ដោយៈ គង់ សូរិយា
ភ្នំពេញៈ ក្រុមហ៊ុន LSCG បានឈ្នះការដេញថ្លៃ ក្នុងការផ្គត់ផ្គង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ដែលជាព្រលានយន្តហោះធំលំដាប់ទី៩នៅលើពិភពលោក ដែលបាននិងកំពុងសាងសង់យ៉ាងសកម្មដោយអធិរាជអាឌកឺ គឺក្រុមហ៊ុនរបស់អ្នកឧកញ៉ា ពុង ឃាវសែ។
លោកលី សុខឆាយ អគ្គនាយកក្រុមហ៊ុន LSCG បានមានប្រសាសន៍ឲ្យដឹងកាលពីព្រលប់ថ្ងៃទី៤ មេសា កន្លងមកថា ការដេញថ្លៃនេះ ក្រុមហ៊ុន LSCG នឹងផ្គត់ផ្គង់លើសម្ភារៈសំណង់ ធនធានបច្ចេកទេសទាំងក្នុងនិងក្រៅស្រុក គ្រឿងចក្រ ដើមទុន ដើម្បីចូលរួមជួយដល់ការពន្លឿនដំណើរការនៃការសាងសង់ ព្រលានយន្តហោះនេះឲ្យទទួលបានជោគជ័យតាមផែនការដែលបានគ្រងទុក។
លោកបន្តថា “ជាមនោតនភាពដែល ក្រុមហ៊ុន LSCG បានចូលរួមដើរតួនាទីជាផ្នែកមួយ ក្នុងនាមវិស័យឯកជន ដើម្បីជួយដល់រដ្ឋាភិបាល និងម្ចាស់គម្រោង ឲ្យសម្រេចបានជោគជ័យធំធេងបន្ថែមទៀត” ។ លោកបន្តថា “ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ជាផ្នែកមួយនៃកិត្យានុភាពជាតិ ដែលនឹងចូលរួមលើកកំពស់សេដ្ឋកិច្ចសង្គម និងរុញកម្ពុជាទៅកាន់លំដាប់ថ្មីមួយទៀតលើឆាកអន្តរជាតិ” ។
គំរោងព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី វិនិយោគដោយក្រុមហ៊ុន OCIC សហការជាមួយក្រុមហ៊ុនចិន ដោយបោះទុនវិនិយោគទំហំ១៥០០លានដុល្លារអាមេរិក លើផ្ទៃដី២៦០០ហិកតា។
ក្រុមហ៊ុន LSCG ជាក្រុមហ៊ុនក្នុងស្រុកដ៏ល្បីមួយ ដោយសារការធ្វើការងារប្រកបដោយក្រមសីលធ៌មវិជ្ជាជីវៈ ដែលធ្វើឲ្យថ្នាក់ដឹកនាំក្រុមហ៊ុននេះទទួលបានទំនុកចិត្តពីអ្នកឧកញ៉ា លោកឧកញ៉ាធំៗនៅកម្ពុជា និងអ្នកវិនិយោគអន្តរជាតិ ពិសេសអ្នកវិនិយោគចិនជាបន្តបន្ទាប់ ដែលធ្វើឱ្យខ្លួនទទួលបានការគាំទ្រខ្លាំងពីដៃគូសហការទាំងក្នុងនិងក្រៅស្រុក រហូតប្រែក្លាយខ្លួនមានឱកាសចូលរួមអភិវឌ្ឍន៍គម្រោងធំដ៏មហិមាជាមួយអ្នកឧកញ៉ា ពុង ឃាវសែ ហើយលោក លី សុខឆាយ ក៏ជាបុគ្គលទី១ ដែលបានការអនុមោតដោយគណៈកម្មធិការរបស់អ្នកឧកញ៉ា ចំពោះការសរសេរផែនការអាជីវកម្មរបស់ខ្លួន៕