ដោយសុខម
គូឡាឡាំពួ: ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Tan Sri Muhyiddin Yassin និងនាយករដ្ឋមន្ត្រីព្រុយណេ ព្រះចៅស៊ូតង់ Hassanal Bolkiah បានចេញសេចក្ដីថ្លែងការណ៍រួមមួយកាលពីថ្ងៃទី១៦ ឧសភា ដោយអំពាវនាវឱ្យសហគមន៍អន្តរជាតិរក្សាការប្ដេជ្ញាចិត្តរបស់ខ្លួនចំពោះ “ដំណោះស្រាយពីររដ្ឋ” ឆ្ពោះទៅរកការទទួលស្គាល់ឯករាជភាពរបស់រដ្ឋប៉ាឡេស្ទីន ដោយផ្អែកលើព្រំដែនមុនឆ្នាំ១៩៦៧ ដែលក្រុងហ្សេរូសាឡឹខាងកើត (East Jerusalem) ជារដ្ឋធានីរបស់ខ្លួន។
យោងតាមការសារព័ត៌មាន The Edge Markets ឱ្យដឹងថា មេដឹកនាំទាំងនេះដែលបានថ្កោលទោសធ្ងន់ៗបំផុតចំពោះការរំលោភបំពាន និងការឈ្លានពានម្តងហើយម្តងទៀតពីសំណាក់ប្រទេសអ៊ីស្រាអែល ទៅលើទឹកដីកាន់កាប់ដោយប៉ាឡេស្ទីន ក៏បានប្រកាសជំហរដែរថា ពួកលោកត្រៀមខ្លួនរួចជាស្រេចដើម្បីគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់អន្តរជាតិ ដែលមានបំណងសម្រេចឱ្យបាននូវសន្តិភាពដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ ត្រឹមត្រូវ និងយូរវង្វែងនៅតំបន់មជ្ឈិមបូព៌ា។
មេដឹកនាំទាំងនេះបានលើកឡើងថា “យើងស្នើឱ្យមហាសន្និបាតអង្គការសហប្រជាជាតិ កោះប្រជុំជាបន្ទាន់ដើម្បីដោះស្រាយស្ថានការវិវឌ្ឍន៍ដ៏ធ្ងន់ធ្ងរនេះ ហើយចេញ “សេចក្ដីសម្រេចបង្រួបបង្រួមដើម្បីសន្តិភាព” (Uniting for Peace Resolution) ជាមួយគោលបំណងបញ្ចប់អំពើឃោរឃៅដែលត្រូវបានប្រព្រឹត្តទៅប្រជាជនប៉ាឡេស្ទីន” ។
ការចេញសេចក្តីថ្លែងការណ៍រួមនេះធ្វើឡើង ខណៈអ៊ីស្រាអែល បង្កើនការវាយប្រហារប្រដាប់អាវុធកាន់តែខ្លាំងឡើងនៅក្នុងទឹកដីកាន់កាប់ដោយពួកប៉ាឡេស្ទីន។
នៅក្នុងសេចក្តីថ្លែងការណ៍នេះ មេដឹកនាំទាំងនេះក៏បានសម្តែងការព្រួយបារម្ភខ្លាំងចំពោះការតាំងលំនៅដ្ឋានដោយខុសច្បាប់ដោយពួកអ៊ីស្រាអែល ការវាយកម្ទេច និងការរឹបអូសសំណង់កាន់កាប់ដោយពួកប៉ាឡេស្ទីន នៅតំបន់វ៉េសប៊ែង (West Bank) រួមទាំងក្រុងហ្សេរូសាឡឹខាងកើត ផងដែរ។
មេដឹកនាំទាំងនេះក៏បានថ្កោលទោសយ៉ាងដាច់អហង្ការផងដែរចំពោះការរំលោភច្បាប់អន្ដរជាតិ រួមទាំងច្បាប់មនុស្សធម៌ និងសិទ្ធិមនុស្សពីសំណាក់អ៊ីស្រាអែល តាមរយៈគោលនយោបាយអមនុស្សធម៌ អាណានិគមនិយ និងប្រកាន់ពូជសាសន៍ពណ៌សម្បុររបស់ខ្លួនចំពោះពលរដ្ឋប៉ាឡេស្ទីន នៅក្នុងទឹកដីប៉ាឡេស្ទីន។
ពួកលោកចង់ឱ្យអន្តរជាតិមានវិធានការបន្ទាន់ប្រកបដោយការទទួលខុសត្រូវ ដើម្បីធានាការទទួលខុសត្រូវចំពោះការបំពានបែបនេះ ហើយបានអំពាវនាវឱ្យបញ្ឈប់ការវាយប្រហារប្រដាប់អាវុធទៅលើជនស៊ីវិល ចាត់វិធានការចាំបាច់នានាដើម្បីសម្រាលស្ថានការណ៍ដ៏តានតឹង និងឱ្យងាកមកគោរពច្បាប់អន្តរជាតិ។
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) ត្រូវបានជំរុញឱ្យចាត់វិធានការជាបន្ទាន់តាមដែលអាចធ្វើទៅបានដើម្បីធានាសុវត្ថិភាព និងការការពារជនស៊ីវិលប៉ាឡេស្ទីន នៅក្នុងទឹកដីកាន់កាប់ដោយប៉ាឡេស្ទីន៕