សកម្មភាពនៃការអភិវឌ្ឍន៍នៅទីក្រុងបូកគោចាប់ផ្ដើមមានសន្ទុះបន្ទាប់ពីសម្តេច តេជោអនុម័តជាផ្លូវការ

0

          ដោយៈវឌ្ឈនៈ

ភ្នំពេញៈ បន្ទាប់ពីរាជរដ្ឋាភិបាលបានចេញអនុក្រឹត្យ ការបង្កើតរដ្ឋបាលក្រុងថ្មីក្នុងខេត្តកំពតគឺក្រុងបូកគោរួចមក សកម្មភាពនៃការអភិវឌ្ឍក្នុងតំបន់ក្រុងថ្មីនេះ ចាប់ផ្ដើមមានសន្ទុះជាងមុន បើទោះបីជាបច្ចុប្បន្ននេះ កម្ពុជា កំពុងជួបនឹងវិបត្តិដោយសារកូវីដ១៩ក្ដី។

លោក កែវ សុជាតិប្រធានក្រុមហ៊ុនអចលនទ្រព្យ KW Cambodia ប្រចាំខេត្តកំពតបានឱ្យដឹងតាមទូរស័ព្ទនាថ្ងៃទី១២ ឧសភានេះថា តាមពិតទៅតំបន់ថ្មីនៃក្រុងបូកគោមានការអភិវឌ្ឍតាំងពីមុន មានការប្រកាសបង្កើតរដ្ឋបាលក្រុងថ្មីម្ល៉េះ ប៉ុន្តែក្រោយពេលរដ្ឋាភិបាលប្រកាសបង្កើតរដ្ឋបាលក្រុងបូកគោ ធ្វើឱ្យសន្ទុះនៃការអភិវឌ្ឍចាប់ផ្ដើមមានសន្ទុះជាងមុនបន្ថែមទៀត ទោះពេលនេះកំពុងតែមានវិបត្តិកូវីដ១៩ក្ដី ។

លោកបន្តថា “ការបង្កើតក្រុងថ្មីនៃទឹកដីខេត្តកំពត វាបានធ្វើឱ្យខេត្តកំពតកាន់តែមានសក្ដានុពល និងមានគេស្គាល់ពីទីក្រុងថ្មីមួយនេះបន្ថែមទៀត ហើយនឹងអាចទាក់ទាញវិនិយោគិនក្នុងស្រុក បណ្ដាក់ទុនវិនិយោគបន្ថែមទៀតផងដែរ ជាពិសេសគម្រោងអចលនទ្រព្យ ដែលគាំទ្រដល់វិស័យទេសចរណ៍ វិស័យឧស្សាហកម្មតំបន់សេដ្ឋកិច្ចពិសេស  និងកំពង់ផែជាដើម”។លោកថា “ការទិញលក់ដីធ្លី នៅក្នុងក្រុងថ្មីនៃខេត្តកំពតអាចនឹងមានសន្ទុះកាន់តែច្រើនថែមទៀត បើសិនជាមិនមានការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ក៏ដូចជាតំបន់មួយចំនួននោះទេ ព្រោះម្ចាស់លុយធំៗភាគច្រើនជាអ្នកនៅភ្នំពេញ ហើយនៅពេលមានបញ្ហាបែបនេះ គេក៏ទុកលុយរបស់គេសិនទៅ”។

លោកកែវ សុជាតិបានបន្ថែមថា នៅក្នុងតំបន់ថ្មីនេះដែរ បើទោះបីជាមានការបិទខ្ទប់តំបន់ខ្លះនៅកម្ពុជា តែគម្រោងអភិវឌ្ឍន៍មួយចំនួននៅក្នុងទឹកដី នៃក្រុងបូកគោនៅតែបន្តការអភិវឌ្ឍទាំងយប់ទាំងថ្ងៃ ដើម្បីបញ្ចប់គម្រោងរបស់ខ្លួនទៅតាមផែនការ តែគម្រោងដែលមានទើបចាប់ផ្ដើមហើយ ម្ចាស់គម្រោងជាប់នៅក្នុងតំបន់បិទខ្ទប់ឃើញថា បានផ្អាកសកម្មភាពខ្លះៗដែរ ក្នុងរយៈពេលបិទខ្ទប់ និងចាប់ផ្ដើមមានសន្ទុះឡើងវិញ ក្រោយបញ្ចប់ការបិទខ្ទប់ ។

ជាមួយគ្នានេះ លោកគឹម សង្គ្រាម ភ្នាក់ងារអចលនទ្រព្យប្រចាំខេត្តកំពតមួយរូបដែរនោះបានឱ្យដឹងដែរថា ការបង្កើតក្រុងថ្មីច្បាស់ណាស់វានឹត្រូវការដី សម្រាប់អភិវឌ្ឍអគាររដ្ឋបាលសម្រាប់ធ្វើការ និងការិយាល័យផ្សេងៗទៀតនៃក្រុងថ្មីនេះ ។ សម្រាប់វិស័យឯកជនក៏ដូចគ្នា ពួកគេនឹងចាប់ផ្ដើមសម្លឹងមើលទៅទីតាំងណា ដែលគួរវិនិយោគនិងមានសក្ដានុពលខ្ពស់សម្រាប់ការវិនិយោគរបស់ពួកគេ ។

លោកបន្តថា ចាប់តាំងពីមានការបិទខ្ទប់មក គម្រោងមួយចំនួនត្រូវបានផ្អាកតែមួយចំនួននៅតែបន្ត ហើយជាពិសេសនោះ ក្រោយពេលរដ្ឋាភិបាលប្រកាសបញ្ចប់ការបិទខ្ទប់ សកម្មភាពនៃការទិញ លក់ អចលនទ្រព្យជាពិសេសដីធ្លីក្នុងទឹកដី នៃខេត្តកំពតក៏ចាប់ផ្ដើមមានជាហូរហែឡើងវិញម្ដងបន្តិចៗ និងសង្ឃឹមថានឹងមានសន្ទុះងើបឡើងបន្តទៀតពេលវិបត្តិនៃជំងឺកូវីដ១៩បានកាត់បន្ថយ។

អគ្គនាយកក្រុមហ៊ុនYoungsia Real EstateលោកColor Tanបានមានប្រសាសន៍ថា ខេត្តកំពតនឹងក្លាយជាខេត្តដែលមានការអភិវឌ្ឈយ៉ាងលឿន ក្នុងរយៈពេល៣ទៅ៥ឆ្នាំខាងមុខ ពិសេសការអភិវឌ្ឈទីក្រុងបូកគោ នឹងធ្វើឲ្យខេត្តនេះពង្រីកនូវសក្តានុពលបន្ថែមទៀត ហើយក្រុងកំពត នឹងក្លាយជាក្រុងគុជថ្មីមួយនាតំបន់ឆ្នេរនាពេលអនាគត។

លោកបន្តថា “បច្ចុប្បន្នខេត្តកំពុងពង្រីកសក្តានុពលរបស់ខ្លួន ដោយមានការសាងសង់អាគារពាណិជ្ជកម្មជាច្រើន មានគំរោងវិនិយោគតំបន់ឧស្សាហកម្ម កំពង់ផែទេសចរ​ណ៍ និងរមណីយដ្ឋានទេសចរណ៍ជាច្រើន ដែលផ្នែកទាំងនេះកំពុងរុញសក្តានុពលខេត្តនេះឈានទៅកាន់កម្រិតថ្មីមួយនាពេលអនាគត”៕

LEAVE A REPLY

Please enter your comment!
Please enter your name here