វិធីសាស្រ្តវិនិយោគអចលនទ្រព្យដ៏មានឥទ្ឋិពលរបស់មហាសេដ្ឋី លោក Warren Buffett

0

          ដោយគង់ ម៉ាលីន

ភ្នំពេញៈ លោកWarren Buffettជាកំពូលមហាសេដ្ឋីលើលោកមួយរូប ដែលទទួលបានជោគជ័យក្នុងការវិនិយោគលើវិស័យអចលនទ្រព្យ និងវិស័យផ្សេងៗទៀតជាច្រើន លោកបានប្រើប្រាស់វិធីសាស្រ្តជាច្រើន ដើម្បីទទួលបានផលពីការវិនិយោគរបស់ខ្លួន។

ជាទូទៅមហាសេដ្ឋីរូបនេះ តែងតែប្រើប្រាស់វិធីសាស្រ្តចំនួន៤ ហើយជាទូទៅលោក Warren Buffett វិនិយោគតែលើក្រុមហ៊ុន ដែលមានតម្លៃស្នូល (Intrinsic value) អាចបង្កើតកំរិតផលចំណេញបានជាទីគាប់ចិត្ត។

វិធីសាស្រ្តទី១ របស់លោក គឺមិនផ្តោតការវិនិយោគភាគហ៊ុនរបស់ក្រុមហ៊ុន ហើយដេកចាំលក់ចេញនៅពេលតម្លៃហ៊ុនឡើងថ្លៃនោះទេ។ ដូចគ្នានេះដែរ អ្នកគួរវិនិយោគលើប្រភេទអចលនទ្រព្យដែលមានតម្លៃផ្នែកសេដ្ឋកិច្ច ពោលគឺអាចរកចំណូលបាន ដូចជា ការជួលដី ឃ្លាំង។ល។ ធ្វើដូច្នេះ អ្នកមិនមែនទិញអចនទ្រព្យទុកកប់លុយចោល ហើយរង់ចាំពេលលក់យកចំណេ​ញនោះទេ។

ទី២ ចាត់ទុកការវិនិយោគលើផ្សារហ៊ុនជាមុខរបរ ៖ លោក Warren Buffett  បានចាត់ទុកការវិនិយោគជាមុខរបរ មិនមែនគ្រាន់តែទិញលក់យកចំណេញតែមួយគ្រាៗនោះទេ។ ធ្វើដូច្នេះទើបលោកអាចគ្រប់គ្រងចាត់ចែងផលបត្រ័ (Portfolio) វិនិយោគបានល្អព្រោះលោកនៅជាប់ជាមួយនឹងទីផ្សារ ហើយក្តាប់ព័ត៌មានបានច្បាស់ល្អ។

ការណ៍នេះ ផ្ទុយទាំងស្រុងពីអ្នកវិនិយោគលើផ្សារហ៊ុនទូទៅ ដោយគ្រាន់តែទិញ-លក់យកចំណេញក្នុងរយៈពេលខ្លី ហើយក្តាប់ព័ត៌មានមិនបានល្អ ដែលជាបច្ច័យនាំអោយមានការសំរេចចិត្តខុស។ ដូចគ្នានេះដែរ អ្នកវិនិយោគលើវិស័យអចលនទ្រព្យ គួរចាត់ទុកថា ការវិនិយោគរបស់ខ្លួនជាមុខរបរ ហើយកសាងសមត្ថភាពអោយខ្លាំង ជាជាងការវិនិ​យោគតាមបែបទឹកជោរទឹកនាចដូចមនុស្សទូទៅ។

ទី៣ វិនិយោគលើអ្វីដែលអ្នកស្គាល់ច្បាស់ៈ លោកមិនវិនិយោគលើវិស័យណា ដែលលោកមិនយល់ច្បាស់នោះទេ ព្រោះជៀសវាងកំហុសឆ្គងនៅក្នុងការសំរេចចិត្ត។ ដូចគ្នានេះដែរ ប្រសិនបើអ្នកចង់ឲ្យការវិនិយោគលើអចលនទ្រព្យ ទទួលបានភាពជោគ​ជ័យខ្ពស់ អ្នកគួរផ្តោតតែទៅលើប្រភេទអចលនទ្រព្យ ដែលអ្នកយល់ដឹងច្បាស់។

ឧទាហរណ៍ ដូចជាការផ្តោតលើការវិនិយោគលើដីជាយក្រុង នៅតំបន់ភ្នំប្រសិទ្ធិ ឬតំបន់អរិយ្យក្សត្រ។ល។ អ្នកនឹងមិនអាចជោគជ័យខ្លាំងនោះទេ ប្រសិនបើអ្នកធ្វើខុនដូលក់ផង និងវិនិយោគលើដីធ្លីនៅជាយក្រុងផងនោះ។

ទី៤ មានវិន័យ និងវិនិយោគសំរាប់រយៈពេលវែងៈ លោកមិនស្លន់ស្លោរ រួចលក់ហ៊ុនចេញនៅពេលដែលស្ថានភាពសេដ្ឋកិច្ច មិនសូវអំណោយផលនោះទេ។ ជាទូទៅលោកវិនិយោគរយៈពេលវែង បើស្ថានភាពសេដ្ឋកិច្ចមិនសូវល្អហើយតម្លៃហ៊ុនធ្លាក់ចុះ លោកផ្តោតលើការទិញហ៊ុនបន្ថែមក្នុងតម្លៃទាប។

ការប្រព្រឹត្តរបស់លោកផ្ទុយពីឥរិយាបទ នៃអ្នកវិនិយោគទូទៅ។ ដោយឡែកការវិនិ​យោគលើអចលទ្រព្យ ក៏គួរយកគំរូតាមលោក Warren Buffett ត្រង់ចំណុចវិន័យ និងចក្ខុវិស័យរយៈពេលវែងនេះដែរ។

អញ្ចឹងហើយយុទ្ធសាស្រ្តធនាគារដីធ្លី Land Banking ជាយុទ្ធសាស្រ្តសមស្របបំផុត ជាពិសេសសំរាប់អនុវត្តនៅប្រទេស ដែលសេដ្ឋកិច្ចមានការរីកលូតលាស់លឿនដូចប្រទេសកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here