ដោយៈស៊ីវ ម៉េង
ភ្នំពេញៈ អ្នកជំនាញបានអះអាងថា បើទោះបីជានៅតំបន់ដទៃតម្លៃដីបានថយចុះ ដោយសារវិបត្តិកូវីដ១៩ក្តី ប៉ុន្តែដីនៅតំបន់សំខាន់ៗចំនូន៤ នៅតែបន្តឡើងថ្លៃនាដើមឆ្នាំ២០២១នេះ។
ស្ថាបនិក និងនាយក ក្រុមហ៊ុន ឃីរៀលអេស្ទេត លោកសន សៀបបានមានប្រសាសន៍ឲ្យដឹងតាមប្រព័ន្ឋZoom នារសៀលថ្ងៃទី១៧ ឧសភានេះថា តម្លៃដីនៅទីតាំងសំខាន់ៗចំនួនបួន ដូចជា តំបន់អភិវឌ្ឍន៍ តំបន់ផ្លូវក្រវ៉ាត់ក្រុងទី៣ ផ្លូវជាតិលេខ៤១ និងផ្លូវជាតិលេខ៥១នៅតែបន្តឡើងថ្លៃ ទោះបីកម្ពុជាប្រឈមមុខនឹងវិបត្តិកូវីដក្តី។
លោកបន្តថា “ទោះបីជាស្ថិតក្នុងវិបត្តិក្តី ប៉ុន្តែដីនៅក្នុងតំបន់អភិវឌ្ឍន៍ទាំងនេះនៅតែមានការកើនឡើង ដោយសារមានតម្រូវការទិញលក់សកម្ម”។
លោកបន្តថា “ចំណែកតម្លៃដីនៅទូទាំងខ័ណ្ឌទាំង១៤ នៃក្រុងភ្នំពេញវិញ តម្លៃដីបានកើនឡើងក្នុងរង្វង់ជិត២ភាគរយផងដែរ”។
ទាក់ទងនឹងការវិវត្ត ទៅរកភាពល្អប្រសើរឡើងនៃវិស័យអចលនទ្រព្យ លោកសន សៀបបានមានប្រសាសន៍ថា បើតាមការវាយតម្លៃរបស់អ្នកជំនាញនានា ពិសេសអង្គការសុខភាពពិភពលោក ទាក់ទងនឹងស្ថានភាពនៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក យើងជឿជាក់ថាស្ថានភាពនៃវិស័យអចលនទ្រព្យ នឹងងើបមករកភាពប្រសើរឡើងនៅដើមឆ្នាំ២០២២ខាងមុខនេះ៕