាំងមូល​នេះ រួមបញ្ចូល​មុខងារ​រដ្ឋបាល ជាមួយ​ផ្នែក​ព័ត៌មាន ការផ្សាយ ស្ទូ​ឌី​យោ និង​ការផលិត​កម្មវិធី។

អាគារ​នេះ ជួយ​ឱ្យ​បណ្ដាញ​ស្ថានីយទូរទស្សន៍​រដ្ឋ​ដ៏​ធំ​មួយ​នេះ មាន​សមត្ថភាព​ផ្សាយ​យ៉ាង​ទី​លំ​ទូលាយ​ទូទាំង​ពិភពលោក ក្រោយ​ពង្រីក​ការផ្សាយ​របស់ខ្លួន​ពី​ចំនួន១៣ ប៉ុស្តិ៍​រហូតដល់​ជាង២០០ ប៉ុស្ដិ៍​នៅពេល​សាងសង់​បញ្ចប់​ជា​ស្ថាពរ។

អាគារ​នេះ បាន​បញ្ចុះបឋមសិលា​ដំណើរការ​សាងសង់ នៅ​ថ្ងៃទី០១ មិថុនា ឆ្នាំ២០០៤ ហើយ​គ្រោង​បញ្ចប់​ការសាងសង់​នៅ​ខែមករា ឆ្នាំ២០០៨ ។ ប៉ុន្តែ​ដោយសារ​ការសាងសង់​ត្រូវបាន​ពន្យារពេល ក្រោយ​មាន​អគ្គិភ័យ​ដ៏​ធំ​មួយ​ក្បែរ​នោះ នៅ​ខែកុម្ភៈ ឆ្នាំ២០០៩ អគារ​ទីស្នាក់ការ​កណ្ដាល​នេះ ត្រូវបាន​សាងសង់​បញ្ចប់​ជា​ស្ថាពរ នៅ​ខែឧសភា ឆ្នាំ២០១២ ហើយ​ត្រូវបាន​សម្ពោធ​ជា​ផ្លូវការ​នៅ​ខែមិថុនា ឆ្នាំ២០១៣ ។

ដោយសារ​ស្ថាបត្យកម្ម​មាន​ភាព​លេចធ្លោ​ខ្លាំង អគារ​នេះ​បានឈ្នះ​ពានរង្វាន់​អគារ​ខ្ពស់​ល្អ​ដាច់​គេ​ទូទាំង​ពិភពលោក ប្រចាំឆ្នាំ២០១៣ (2013 Best Tall Building Worldwide) ពី “ក្រុមប្រឹក្សា​វាយតម្លៃ​អគារ​ខ្ពស់ និង​លំនៅដ្ឋាន​ក្នុង​ទីក្រុង” (Council on Tall Buildings and Urban Habitat) ជា​ស្ថាប័ន​អន្តរជាតិ​មួយ មាន​ទីស្នាក់ការ​កណ្ដាល​នៅ​ក្រុង​ឈី​កា​ហ្គោ សហរដ្ឋអាមេរិក៕

LEAVE A REPLY

Please enter your comment!
Please enter your name here