ក្រុម​ហ៊ុ​សិង្ហ​បុរី​និង​ចិន​ចុះ MOU ដើម្បី​សាងសង់​កសិដ្ឋាន​សូ​ឡា​តម្លៃ២០០លានដុល្លារ​នៅ​កម្ពុជា

0

ដោយៈ ម៉ា​ណេ​ត

ភ្នំពេញៈ ក្រុមហ៊ុន HLH Agriculture (ខេ​ម​បូ​ឌា) ដែល​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន Hong Lai Huat Group មាន​មូលដ្ឋាន​នៅ​សិង្ហ​បុរី បាន​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា (MOU) មិន​ជាប់​កាតព្វកិច្ច (Non-binding MoU) ជាមួយ​ក្រុមហ៊ុន China Machinery Engineering Corporation (CMEC) លើ​គម្រោង​កសិដ្ឋាន​ថាមពល​ពន្លឺព្រះអាទិត្យ (សូ​ឡា) តម្លៃ២០០លាន​ដុល្លារ​នៅ​កម្ពុជា។

ដោយ​អនុលោម​តាម​អនុស្សរណៈ​យោគយល់ ក្រុមហ៊ុន Hong Lai Huat និង​ក្រុមហ៊ុន CMEC ដែល​ចុះបញ្ជី​នៅ​ហុងកុង នឹង​បង្កើត​អង្គភាព​ពិសេស​មួយ (SPV) ដើម្បី​អភិវឌ្ឍ និង​ប្រតិបត្តិការ​លើ​កសិដ្ឋាន​ថាមពល​ពន្លឺព្រះអាទិត្យ ដែលមាន​ថាមពល២០០មេ​ហ្គា​វ៉ា​ត់ នៅឯ​គម្រោង​ឱ​រ៉ា​ល់​អេកូ​ស៊ី​ធី ក្នុង​ខេត្តកំពង់ស្ពឺ ដែលជា​ម្រោ​ង​អភិវឌ្ឍន៍​របស់​ក្រុមហ៊ុន Hong Lai Huat នៅ​កម្ពុជា។ នេះ​បើ​យោងតាម​ការចេញផ្សាយ​នៅ​របស់​សារព័ត៌មាន The Edge Singapore នៅ​ថ្ងៃ​យប់​ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ ។

កិច្ចសហការ​ប្រតិបត្តិ​ការ​រវាង​ក្រុមហ៊ុន​ទាំងពីរ នឹងមាន​រយៈពេល​យ៉ាងតិច២០ឆ្នាំ ដោយ​សិទ្ធិ​បន្ត​កិច្ចសន្យា អាចមាន​រយៈពេល២០ឆ្នាំ​ទៅទៀត។

នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​មួយ​ចុះ​ថ្ងៃទី២៦ ខែមេសា ក្រុមហ៊ុន Hong Lai Huat បាន​បញ្ជាក់ថា តម្លៃ​វិនិយោគ ត្រូវបាន​វាយតម្លៃ​មានតម្លៃ​ប្រមាណ២០០លាន​ដុល្លារ​អាមេរិក (២៦៥,៨ លាន​ដុល្លារ​សិង្ហ​បុរី)។

នៅពេល​បញ្ចប់​ការសាង់សង់ គម្រោង​កសិដ្ឋាន​ថាមពល​ពន្លឺព្រះអាទិត្យ​នេះ នឹង​ផ្គត់ផ្គង់​អគ្គិសនី​ដល់​បណ្តាញ​អគ្គិសនី​កម្ពុជា ដែល​គ្រប់គ្រង​ដោយ​រដ្ឋ​អគ្គិសនី​កម្ពុជា ក្រោ ម​កិច្ចព្រមព្រៀង​ទិញ​ថាមពល (PPA) រវាង​អង្គភាព SPV និង​អគ្គិសនី​កម្ពុជា។

ប្រាក់ចំណូល ដែល​បាន​បង្កើត​នៅក្រោម​កិច្ចព្រមព្រៀង PPA នឹងត្រូវ​បាន​ចែករំលែក​រវាង​ក្រុម Hong Lai Huat និង​ក្រុមហ៊ុន CMEC។

ក្រុមហ៊ុន ក៏​នឹងមាន​សិទ្ធិ​ដំបូង​ក្នុង​ការទិញ​អគ្គិសនី ពី​កសិដ្ឋាន​ថាមពល​ពន្លឺព្រះអាទិត្យ​នេះ ក្នុង​អត្រា​ដូចគ្នា ដែល​ផ្គត់ផ្គង់​អគ្គិសនី​ដល់​អគ្គិសនី​កម្ពុជា។ ក្រុមហ៊ុន Hong Lai Huat បានឱ្យដឹងថា នេះ​នឹង​ជួយ​ឱ្យ​ការផ្គត់ផ្គង់​អគ្គិសនី​មាន​និរន្តរភាព និង​មាន​ស្ថេរភាព​សម្រាប់​វិនិយោគិន ដែល​បង្កើត​មូលដ្ឋាន​នៅ​គម្រោង​ឱ​រ៉ា​ល់​អេកូ​ស៊ី​ធី។

កិច្ចព្រមព្រៀង ដែល​ជាប់​កាតព្វកិច្ច ឬ​ផ្លូវការ ដែល​កំណត់​នូវ​ភាព​លំអិត​នៃ​ភាពជា​ដៃគូ​រវាង​ក្រុមហ៊ុន ត្រូវបាន​រំពឹងថា​នឹងត្រូវ​ចុះហត្ថលេខា​ក្នុង​រយៈពេល៩០ ថ្ងៃ​ខាងមុខ។

លោក Ong Jia Jin អគ្គនាយក និង​ជានា​យក​ប្រតិបត្តិ​ក្រុមហ៊ុន Hong Lai Huat មានប្រសាសន៍ថា កសិដ្ឋាន​ថាមពល​ពន្លឺព្រះអាទិត្យ​នេះ នឹងមាន​ទំហំ​ធំជាងគេ​នៅ​កម្ពុជា។

លោក​បាន​បន្តថា “គម្រោង​កសិដ្ឋាន​ថាមពល​ពន្លឺព្រះអាទិត្យ​នេះ គឺជា​ធាតុ​សំខាន់​នៃ​គម្រោង​ទីក្រុង​ឱ​រ៉ា​ល់​អេកូ​ស៊ី​ធី និង​ផ្តល់​ថាមពល​ស្អា​តដល់​ប្រជាជន​ក្នុង​តំបន់ ដោយ​កាត់បន្ថយ​ការ​បំ​ភាយ​កាបូន​ទៅក្នុង​បរិស្ថាន ក៏ដូចជា​បង្កើន​ការធានា​ថាមពល សម្រាប់​វិនិយោគិន​នៅក្នុង​គម្រោង​ទីក្រុង​ឱ​រ៉ា​ល់​អេកូ​ស៊ី​ធី” ។

លោក Wang Haitao ប្រធាន​តំណាង​ក្រុមហ៊ុន CMEC បាន​ថ្លែងថា “ក្រុមហ៊ុន Hong Lai Huat នឹង​បំពេញបន្ថែម​នូវ​ជំនាញ​វិស្វកម្ម​របស់​យើង ដើម្បី​ធានាបាន​នូវ​ជោគ ជ័យ នៃ​គម្រោង​កសិដ្ឋាន​ថាមពល​ពន្លឺព្រះអាទិត្យ​នេះ។ ស្របតាម​ការផ្លាស់ប្តូរ​ជា​សកល​ទៅជា​ថាមពល​កកើត​ឡើងវិញ យើង​មាន​មោទនភាព ក្នុងនាម​ជា​អ្នកត្រួសត្រាយ​ម្នាក់​ក្នុងការ​ផ្តល់​ថាមពល​ស្អាត​នៅ​កម្ពុជា” ៕

LEAVE A REPLY

Please enter your comment!
Please enter your name here