ផ្សារ​ហ៊ុន​នៅក្នុង​សង្កាត់​ដ៏​ល្បីល្បាញ​នៃ​ទីក្រុង​ញូវយ៉ក​បាន​ដាំ​ក្បាល​ចុះ

0

ដោយ សុខុម

ញូវយ៉កៈ  ទីផ្សារ​ភាគហ៊ុន​របស់​សហរដ្ឋអាមេរិក បាន​ដាំ​ក្បាល​ចុះ​កាលពី​ថ្ងៃ​ច័ន្ទ ទី១៩ មេសា ក្រោយ​ហក់​ឡើង​ខ្ពស់​មិន​ធ្លាប់មាន​កាលពី​សប្ដាហ៍​មុន ខណៈ​ភាគហ៊ុន​នៃ​ក្រុមហ៊ុន Tesla Inc របស់​កំពូល​មហាសេដ្ឋី Elon Musk បាន​ដាំ​ក្បាល​ចុះ ក្រោយ​មាន​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ដែល​បណ្ដាលឱ្យ​មនុស្ស​ស្លាប់។ នេះ​បើ​យោងតាម​សារព័ត៌មាន The Edge Markets ចុះផ្សាយ​នៅ​ថ្ងៃទី២០ មេសា នេះ។

ភាគហ៊ុន​របស់​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​មួយ​នេះ​បាន​ធ្លាក់ចុះ៣.៤% បន្ទាប់ពី​រថយន្ត Tesla ដែល​គេ​ជឿថា​អាច​បើកបរ​ដោយ​ស្វ័យប្រវត្តិ​ដោយ​មិនចាំបាច់​មាន​តៃកុង បាន​ជួប​គ្រោះថ្នាក់​បុក​ដើមឈើ​កាលពី​ថ្ងៃ​សៅរ៍ ចុង​សប្ដាហ៍​កន្លងទៅ​នៅ​ភាគ​ខាងជើង​នៃ​ទីក្រុង​ហ៊ូ​ស្តុ​ន (Houston) រដ្ឋ​តិច​សាស សហរដ្ឋអាមេរិក បណ្ដាលឱ្យ​អ្នកជិះ២នាក់​បាត់​បង់ជីវិត។

ភាគហ៊ុន​ក្រុមហ៊ុន​នេះ​មាន​ចំណែក​ធំ​បំផុត​នៅ​ផ្សារភាគហ៊ុន S&P 500 និង​ផ្សារភាគហ៊ុន Nasdaq Composite Index ។ ការធ្លាក់ចុះ៨,៤%កាលពី​ចុង​សប្តាហ៍​កន្លងទៅ​នូវ​តម្លៃ​រូបិយប័ណ្ណ​អេ​ឡិច​ត្រូ​និ​ច Bitcoin ដែល​ក្រុមហ៊ុន Tesla ក៏មាន​ការវិនិយោគ​ដែរនោះ ក៏​រួមចំណែក​ធ្វើឱ្យ​តម្លៃ​ភាគហ៊ុន​របស់ខ្លួន​ធ្លាក់ចុះ​ផងដែរ។

ផ្សារភាគហ៊ុន S&P 500 បាន​ធ្លាក់ចុះ​ច្រើនជាងគេ ដោយ​ភាគហ៊ុន​របស់​ក្រុមហ៊ុន Microsoft Corp ក្រុមហ៊ុន Amazon.com Inc និង​ក្រុមហ៊ុន Nvidia Corp ក៏បាន​ធ្លាក់ចុះ​ដែរ ខណៈ​ក្រុមអ្នកវិភាគ​កំពុង​សញ្ជឹង​រង់ចាំ​អ៊ុត​លទ្ធផល​ប្រាក់ចំណូល​នៅ​សប្តាហ៍​នេះ និង​សប្ដាហ៍​ក្រោយ។

យោងតាម​ទិន្នន័យ​របស់​ក្រុមហ៊ុន​ផ្ដល់​ទិន្នន័យ​ហិរញ្ញវត្ថុ និង​ហេដ្ឋារចនាសម្ព័ន្ធ​ពិភពលោក Refinitiv IBES បង្ហាញថា ក្រុមអ្នកវិភាគ​រំពឹងថា ប្រាក់ចំណូល​នៅ​ត្រីមាស​ទី១ដើមឆ្នាំ​នេះ​នឹង​កើនឡើង៣០,៩%ធៀប​នឹង​ឆ្នាំ​មុននេះ។

អចលនទ្រព្យ​គឺជា​វិស័យ​តែមួយគត់​ក្នុងចំណោម​វិស័យ​ទាំង១១នៅ​ផ្សារភាគហ៊ុន S&P 500 ដែល​បាន​ហក់​ឡើង។

ក្រុមហ៊ុន Nvidia បាន​ដាំ​ក្បាល​ចុះ៣.៥% បន្ទាប់ពី​រដ្ឋាភិបាល​អ​ង់​គ្លេ​ស បាន​និយាយថា ខ្លួន​នឹង​ពិនិត្យ​វាយតម្លៃ​ផលប៉ះពាល់​ដល់​សន្តិសុខ​ជាតិ​ជុំវិញ​បញ្ហា​ក្រុមហ៊ុន​នេះ​ទិញយក​ក្រុមហ៊ុន​ឌី​ហ្សា​ញ​បន្ទះ​ឈី​ប​អង់គ្លេស ARM Holdings ក្នុងតម្លៃ៤០ពាន់​លាន​ដុល្លារ។

ភាគហ៊ុន​ក្រុមហ៊ុន Coca-Cola បាន​ហក់​ឡើង០,៦%ដោយសារ​ការបន្ធូរបន្ថយ​វិធានការ​ទប់ស្កាត់​ការឆ្លង​រាតត្បាត​វីរុស​កូ​វីដ-១៩ និង​ការ​ចែកចាយ​វ៉ាក់សាំង​យ៉ាង​ទូលំទូលាយ។ ភាគហ៊ុន​របស់​ក្រុមហ៊ុន​ផលិត​បន្ទះ​ឈី​ប International Business Machine Corp បាន​ធ្លាក់ចុះ០,៤% ។

ទន្ទឹមនេះ ផ្សារភាគហ៊ុន Dow Jones Industrial Average បាន​ធ្លាក់ចុះ០,៣៦% ហើយ​ផ្សារភាគហ៊ុន S&P 500 បាន​ធ្លាក់ចុះ០.៥៣% ចំណែកឯ​ផ្សារភាគហ៊ុន Nasdaq Composite បាន​ធ្លាក់ចុះ០.៩៨% ។

យោងតាម​ទិន្នន័យ​បង្ហាញថា ទីផ្សារ​ភាគហ៊ុន​នៅ​សហរដ្ឋអាមេរិក មាន​ភាគហ៊ុន​រហូតដល់​ទៅ៩,៨៦ពាន់​លាន​ហ៊ុន៕

LEAVE A REPLY

Please enter your comment!
Please enter your name here