ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និង​ព្រុយ​ណេ ចង់ឱ្យ​សហគមន៍​អន្តរជាតិ​ជួយ​ជ្រោមជ្រែង​ទទួលស្គាល់​ឯករាជភាព​របស់​ប៉ា​ឡេ​ស្ទី​ន

0

ដោយ​សុ​ខម

គូ​ឡា​ឡាំ​ពួ: ប្រធានាធិបតី​ឥណ្ឌូនេស៊ី លោក Joko Widodo នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក Tan Sri Muhyiddin Yassin និង​នាយករដ្ឋមន្ត្រី​ព្រុយ​ណេ ព្រះ​ចៅ​ស៊ូតង់ Hassanal Bolkiah បានចេញ​សេចក្ដីថ្លែងការណ៍​រួមមួយ​កាលពី​ថ្ងៃទី១៦ ឧសភា ដោយ​អំពាវនាវ​ឱ្យ​សហគមន៍​អន្តរជាតិ​រក្សា​ការប្ដេជ្ញាចិត្ត​របស់ខ្លួន​ចំពោះ “ដំណោះស្រាយ​ពីរ​រដ្ឋ” ឆ្ពោះទៅរក​ការទទួលស្គាល់​ឯករាជភាព​របស់​រដ្ឋ​ប៉ា​ឡេ​ស្ទី​ន ដោយ​ផ្អែកលើ​ព្រំដែន​មុន​ឆ្នាំ១៩៦៧ ដែល​ក្រុង​ហ្សេ​រូ​សា​ឡឹ​ខាងកើត (East Jerusalem) ជា​រដ្ឋធានី​របស់ខ្លួន។

យោងតាម​ការ​សារព័ត៌មាន The Edge Markets ឱ្យដឹងថា មេដឹកនាំ​ទាំងនេះ​ដែល​បាន​ថ្កោលទោសធ្ងន់ៗបំផុត​ចំពោះ​ការរំលោភបំពាន និង​ការឈ្លានពាន​ម្តង​ហើយ​ម្តងទៀត​ពី​សំណាក់​ប្រទេស​អ៊ីស្រាអែល ទៅលើ​ទឹកដី​កាន់កាប់​ដោយ​ប៉ា​ឡេ​ស្ទី​ន ក៏បាន​ប្រកាស​ជំហរ​ដែរ​ថា ពួកលោក​ត្រៀមខ្លួន​រួចជាស្រេច​ដើម្បី​គាំទ្រ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​អន្តរជាតិ ដែលមាន​បំណង​សម្រេច​ឱ្យបាន​នូវ​សន្តិភាព​ដែលមាន​លក្ខណៈ​គ្រប់​ជ្រុងជ្រោយ ត្រឹមត្រូវ និង​យូរ​វ​ង្វែ​ង​នៅ​តំបន់​មជ្ឈិមបូព៌ា។

មេដឹកនាំ​ទាំងនេះ​បាន​លើកឡើងថា “យើង​ស្នើឱ្យ​មហាសន្និបាត​អង្គការសហប្រជាជាតិ កោះប្រជុំ​ជាបន្ទាន់​ដើម្បី​ដោះស្រាយ​ស្ថាន​ការ​វិវឌ្ឍន៍​ដ៏​ធ្ងន់ធ្ងរ​នេះ ហើយ​ចេញ “សេចក្ដីសម្រេច​បង្រួបបង្រួម​ដើម្បី​សន្តិភាព” (Uniting for Peace Resolution) ជាមួយ​គោលបំណង​បញ្ចប់​អំពើ​ឃោរឃៅ​ដែល​ត្រូវបាន​ប្រព្រឹត្តទៅ​ប្រជាជន​ប៉ា​ឡេ​ស្ទី​ន” ។

ការចេញ​សេចក្តីថ្លែងការណ៍​រួម​នេះ​ធ្វើឡើង ខណៈ​អ៊ីស្រាអែល បង្កើន​ការវាយប្រហារ​ប្រដាប់អាវុធ​កាន់តែខ្លាំង​ឡើង​នៅក្នុង​ទឹកដី​កាន់កាប់​ដោយ​ពួក​ប៉ា​ឡេ​ស្ទី​ន។

នៅក្នុង​សេចក្តីថ្លែងការណ៍​នេះ មេដឹកនាំ​ទាំងនេះ​ក៏បាន​សម្តែង​ការព្រួយបារម្ភ​ខ្លាំង​ចំពោះ​ការតាំង​លំនៅដ្ឋាន​ដោយ​ខុសច្បាប់​ដោយ​ពួក​អ៊ីស្រាអែល ការ​វាយកម្ទេច និង​ការ​រឹបអូស​សំណង់​កាន់កាប់​ដោយ​ពួក​ប៉ា​ឡេ​ស្ទី​ន នៅ​តំបន់​វ៉េ​ស​ប៊ែ​ង (West Bank) រួមទាំង​ក្រុង​ហ្សេ​រូ​សា​ឡឹ​ខាងកើត ផងដែរ។

មេដឹកនាំ​ទាំងនេះ​ក៏បាន​ថ្កោលទោស​យ៉ាង​ដាច់អហង្ការ​ផងដែរ​ចំពោះ​ការរំលោភច្បាប់​អន្ដរជាតិ រួមទាំង​ច្បាប់​មនុស្សធម៌ និង​សិទ្ធិមនុស្ស​ពី​សំណាក់​អ៊ីស្រាអែល តាមរយៈ​គោលនយោបាយ​អមនុស្សធម៌ អាណានិគម​និ​យ និង​ប្រកាន់ពូជសាសន៍​ពណ៌​សម្បុរ​របស់ខ្លួន​ចំពោះ​ពលរដ្ឋ​ប៉ា​ឡេ​ស្ទី​ន នៅក្នុង​ទឹកដី​ប៉ា​ឡេ​ស្ទី​ន។

ពួកលោក​ចង់ឱ្យ​អន្តរជាតិ​មាន​វិធានការ​បន្ទាន់​ប្រកបដោយ​ការទទួលខុសត្រូវ ដើម្បី​ធានា​ការទទួលខុសត្រូវ​ចំពោះ​ការបំពាន​បែបនេះ ហើយ​បាន​អំពាវនាវ​ឱ្យ​បញ្ឈប់​ការវាយប្រហារ​ប្រដាប់អាវុធ​ទៅលើ​ជន​ស៊ីវិល ចាត់វិធានការ​ចាំបាច់​នានា​ដើម្បី​សម្រាល​ស្ថានការណ៍​ដ៏​តានតឹង និង​ឱ្យ​ងាក​មក​គោរព​ច្បាប់​អន្តរជាតិ។

ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ (UNSC) ត្រូវបាន​ជំរុញ​ឱ្យ​ចាត់វិធានការ​ជាបន្ទាន់​តាម​ដែល​អាចធ្វើ​ទៅបាន​ដើម្បី​ធានា​សុវត្ថិភាព និង​ការការពារ​ជន​ស៊ីវិល​ប៉ា​ឡេ​ស្ទី​ន នៅក្នុង​ទឹកដី​កាន់កាប់​ដោយ​ប៉ា​ឡេ​ស្ទី​ន៕

LEAVE A REPLY

Please enter your comment!
Please enter your name here