ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ​មួយចំនួន​កំពុង​ជួប​បញ្ហា​ចរន្ត​សាច់ប្រាក់ក្នុងស្ថានភាព​បិទ​ខ្ទប់

0

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ ស្ទើរតែ​គ្រប់​ប្រភេទ​អាជីវកម្ម​ទាំងអស់ ដែលមាន​ទីតាំងនៅ​រាជធានី​ភ្នំពេញ សុទ្ធតែ​កំពុង​ទទួលរង​នូវ​ផលប៉ះពាល់ ដែល​ក្នុងនោះ​រាប់ទាំង​ប្រភេទ​ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ​ផងដែរ ដែល​កំពុង​ប្រឈម​នឹង​បញ្ហា​ចរន្ត​សាច់ប្រាក់ ខណៈដែល​ចំណូល​ពី​កម្រៃជើងសារ​នានា ត្រូវបាន​ធ្លាក់ចុះ​ស្ទើរ​ដល់​ចំណុចសូន្យ។

អគ្គនាយក​ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ Century21 Dream property លោក​គា​ម សៀក​ឡុង បាន​មានប្រសាសន៍​នៅ​ល្ងាច​ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ថា មិនមែន​ទើបតែ​ពេលនេះ​ទេ ដែល​ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ ទទួលរង​នូវ​ផលប៉ះពាល់ និង​បាត់បង់​ចំណូល​នោះ ពោលគឺ​ជួប​បញ្ហា​ចាប់តាំងពី​មានការ​ផ្ទុះឡើង​នូវ​វិបត្តិ​កូ​វីដ១៩តាំងពី​ឆ្នាំមុន​មកម្ល៉េះ។

ជាទូទៅ ចំណូល​របស់​ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ​មួយចំណែក​ធំ គឺ​បានមកពី​កម្រៃជើងសារ ក្នុង​ការណែនាំ​ស្វែងរក​អតិថិជន និង​ចរចា​ទៅលើ​ការទិញ​លក់​អចលនទ្រព្យ លុះ​ពេល​សកម្មភាព​ទិញ​លក់​មិនមាន នោះ​ចំណូល​ក្រុមហ៊ុន​ក៏ត្រូវ​បាត់បង់។

លោក​គា​ម សៀក​ឡុង បាន​មានប្រសាសន៍​បញ្ជាក់ថា “មានការ​លើកឡើងថា ស្ថិតនៅក្នុង​កំឡុងពេល​វិបត្តិ​កូ​វីដ​នេះ សម្រាប់​ភ្នាក់ងារ​អចលនទ្រព្យ នៅតែមាន​អចលនទ្រព្យ​សម្រាប់​លក់ និង​អាច​ស្វែងរក​អតិថិជន​ទិញ បាន​ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា។ ការលើកឡើង​នេះ​មាន​ជា​ចំណុច​មួយ​តូច​បំផុត” ។ លោក​បន្តថា “យើង​អាច​ផ្សព្វផ្សាយ​ពី​អចលនទ្រព្យ​បាន ប៉ុន្តែ​មិន​ប្រាកដថា អាច​លក់បាន​តាម​បច្ចេកវិទ្យា​នោះទេ ព្រោះ​អ្នកទិញ​ភាគច្រើន​គឺ​គេ​ចង់ទៅ​មើល​អចលនទ្រព្យ ដោយផ្ទាល់​សិន​មុនពេល​សម្រេចចិត្ត ដូច្នេះ​ចង់​មិន​ចង់​គឺ​ត្រូវ​មានការ​ជំនួប​ដោយផ្ទាល់ ប៉ុន្តែ​ក្នុងដំណាក់កាល​ហាមឃាត់ ការទិញ​លក់​ត្រូវបាន​កាត់ផ្តាច់” ។

ជាមួយនឹង​ការលើកឡើង​ខាងលើនេះ លោក​បាន​បញ្ជាក់ថា ភាព​ធ្ងន់ធ្ងរ​របស់​ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ​មួយចំនួន គឺ​កើតមាន​នៅក្នុងពេល​បិទ​ខ្ទប់​នេះ​តែម្ដង ដោយសារ​ម្ចាស់​ក្រុមហ៊ុន​ភាគច្រើន មិនបាន​ត្រៀមលក្ខណៈ​ទុកជាមុន រាប់ទាំង​ការរៀបចំ​ផែនការ​ការងារ ចរន្ត​ហិរញ្ញវត្ថុ​ដែល​ត្រូវ​ចំណាយ​ថេរ​ប្រចាំខែ និង​ការ​បង្វិល​សាច់ប្រាក់​នៅក្នុង​ប្រតិបត្តិការ​ក្រុមហ៊ុន។

លោក​គា​ម សៀក​ឡុង បាន​លើកឡើងថា ចាប់តាំងពី​មានការ​បិទ​ខ្ទប់​ភ្លាម មិន​ថា​ប្រាក់ចំណូល ឬ​ប្រាក់​សម្រាប់​បង្វិល​គឺ​នៅ​ទ្រឹង​តែម្ដង។ សម្រាប់​អ្នក​ដែលមាន​លុយ​ក្នុង​ដៃ​អាច​មិនសូវមាន​បញ្ហា​ធំ​នោះទេ ប៉ុន្តែ​សម្រាប់​អ្នក​ពឹង​ផ្អែកលើ ការ​បង្វិល​សាច់​ប្រាប់​ជាប្រចាំ​គឺ​ជួប​បញ្ហា ជាពិសេស​ការចំណាយ​ថេរ​ទៅលើ​ប្រាក់ខែ​បុគ្គលិក ថ្លៃឈ្នួល​ការិយាល័យ និង​ការចំណាយ​ផ្សេងទៀត ខណៈដែល​ចំណូល​ត្រូវ​បាត់បង់​ទាំងស្រុង។

លោក​បន្តថា “ជា​ដំណោះស្រាយ ក្រុមហ៊ុន​មានតែ​ព្យាយាម​កាត់បន្ថយ​ចំណាយ​ទាំងឡាយណា​ដែល​មិនចាំបាច់ ដើម្បី​អាច​ទប់​លំនឹង និង​រក្សា​បុគ្គលិក​បាន​នៅក្នុង​ដំណាក់កាល​នេះ។

ជាមួយគ្នានេះ លោកស្រី​តាំង ហួរ អគ្គនាយិកា​ក្រុមហ៊ុន AMATAK Property Service Co, Ltd បាន​ទទួលស្គាល់ថា គ្រប់គ្នា​ពិតជា​ប្រឈម​ការលំបាក ប៉ុន្តែ​យើង​មិនត្រូវ​អស់សង្ឃឹម​ទេ ព្រោះ​លោកស្រី​ជឿ​លើ​រដ្ឋាភិបាល នឹង​អាច​បញ្ចប់​ព្រឹត្តិការណ៍២០កុម្ភៈ​បាន​នាពេលឆាប់ៗនេះ។

លោកស្រី​បន្តថា “ខ្ញុំ​គាំទ្រ​រដ្ឋាភិបាល​បិទ​ខ្ទប់​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ​មួយរយៈ ដើម្បី​កាត់ផ្តាច់​ការរីក​រាលដាល​ជំងឺ​កូ​វីដ១៩ ព្រោះ​បើ​មិន​កាត់ផ្តាច់អ្វីៗនឹង​កាន់តែ​ធ្ងន់ធ្ងរ​ជាង​នេះ។លោកស្រី​បាន​លើកទឹកចិត្ត​ប្រជាពលរដ្ឋ​ខ្មែរ កុំ​មានការ​អស់សង្ឃឹម តែ​ត្រូវមាន​កំលាំងចិត្ត​តស៊ូ​បន្តទៀត ព្រោះអ្វីៗជិត​បញ្ចប់​ហើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here