ឧកញ៉ា​កាង សុធី​បង្ហាញ​វិធីសាស្ត្រ​បី​ចំណុច​ដើម្បី​កសាង​ទ្រព្យ​ពី​ភាពជាភ្នាក់ងារ​អចលនទ្រព្យ

0

ដោយៈ​គង់ សូរិយា

ភ្នំពេញៈ ការធ្វើជា​ភ្នាក់ងារ​អចលនទ្រព្យ​ម្នាក់ ជា​រឿង​សាមញ្ញ ងាយ​ធ្វើ ប៉ុន្តែ​មិន​ប្រាកដថា ជោគជ័យ​ដោយងាយៗនោះទេ ប្រសិនជា​អ្នក​គ្មាន​វិធីសាស្ត្រ​ច្បាស់លាស់។

ឧកញ៉ា​កាង សុធី​អគ្គនាយក​ក្រុមហ៊ុន Century21 Land Stationបាន​បង្ហើប​ពី​វិធីសាស្ត្រ​មួយចំនួន ដើម្បី​ក្លាយជា​ភ្នាក់ងារ​អចលនទ្រព្យ​បាន​ដោយ​ជោគជ័យ អ្នកជា​ភ្នាក់ងារ​ត្រូវតែ​ប្រកាន់​គោលការណ៍​មួយចំនួន​ដូចជា

ភាពស្មោះត្រង់

លោក​ឧកញ៉ា​បាន​មានប្រសាសន៍​ឲ្យ​ដឹងថា គ្រប់មុខ​ជំនួញ​ភាពស្មោះត្រង់​សំខាន់​ណាស់ បើ​គ្មាន​ភាពស្មោះត្រង់​យើង​មិន​ទទួលបាន​ជោគជ័យ​ទេ ពិសេស​ក្នុង​វិស័យ​អចល​ទ្រព្យ។ លោក​បន្តថា ក្នុងនាម​ជា​ភ្នាក់ងារ​អចលនទ្រព្យ​យើង​មិនត្រូវ លោភលន់ ដោយ​ដាក់​តម្លៃបន្ថែម​លើ​តម្លៃ​អចលនទ្រព្យ​ណាមួយ ហើយ​នាំ​ភ្ញៀវ​ទៅ​ទិញ​នោះទេ ព្រោះ​ការដាក់​តម្លៃបន្ថែម នឹងធ្វើ​ឲ្យ​បាត់បង់​គុណ​តម្លៃ​របស់​យើង គេ​លែង​ទុកចិត្ត​យើង និង​លែង​ប្រើ​យើង​តទៅទៀត។

ផ្ទុយទៅវិញ បើ​យើង​មាន​ភាពស្មោះត្រង់ មិន​ស៊ី​លើ​ស៊ី​ក្រោម យកតែ​កម្រៃជើងសារ​តែ៣ភាគរយ តិច​ឬ​ច្រើនជាង​នេះ យើង​នឹង​ទទួលបាន​ការជឿទុកចិត្ត ហើយ​ភ្ញៀវ​ត្រលប់មក​ប្រើ​សេវាកម្ម​យើង​បន្តទៀត។

ភាពស្មោះត្រង់​ធ្វើ​ឲ្យ​យើង​មាន​ចំណូល​និង​ការងារ​ច្រើន

នៅពេល​យើង​នាំ​ភ្ញៀវ​ទៅ​ទិញ​ដី​កន្លែង​ណាមួយ យើង​នឹង​បាន​កម្រៃជើងសារ​ម្តង ពី​ម្ចាស់​ដី អ្នកទិញ​ដី​ឬ​អចលនទ្រព្យ​ដទៃទៀត​តាម​យើង ពេល​គេ​ទទួលបាន​ផលចំណេញ​លក់​ចេញ​ទៅវិញ យើង​នឹង​បាន​កម្រៃជើងសារ​ម្តងទៀត។ ហេតុនេះ​បើ​យើង​មាន​ម៉ូយ​ឬ​ភ្ញៀវ​ប្រើ​យើង​ជាប្រចាំ តែ៥ទៅ១០នាក់ យើង​មិន​ខ្វះ​ការងារ និង​មិន​ខ្វះ​ចំណូល​នោះទេ។

រក​អចលនទ្រព្យ​ពិសេស​ជូន​ភ្ញៀវ

ឧកញ៉ា​កាង សុធី​បាន​បន្តថា ការរក​អចលនទ្រព្យ​ជូន​ភ្ញៀវ មិនមែន​យើង​ចេះតែ​រក ចេះតែ​ជំរុញ​ឲ្យ​គេ​ទិញ​នោះទេ ហេតុនេះ​យើង​ត្រូវ​សិក្សា​ឲ្យ​បានច្បាស់់លាស់​ថា តើ​អចលនទ្រព្យ​នោះ​មាន​សក្តានុពល និង​ផ្តល់​ផលចំណេញ​រយៈពេល​វែង ឬ​រយៈពេល​ខ្លី បើ​ចំណេ​ញ​ក្នុង​រយៈពេល​ណាមួយ យើង​ត្រូវ​ប្រាប់​ភ្ញៀវ​ឲ្យ​បាន​ត្រឹមត្រូវ និង​ដោយ​ភាពស្មោះត្រង់។

ពេល​យើង​ធ្វើបាន​បែបនេះ ភ្ញៀវ​ចំណេញ​នឹង​ផ្តល់​កម្រៃជើងសារ​ឲ្យ​យើង​លើសពី​អ្វី ដែល​យើង​ត្រូវ​ទទួលបាន ក៏​អាច​ថា​បាន ហើយ​យើង​នឹង​ទទួលបាន​ទំនុកចិត្ត​ពី​ភ្ញៀវ​របស់​យើង​កាន់តែច្រើន មាន​ការងារ​កាន់តែច្រើន និង​រកបាន​ចំណូល​កាន់តែច្រើន។

លោក​ឧកញ៉ា​បាន​បន្តថា “នៅក្នុង​មុខ​ជំនួញ អ្នក​ត្រូវតែមាន​ភាពស្មោះត្រង់ ព្រោះ​ភាពស្មោះត្រង់​នឹងធ្វើ​ឲ្យ​អ្នកទទួលបាន​ទំនុកចិត្ត និង​ជោគជ័យ​ក្នុង​អាជីព” ។ លោក​បន្តថា “ដោយសារ​ប្រកាន់​គោលការណ៍​នេះ ភ្ញៀវ​ជាច្រើន​បាន​បោះ​លុយ​ឲ្យ​លោក​ទិញ​ដី​ជូន​ពួកគាត់ ដោយ​ពួកគាត់​មិន​ទៅ​មើល​ដី​ផង ផ្ទុយទៅវិញ​ពួកគាត់​រង់ចាំតែ​យក​ផលចំណេញ និង​ពី​សេវាកម្ម ដែល​យើង​ផ្តល់ជូន​ពួកគាត់​ប្រកបដោយ​ទំនុកចិត្ត និង​ភាពកក់ក្តៅ” ៕

LEAVE A REPLY

Please enter your comment!
Please enter your name here