ដោយៈ រ៉ាណេត
ភ្នំពេញៈ ខុសពីការលើកឡើងរបស់មជ្ឈដ្ឋានខាងក្រៅមួយចំនួនថា ទីផ្សារអចលនទ្រព្យនៅពេលបច្ចុប្បន្នកំពុងដាំក្បាលចុះ និធ្វើឱ្យតម្លៃអចលនទ្រព្យនៅលើទីផ្សារធ្លាក់ចុះយ៉ាងគំហុកដោយសារស្ថានភាពនៅពេលបច្ចុប្បន្ន អ្នកជំនាញ និងជាអ្នកតាមដាននៅក្នុងផ្នែកមួយនេះបានអះអាងថា តម្លៃអចលនទ្រព្យមិនមានការធ្លាក់ចុះខ្លាំងនោះទេ បើទោះជាការទិញលត្រូវបានកាត់បន្ថយ។
លោកសន សៀប ស្ថាបនិក និងជានាយកគ្រប់គ្រងក្រុមហ៊ុនអចលនទ្រព្យ KEY Real Estate បានមានប្រសាសន៍ប្រាប់ថានៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ថា វិបត្តិកូវីដ១៩ ពិតជាបានធ្វើឱ្យប៉ះពាល់ដល់វិស័យអចលនទ្រព្យមែន ប៉ុន្តែពាក់ព័ន្ធទៅតម្លៃអចលនទ្រព្យវិញ គឺមានការធ្លាក់ចុះតិចភាគរយបំផុត ដែលត្រូវបានធ្វើឡើងដោយម្ចាស់អចលនទ្រព្យជាលក្ខណៈបុគ្គលតែប៉ុណ្ណោះ។
លោកបញ្ជាក់ថា “វិបត្តិសេដ្ឋកិច្ចនៅពេលនេះ មិនដូចគ្នាទៅនឹងវិបត្តិដែលធ្លាប់កើតមានកាលពីឆ្នាំ២០០៨នោះទេ។ កាលពីឆ្នាំ២០០៨ តម្លៃអចលនទ្រព្យបានធ្លាក់ចុះរហូតដល់ប្រមាណ៥០ភាគរយ ហើយត្រូវចំណាយពេលជិត៤ឆ្នាំ ទើបអាចឡើងវិញបានដូចដើម” ។ លោកបន្តថា “ប៉ុន្តែសម្រាប់វិបត្តិសេដ្ឋកិច្ច ដោយសារជំងឺកូវីដនៅពេលនេះ មិនមានធ្វើឱ្យតម្លៃអចលនទ្រព្យធ្លាក់ចុះខ្លាំងនោះទេ បើមានគឺស្ថិតក្នុងលក្ខណៈបុគ្គលតិចភាគរយដែលម្ចាស់អចលនទ្រព្យ មានតម្រូវការសាច់ប្រាក់ចាំបាច់តែប៉ុណ្ណោះ” ។
លោកបញ្ជាក់ថា តម្លៃអចលនទ្រព្យមិនធ្លាក់ចុះខ្លាំងនោះទេ ផ្ទុយទៅវិញក្រោយពេលបញ្ហានៃជំងឺកូវីដ ត្រូវបានស្ងប់ស្ងាត់ទៅវិញ នោះតតម្លៃអចលនទ្រព្យអាចនឹងបន្តកើនឡើង ហើយអ្នករកទិញក្នុងតម្លៃពេលបច្ចុប្បន្ននេះ អាចមិនមានទៀតឡើយ” ។
លោកបានលើកឡើងថា មានកត្តាជាច្រើន ដែលធ្វើឱ្យតម្លៃអចលនទ្រព្យស្ថិតនៅក្នុងសភាពទ្រឹងមិនធ្លាក់ចុះ ដូចជា ការខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់ការរីករាលដាលនៅក្នុងសហគមន៍ ដែលក្រៅពីដាក់ចេញនូវវិធានការការពារ នៅមានការជំរុញទៅលើការចាក់វ៉ាក់សាំងនៅទូទាំងប្រទេស ជាពិសេសក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដែលមានប្រជាជនរស់នៅជិត៣លាននាក់ តំបន់ក្រុងតាខ្មៅ ដែលជាតំបន់សេដ្ឋកិច្ចខ្ពស់ប្រចាំខេត្តកណ្តាល រួមជាមួយបណ្តាខេត្តផ្សេងៗទៀត។
ក្រៅពីនេះ នៅមានកត្តាសំខាន់មួយទៀត ដែលជួយកម្លាំងរុញច្រានវិស័យអចលនទ្រព្យឱ្យមានភាពល្អប្រសើរ គឺការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ នៅតាមតំបន់គោលដៅសេដ្ឋកិច្ចប្រចាំប្រទេស ដូចជាផ្លូវទាំង៣៤ ខ្សែនៅក្រុងព្រះសីហនុ ផ្លូវ៣៨ខ្សែនៅខេត្តសៀមរាប ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ។ គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិតកំពុងបន្តការសិក្សា គម្រោងកែលម្អផ្លូវជាតិលេខ២ ផ្លូវជាតិលេខ២ រួមជាមួយផ្លូវសំខាន់ៗជាច្រើនទៀត។
ជាមួយគ្នានេះ ស្ថាបនិកនិងជាអគ្គនាយកគេហទំព័រ Propertyarea.asia លោកយិន លាងគង់ ដែលបានតាមដានការវិវត្តក្នុងវិស័យនេះ បានយល់ស្របនឹងការលើកឡើងខាងលើ ដោយលោកបានមានប្រសាសន៍ថា ទីផ្សារអចលនទ្រព្យកម្ពុជា ក្រោយវិបត្តិសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាកលឆ្នាំ២០០៨ បានប្រែប្រួលលើគុណភាពចំណេះដឹងរបស់ប្រជាពលរដ្ឋ ប្រែប្រួលលើនិន្នាការវិនិយោគ និងកត្តារួមផ្សំមួយចំនួនទៀត។
លោកបន្តថា “ក្តីសុទិដ្ឋិនិយមរបស់ប្រជាពលរដ្ឋ ដែលមើលឃើញរួចទៅហើយថាសេដ្ឋកិច្ចកម្ពុជានឹងងើបឡើងវិញ បានធ្វើឲ្យម្ចាស់អចលនទ្រព្យនានា សម្រេចចិត្តមិនទម្លាក់តម្លៃ ទោះបីជាទីផ្សារទិញលក់ថមថយក្តី” ។ លោកបន្តថា “កំនើនសេដ្ឋកិច្ច ជំនឿចិត្ត ចំណេះដឹង ជាពិសេសការវិនិយោគអចលនទ្រព្យ ដោយប្រើលុយផ្ទាល់ខ្លួន មិនប្រើប្រាស់លុយធនាគារ ធ្វើឲ្យម្ចាស់អចលនទ្រព្យ នៅតែរំពឹងពីផលចំណេញនាពេលអនាគត” ៕