ដោយៈ រ៉ាណេត
ភ្នំពេញៈ នៅពេលនិយាយពីទីផ្សារអចលនទ្រព្យនៅពេលបច្ចុប្បន្ន ភាគច្រើនតែងត្រូវបានគេកត់សម្គាល់ទៅលើវិស័យដីធ្លី ដែលកំពុងសកម្មភាពច្រើនជាងផ្នែកដទៃទៀត ខណៈដែលតម្លៃទីផ្សារស្ថិតនៅក្នុងសភាពទ្រឹង ស្រដៀងគ្នាទៅនឹងកាលពីឆ្នាំកន្លងទៅ។
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីម បានមានប្រសាសន៍ ប្រាប់តាមទូរស័ព្ទនៅថ្ងៃ២ ខែមេសា ឆ្នាំ២០២១នេះថា ស្ថានភាពនៃទីផ្សារអចលនទ្រព្យពេលនេះ បើប្រៀបធៀបទៅនឹងកាលពីដើមឆ្នាំ២០២០ មិនមានអ្វីប្រែប្រួលគួរឱ្យកត់សម្គាល់នោះទេ ដែលអាចនិយាយបានថា តម្លៃទីផ្សារស្ថិតនៅក្នុងសភាពទ្រឹង។
លោកបញ្ជាក់ថា “តាមភាពជាក់ស្ដែងនៅពេលនេះ វិស័យដីធ្លីដូចជាមិនមានអ្វីប្រែប្រួលខ្លាំងនោះទេ ទាំងសកម្មភាពនៅក្នុងទីផ្សារ ទាំងកត្តាតម្លៃ ពោលគឺនៅមានកម្រិតស្រដៀងគ្នាកាលពីដើមឆ្នាំ២០២០”។លោកបន្តថា “បើទោះជាស្ថានភាពនៃវិបត្តិជំងឺផ្លូវដង្ហើមនៅក្នុងប្រទេសកម្ពុជា ត្រូវបានទប់ស្កាត់ក្នុងលទ្ធផលល្អ ដែលអនុគ្រោះដល់ការធ្វើអាជីវកម្មមួយចំនួនផ្តើមដំណើរការឡើងវិញពិតមែន ប៉ុន្តែសម្រាប់ទីផ្សារអចលនទ្រព្យនៅមិនទាន់មានសកម្មភាពខ្លាំងក្លានោះទេ”។
សកម្មភាពក្នុងវិស័យនេះ មានតែអ្នកវិនិយោគ និងអភិវឌ្ឍន៍ក្នុងស្រុកតែប៉ុណ្ណោះ ដែលវាត្រូវការពេលវេលាយូរបន្តិចទៀត។
ដោយឡែកសម្រាប់ទីផ្សារដីធ្លីត្រូវបាន លោកច្រឹក សុខនីម បញ្ជាក់ថា “ថ្វីត្បិតយើងឃើញមានសកម្មភាពទិញ-លក់សព្វថ្ងៃនៅតែបន្តមាន ប៉ុន្តែពាក់ព័ន្ធទៅនឹងតម្លៃនៅលើទីផ្សារមិនមានការឡើងថ្លៃនោះទេ ផ្ទុយទៅវិញសម្រាប់អ្នកដែលមានធុរៈបន្ទាន់ត្រូវការបង្វិលចរន្តសាច់ប្រាក់ បានបង្ខំចិត្តលក់ក្នុងតម្លៃក្រោមទីផ្សារ ហើយបើយើងធ្វើការប្រៀបធៀបទៅនឹងសេដ្ឋកិច្ច សង្គមកម្ពុជានៅពេលនេះ អាចនិយាយបានថា មានភាពប្រទាប់ប្រសងគ្នាបានន័យថា អត្រាកំណើនសេដ្ឋកិច្ចសង្គមមានកម្រិតទាប តម្រិតនៃតម្លៃដីក៏មិនមានការឡើងថ្លៃនោះដែរ”។
យោងតាមរបាយការណ៍ ដែលចេញដោយក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យអន្តរជាតិប្រចាំនៅកម្ពុជា CBRE Cambodia កាលពីពេលកន្លងទៅបានបង្ហាញពីស្ថានភាពនៃតម្លៃដីនៅក្នុងរាជធានីភ្នំពេញ ដោយនៅតាមបណ្តាខណ្ឌនីមួយមានតម្លៃផ្សេងៗគ្នា ដូចជា ខណ្ឌបឹងកេងកង ដូនពេញ ចំការមន និងខណ្ឌ៧មករា នៅតែមានតម្លៃខ្ពស់ជាងគេដែលគិតជាមធ្យមក្នុងចន្លោះចាប់ពី៥០០០-៦០០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។
ដោយឡែកសម្រាប់ខណ្ឌទួលគោក ឫស្សីកែវ សែនសុខ និងខណ្ឌជ្រោយចង្វារ មានតម្លៃគិតជាមធ្យមក្នុងចន្លោះចាប់ពី ១០០០ -៣៥០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ៕