ដោយៈគង់ សូរិយា
ភ្នំពេញៈ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែងថា រាជរដ្ឋាភិបាលបានត្រៀមខ្លួនរួចហើយ សម្រាប់ការពន្យាពេលការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ បើសិនជាគ្មានការចូលរួមរបស់ប្រជាពលរដ្ឋ ធ្វើឲ្យការប្រយុទ្ឋប្រឆាំងជំងឺកូវីដ១៩គ្មានប្រសិទ្ឋភាព។
សម្តេចតេជោហ៊ុន សែន បានមានប្រសាសន៍ផ្សាយបន្តផ្ទាល់ លើបណ្តាញទំនាក់ទំនងសង្គមរបស់សម្តេចអំបាញ់ម៉ិញនេះថា រាជរដ្ឋាភិបាលបានត្រៀមខ្លួនររួចហើយ ដើម្បីពន្យាពេលបិទខ្ទប់រយៈពេល១៤ ទៅ២៨ថ្ងៃ ឬអាចពន្យាពេលដល់៣ខែ បើទោះបីជាការបិទខ្ទប់មានផលប៉ះពាល់ដល់សេដ្ឋកិច្ច សង្គមយ៉ាងណាក្តី។
សម្តេចបន្តថា “ការចរាចរណ៍មនុស្សតាមដងផ្លូវនៅតែមាន ដែលខ្ញុំសូមបញ្ជាក់ទៅអាជ្ញាធរម្តងទៀត គឺត្រូវឲ្យប្រជាពលរដ្ឋនៅផផ្ទះ ភូមិណា នៅស្រុកណា នៅស្រុកនោះ ក្នុងរយៈពេល១៤ថ្ងៃ គឺមានករណីលើកលែង តែមិនមែនចេះតែលើកលែងទេ” ។ សម្តេចបន្តថា “ខ្ញុំសូមបញ្ជាក់ជូនថា បើសិនជារយៈពេល១៤ថ្ងៃហើយ បងប្អូននៅតែបំពាន ហើយសភាពការណ៍៍មិនថយចុះ ខ្ញុំនឹងអូសបន្លាយពេលបិទទីក្រុងភ្នំពេញ ក្រុងតាខ្មៅ និងបិទខេត្តមួយចំនួនទៀត យោងលើការចាំបាច់” ។
សម្តេចបន្តថា បើគ្មានការចូលរួមពីប្រជាពលរដ្ឋទេ ហើយបើសិនជាគ្មានការចូលរួមអនុវត្តន៍ពីសមត្ថកិច្ចនគរបាល អាវុធហត្ថ និងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ទេនោះ និងកិច្ចសហការពីប្រជាពលរដ្ឋទេ យើងនឹងមិនទទួលបានជោគជ័យបានទេ” ។ សម្តេចបន្តថា “ឥលូវដាច់ខាត មិនឲ្យមនុស្សចេញពីក្រុងភ្នំពេញ និងមិនអនុញ្ញាត្តឲ្យចូលក្រុងភ្នំពេញទេ និងអ្នកចាកចេញត្រូវទៅស្រុក ត្រូវនៅទីនោះរយៈពេល១៤ថ្ងៃ ទំរាំក្រុងអាចបើកវិញ” ។
សម្តេចបន្តថា “ការធ្វើបែបនេះ គឺកាត់ផ្តាច់ការចំលងពីផ្ទះមួយទៅផ្ទះមួយ ពីស្រុកមួយទៅស្រុកមួយ និងពីខេត្តមួយទៅខេត្តមួយ” ។ សម្កេចបន្តថា “គ្មានការយោគយល់ទៀតទេ ត្រូវតែអនុវត្តន៍ច្បាប់់ មិនត្រូវមានមនោសញ្ចេតនាទេ បើមនោសញ្ចេតនានោះ បំផ្លាញដល់ប្រទេសជាតិ” ៕