សណ្ឋាគារ​ប្រណី​តរាង​ទឹករលក សំណង់​ស្ថាបត្យកម្ម​ដ៏​អស្ចារ្យ​នៃ​ក្រុង​ឌូ​បៃ

0

ដោយ​សុខុម

ឌូ​បៃ: ពេល​និយាយ​ដល់​អគារខ្ពស់ៗកប់​ពពក យើង​ប្រាកដជា​នឹកឃើញ​ដល់​ក្រុង​ឌូ​បៃ មុនគេ ព្រោះ​អគារ​ខ្ពស់បំផុត​លើ​ពិភពលោក​ស្ថិតនៅក្នុង​ទីក្រុង​នេះ។ ហើយ​សំណង់​ស្ថាបត្យកម្ម​ដ៏​អស្ចារ្យ​ដែលមាន​រាង​ដូច​ទឹករលក​មួយ​នេះ​ក៏​ស្ថិតនៅក្នុង​ទីក្រុង​នេះដែរ។

អគារ Jumeirah Beach Hotel គឺជា​សណ្ឋាគារ​ប្រណីត​នា​មាត់​ឆ្នេរ​ដែល​ស្ថិត​លើ​កោះ​មួយ​ក្នុង​ទីក្រុង​ឌូ​បៃ ប្រទេស​អារ៉ាប់​រួម​អេ​មី​រ៉ា​ត។ អគារ​កម្ពស់២៦ជាន់​នេះ​ត្រូវបាន​ឌី​ហ្សា​ញ​ដោយ​ក្រុមហ៊ុន​ស្ថាបត្យកម្ម​អង់គ្លេស WS Atkins និង​សាងសង់ឡើង​ដោយ​សណ្ឋាគារ & រី​ហ្សត Jumeirah ។

ដំណើរការ​សាងសង់​សណ្ឋាគារ​នេះ​បានបញ្ចប់​ជា​ស្ថាពរ​ក្នុង​ឆ្នាំ១៩៩៧ ហើយក៏​ត្រូវបាន​បើកសម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ក្នុង​ឆ្នាំ​ដដែល។

សណ្ឋាគារ​នេះ​មាន​បន្ទប់​ធម្មតា និង​បន្ទប់​ស្វី​ត (Suite) ចំនួន៥៩៨បន្ទប់ បន្ទប់​ប្រភេទ​វីឡា​ចំនួន១៩បន្ទប់ និង​ភោជនីយដ្ឋាន & បារ​ចំនួន២០ ហើយ​ដំណើរការ​ដោយ​ក្រុមហ៊ុន​គ្រប់គ្រង​សណ្ឋាគារ Jumeirah ដែលមាន​មូលដ្ឋាន​នៅ​ក្រុង​ឌូ​បៃ។

សណ្ឋាគារ​ដែល​ត្រូវបាន​ជួសជុល​កែកុន​ឡើងវិញ​ក្នុង​ឆ្នាំ២០១៨ នេះ​កាន់កាប់​ផ្ដាច់មុខ​នូវ​ទីតាំង​មួយ​លើ​ឆ្នេរ​ខ្សាច់ ហើយ​ភ្ញៀវ​ដែល​មក​ស្នាក់​នៅទីនេះ​មាន​ឆ្នេរ​ខ្សាច់​ទំហំ៣៣.៨០០ម៉ែត្រការ៉េ​សម្រាប់​លេង​ជា​លក្ខណៈ​ឯកជន។ នៅក្បែរ​សណ្ឋាគារ​នេះ​មាន​សួន​ទឹក Wild Wadi Water Park ដែល​ភ្ញៀវ​អាច​ចូល​កម្សាន្ត​ដោយ​សេរី។

វា​មានឈ្មោះ​ដើម​ថា Chicago Beach Hotel ប៉ុន្តែ​ក្រោយមក​ត្រូវបាន​ប្ដូរ​ឈ្មោះ​ថ្មី​ថា Jumeirah Beach Hotel រហូតមកទល់​បច្ចុប្បន្ន។

នៅពេល​សាងសង់​បញ្ចប់​ជា​ស្ថាពរ​ក្នុង​ឆ្នាំ១៩៩៧ សណ្ឋាគារ​កម្ពស់៩៤ម៉ែត្រ​នេះ​បាន​ក្លាយជា​អគារ​ខ្ពស់បំផុត​ទី៩នៅ​ក្រុង​ឌូ​បៃ ហើយ​បច្ចុប្បន្ន​វា​បាន​ធ្លាក់​មក​នៅ​ចំណាត់ថ្នាក់​លេខ​ជាង១០០ ។ ទោះបីជា​បែបនេះ​ក្ដី ក៏​សណ្ឋាគារ​នេះ​នៅតែ​ជា​តំបន់​ទេសចរណ៍​ដ៏​ទាក់ទាញ​មួយ​នៅក្នុង​ទីក្រុង​ឌូ​បៃ៕

LEAVE A REPLY

Please enter your comment!
Please enter your name here