ដោយៈ ម៉ាណេត
ខេត្តមណ្ឌលគិរីៈ អភិបាលខេត្តមណ្ឌលគិរី លោកស្វាយ សំអ៊ាង នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១បានបញ្ជាក់ថា ផ្លូវជាតិលេខ៧៦A គឺជាសសៃឈាមសេដ្ឋកិច្ចដ៏សំខាន់បំផុតរបស់ខេត្តមណ្ឌល គិរី ដោយបានបម្រើផលប្រយោជន៍យ៉ាងច្រើន ដល់ប្រជាពលរដ្ឋក្នុងខេត្ត។
អភិបាលខេត្តមណ្ឌលគិរីមានប្រសាសន៍បន្តថា ផ្លូវជាតិលេខ៧៦Aនេះ បានដាក់ឲ្យប្រើប្រាស់កាលពីឆ្នាំ២០១២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលរហូតមកដល់ពេលនេះ កំណាត់ផ្លូវមួយចំនួនបានរងការខូចខាត ហើយមន្ទីរសាធារណការ និងដឹកជញ្ចូនខេត្ត ក៏បានធ្វើការជួសជុលជាបន្តបន្ទាប់ផងដែរ។
លោកអភិបាលខេត្តបន្តថា “ផ្លូវជាតិលេខ៧៦Aនេះ គឺជាសសៃឈាមសេដ្ឋកិច្ចដ៏សំខាន់បំផុតរបស់ខេត្តមណ្ឌលគិរី។ ហេតុនេះបើមិនមានការយកចិត្តទុកដាក់ថែទាំ ឬជួសជុលឲ្យបានទាន់ពេលនោះទេ វាអាចធ្វើឲ្យរាំងស្ទះដល់កិច្ចការអភិឌ្ឍន៍ ស្ទើគ្រប់វិស័យរបស់ខេត្ត ជាពិសេសដោយសារតែផលប្រយោជន៍ ដែលទទួលបានពីផ្លូវជាតិមួយខ្សែនេះដ៏លើសលប់” ។
កំណាត់ផ្លូវជាតិលេខ៧៦A ត្រូវបានអាជ្ញាធរខេត្ត ធ្វើការជួសជុលឡើងវិញ ដើម្បីបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋធ្វើដំណើរ ការដឹកជញ្ជូនកសិផល និងទំនិញផ្សេងៗ សម្រាប់បម្រើសេចក្តីត្រូវការក្នុងខេត្តមណ្ឌលគិរី ដោយសារការរងការខូចខាតជាងបួនគីឡូម៉ែត្រ។
លោកអភិបាលខេត្តបានបញ្ជាដល់មន្ទីរសាធារណការ និងដឹកជញ្ចូនខេត្ត ត្រូវតែជួសជុលកំណាត់ផ្លូវជាតិនេះ ឲ្យមានគុណភាពខ្ពស់ ចៀសវាងការជួសជុលខាងមុខខូចខាងក្រោយ ដែលនាំឲ្យខាតបង់ថវិកាជាតិ ប៉ះពាល់ដល់ការធ្វើចរាចរណ៍ ជាពិសេស ប៉ះពាល់ដល់ការប្រកបរបចិញ្ចឹមជីវិតប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។
តាមការបញ្ជាក់របស់លោក រស់ គីមធន ប្រធានមន្ទីរសារធារណការ និងដឹកជញ្ជូនខេត្តមណ្ឌលគិរីបានឲ្យដឹងថា ការបើកការដ្ឋានជួសជុលនេះមានប្រវែង៤.៣៨០ម៉ែត្រ នៅចន្លោះគីឡូម៉ែត្រលេខ ៦៧+៥០០ ដល់ ៧១+៨៨០ ហើយការជួសជុលផ្លូវនេះ ជាថវិកាគម្រោងប្រចាំឆ្នាំការងារថែទាំឆ្នាំ២០២១ ដោយសារផ្លូវមានការខូចខាតធ្ងន់ធ្ងរ ទើបមន្ទីរសម្រេចជួសជុលឡើងវិញ១០០% ព្រោះស្ថានភាពផ្លូវចាស់ មានសភាពប៉ោងស្រុតរមួល ដែលមិនអាចថែទាំប្រចាំបានទេ។
កំណាត់ផ្លូវជាតិលេខ៧៦ តភ្ជាប់ខេត្តរតនគីរី និងមណ្ឌលគីរី ត្រូវបានដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការនៅខែវិច្ឆិកា ឆ្នាំ២០១៦ ។ កំណាត់ផ្លូវជាតិលេខ៧៦ ចំណាយថវិកាប្រមាណ៩២លានដុល្លារអាមេរិក មានប្រវែង ១៧២គីឡូម៉ែត្រ ដែលតភ្ជាប់ពី សែនមនោរម្យ ខេត្តមណ្ឌលគីរី ដល់ តាអង ខេត្តរតនគីរី នឹងប្រើពេលសាងសង់ប្រមាណ៤២ខែ។
ផ្លូវនេះ ជាប្រភេទក្រាលកៅស៊ូ២ស្រទាប់ ដែលត្រូវបានពង្រីកទំហំតួផ្លូវ៩ម៉ែត្រ បង្កភាពងាយស្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ៕