ដោយៈរតនៈ
ភ្នំពេញៈ អ្នកជំនាញទីផ្សារអចលនទ្រព្យបានឲ្យដឹងថា តម្លៃដីនៅតាមបណ្ដោយផ្លូវជាតិលេខ៤១ កើនឡើងធ្វើដង ឬលើសទ្វេរដងនាពេលបច្ចុប្បន្ន បើប្រៀបធៀបនឹង២ទៅ៣ឆ្នាំមុន។
ឧកញ៉ាឃាង ពុទ្ធី ប្រធានក្រុមប្រឹក្សាភិបាល សមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា បានប្រាប់គេហទំព័រPropertyareaនារសៀលថ្ងៃទី២ មេសានេះថា ដីតាមបណ្ដោយផ្លូវជាតិលេខ៤១នេះ អាចក្លាយជាតំបន់ឧស្សាហកម្មមួយ ព្រោះថាផ្លូវមួយនេះ គឺឆ្ពោះទៅកាន់ខេត្តកំពត ដែលខេត្តមួយនេះក៏នឹងមានកំពង់ផែផងដែរ ហើយផ្លូវមួយនេះក៏នៅមិនឆ្ងាយប៉ុន្មានពីព្រលានយន្ដហោះភ្នំពេញថ្មី។
លោកបន្តថា តម្លៃដីនៅជាប់ផ្លូវជាតិនេះ ពិបាកកំណត់ព្រោះថាទីតាំងខ្លះមានដីតូច ទីតាំងខ្លះមានដីធំ និងតាមចម្ងាយជិត ឬឆ្ងាយពីទីប្រជុំជនផងដែរ តែទោះជាយ៉ាងណាលោកថាតាមបណ្ដោយផ្លូវនេះ តម្លៃអាចចន្លោះពី១០ទី៤០ដុល្លារសហរដ្ឋអាមេរិកក្នុងមួយម៉ែត្រការ៉េ”។
ឧកញ៉ាឃាង ពុទ្ធីបានបន្ថែមថា តម្លៃដីតាមបណ្ដោយជាតិផ្លូវលេខ៤១ អាចនឹងកាន់តែឡើងថ្លៃ ប្រសិនបើប្រព័ន្ធទឹកភ្លើង ត្រូវបានតភ្ជាប់កាន់តែទូលំទូលាយ និងមានមនុស្សរស់នៅកាន់តែច្រើន។
ជាតិលេខ៤១មានប្រវែងសរុបជាង៩៥គីឡូម៉ែត្រ ដោយផ្លូវនេះបំបែកចេញពីផ្លូវជាតិលេខ៤ ទីប្រជុំជនស្រុកអង្គស្នូល ខេត្តកណ្តាល ភ្ជាប់ទៅកាន់ផ្លូវជាតិលេខ៣ ដោយឆ្លងកាត់ខេត្តកណ្តាល និងខេត្ត តាកែវ ទៅដល់ផ្លូវជាតិលេខ៣ នៅឃុំល្អាង ស្រុកដងទង់ ខេត្តកំពត។
ជាមួយគ្នានេះ លោកឌឹត ចាន់ណា អគ្គនាយកក្រុមហ៊ុនLucky real estate ក៏បានលើកឡើងថា ដីតាមបណ្ដោយផ្លូវជាតិលេខ៤១មួយនេះ គឹពិតជាមានសក្ដានុពល ទាំងផ្នែកឧស្សាហកម្ម និងលំនៅដ្ឋាន ពិសេសការអភិវឌ្ឍជាតំបន់ឧស្សាហកម្ម។
លោកបានបែងចែកតម្លៃដី តាមបណ្ដោយផ្លូវមួយនេះជាពីរផ្នែក គឺទី១ចាប់ពីផ្លុវបំបែកថ្នល់ទទឹង ដល់ស្រុកគងពិសី ដីតំបន់នេះមានតម្លៃ ចាប់ពី៣០ដុល្លាសហរដ្ឋអាមេរិកដល់១០០ដុល្លាក្នុងមួយម៉ែត្រការ៉េ និងចាប់ពីស្រុកគងពិសី ទៅដល់ផ្លូវជាតិលេខ៣ មានតម្លៃចាប់ពី ១០ទៅ៥០ដុល្លារសហរដ្ឋអាមេរិកក្នុងមួយម៉ែត្រការ៉េ៕