ដោយៈគង់ សូរិយា
ភ្នំពេញៈ ស្របពេលគំរោងអភិវឌ្ឍន៍លំនៅដ្ឋាន មជ្ឈមណ្ឌលពាណិជ្ជកម្មកើតឡើងព្រោងព្រាត អ្នកជំនាញបានអះអាងថា ការវិនិយោគដីធ្លីនៅភាគខាងត្បូងរាជធានីភ្នំពេញ មានឱកាសចំណេញខ្ពស់ជាងគេ។
នាយកប្រតិបត្តិក្រុមហ៊ុន Century 21 Imperial Realty លោក Ken Lo បានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា មុនពេលគម្រោងអភិវឌ្ឍន៍អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីបានប្រកាសសាងសង់ ទីតាំងដីខ្លះដែលស្ថិតនៅក្បែរៗ អាកាសយានដ្ឋានថ្មី ធ្លាប់តែមានតម្លៃដីក្រោម១០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។ តែតម្លៃដីបានកើនឡើងជាបន្តបន្ទាប់ចាប់ពីគម្រោងអាកាសយានដ្ឋានថ្មី ប្រកាសសាងសង់ជាផ្លូវការអំឡុងឆ្នាំ២០១៩ ។
លោកថ្លែងថា “ទីតាំងដីធ្លីនៅប៉ែកខាងត្បូងរាជធានីភ្នំពេញ ជាតំបន់មានសក្តានុពលខ្លាំងនារយៈពេល៣ ទៅ៥ឆ្នាំខាងមុខ ព្រោះនឹងក្លាយជាតំបន់ពាណិជ្ជកម្ម និងលំនៅឋាន ដែលមានន័យថាមានទាំងការអភិវឌ្ឍផ្នែកលំនៅឋានពាណិជ្ជកម្ម និងលំនៅឋានរស់នៅ” ។
លោក Ken Lo បានបន្តថា តំបន់ប៉ែកខាងត្បូងរាជធានីភ្នំពេញនេះ នៅមិនទាន់មានចំនួនប្រជាជនទៅរស់នៅច្រើនទេ បើធៀបនឹងខណ្ឌសែនសុខ នៃភាគខាងជើងរាជធានីភ្នំពេញ។ ក៏ប៉ុន្តែលោកបញ្ជាក់ថា នៅពេលផ្សារទំនើបធំៗដែលកំពុងអភិវឌ្ឍន៍ឋិតនៅតាមបណ្តោយមហាវិថី ៦០ម៉ែត្រ ដូចជាផ្សារទំនើប Aeon Mall III, ផ្សារទំនើប PH Diamond Place របស់ក្រុមហ៊ុនប៉េង ហួត និងផ្សារទំនើប Chip Mong 271 Megamall របស់ក្រុមហ៊ុន ជីប ម៉ុង បញ្ចប់ការសាងសង់និងដាក់ឲ្យដំណើរការ ចំនួនប្រជាជនទៅរស់នៅនឹងកើនឡើង។
លោកបន្តថា “ការវិនិយោគលើគំរោងធំៗខាងលើនេះ នឹងជួយជំរុញតម្លៃដីធ្លីនៅប៉ែខាងត្បូង នៃរាជធានីភ្នំពេញនាពេលដ៏ខ្លីខាងមុខ” ។
ខណ្ឌមានជ័យ និងខណ្ឌដង្កោ ជាតំបន់ស្ថិតក្នុងភូមិសាស្ត្រមហាវិថី ៦០ម៉ែត្រ ហើយក៏ជាតំបន់ដែលតភ្ជាប់ឆ្ពោះ ទៅតំបន់អភិវឌ្ឍន៍អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ដែលបានចាប់ផ្តើមសាងសង់កាលពីខែកញ្ញា ឆ្នាំ២០១៩ លើផ្ទៃដីទំហំប្រមាណ ២,៦០០ហិកតា លាតសន្ធឹងពីក្រុងតាខ្មៅ និងស្រុកកណ្តាលស្ទឹងខេត្តកណ្តាល និងផ្នែកដីខ្លះស្ថិតនៅក្នុងស្រុកបាទី ខេត្តតាកែវ។
អាកាសយានដ្ឋានអន្តរជាតិថ្មីនេះ រំពឹងថានឹងសាងសង់រួចរាល់ (ដំណាក់កាលដំបូង) នៅឆ្នាំ២០២៣ខាងមុខ។
ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ឋរបស់រដ្ឋាភិបាល និងវិស័យឯកជនបានធ្វើឲ្យតម្លៃអចលនទ្រព្យកើនឡើងខ្កស់នៅតំបន់នេះ ដែលនេះមិនមែនជានិន្នាការថ្មីកើតមាននៅកម្ពុជានោះទេ ប៉ុន្តែនិន្នាការនេះបាននិងកំពុងកើតមាននៅទីផ្សារកម្ពុជា ព្រោះពេលណារដ្ឋាភិបាលអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ឋនៅតំបន់ណាមួយ តម្លៃដីធ្លី និងអចលនទ្រព្យដទៃទៀត តែងតែហក់ឡើងជាស្វ័យប្រវត្តិ។ នេះបើតាមការវិភាគរបស់អគ្គនាយកគេហទំព័រ Propertyarea.asia លោកយិន លាងគង់។
លោកបន្តថា “ការកើនឡើងតម្លៃដីធ្លី ក៏អាស្រ័យលើតម្រូវការផងដែរ ប៉ុន្តែជាក់ស្តែងតម្រូវការដីធ្លីពិតជាបានកើនឡើង និងចរន្តអភិវឌ្ឍន៍បានបង្ហាញភាពសកម្មនៅតំបន់នេះ” ៕