ការធ្វើដំណើរ
ដោយៈលក្ខិណា
ភ្នំពេញៈ ចាប់តាំងពីរាជរដ្ឋាភិបាលបានបន្ធូរបន្ថយ នូវការរឹតបន្តឹងការធ្វើចរាចរណ៍មក សកម្មភាពរបស់ភ្នាក់ងារអចលនទ្រព្យចាប់ផ្ដើមសកម្មឡើងវិញ ដោយភ្នាក់ងារអចលនទ្រព្យ ជាពិសេសភ្នាក់លក់គម្រោងដីឡូត៍ និងផ្ទះល្វែងនៅតំបន់ជាយកក្រុង ក៏ចាប់ផ្ដើមប្រកាសលក់ជាបន្តបន្ទាប់ឡើងវិញ។
លោកហ៊ឹម ស៊ុយ( ចេ ស៊ុន )ភ្នាក់ងារអចលនទ្រព្យមួយរូបបានឱ្យដឹងនារសៀលកថ្ងៃទី១៩ ឧសភានេះថា ក្រោយរដ្ឋាភិបាលប្រកាសបិទបញ្ចប់ការបិទខ្ទប់ និងបើកឱ្យធ្វើដំណើរឆ្លងកាត់ ពីខេត្តមួយទៅខេត្តមួយ ភ្នាក់ងារលក់គម្រោងរបស់លោកក៏ចាប់ផ្ដើមប្រកាសលក់និងសម្រុកលក់សារជាថ្មី បន្ទាប់ពីស្ងប់ស្ងាត់មួយរយៈអំឡុងពេលនៃការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្ដាល។
លោកបន្តថា “ក្នុងអំឡុងពេលនៃការបិទខ្ទប់ កុំថាឡើយដល់ភ្ញៀវមកមើលគម្រោងដី សូម្បីតែភ្ញៀវត្រង់បង់រំលោះដីក៏ពិបាកដែរ ព្រោះកន្លងទៅពួកគាត់ត្រូវបង់ផ្ទាល់ៗ និងចុះមើលគម្រោងដីរបស់ពួកគាត់ដែរ តែដល់ពេលបិទការធ្វើដំណើរ ពួកគាត់ត្រូវបង់តាមភ្នាក់ងារវេរលុយជំនួសវិញ”។ លោកបន្តថា “កាលពីពេលបិទខ្ទប់ការលក់ធ្លាក់ចុះសឹងតែគ្រប់គម្រោង និងគ្រប់វិនិយោគិនទាំងអស់ តែក្រោយពេលមានការបើកចរាចរណ៍ឡើងវិញសកម្មភាពលក់ចាប់ផ្ដើមបានខ្លះៗ តែបើប្រៀបធៀបនឹងមុនពេលមានការបិទខ្ទប់និងមុនព្រឹត្តិការណ៍២០កុម្ភៈ ២០២១ ការលក់នៅមានចំនួនតិចតួចនៅឡើយ”។
ជាមួយគ្នានេះ លោកគឹម សង្គ្រាមភ្នាក់ងារអចលនវត្ថុមួយរូបបានឱ្យដឹងថា ក្នុងអំឡុងពេលរដ្ឋាភិបាល បិទការធ្វើដំណើរឆ្លងខេត្ត អ្នកទិញមិនអាចធ្វើដំណើរទៅមើលទីតាំងអចលនទ្រព្យដែលប្រកាសលក់បាន ធ្វើឱ្យការលក់មានការថមថយ។ តែបន្ទាប់ពីរាជរដ្ឋាភិបាល ប្រកាសបើកឱ្យធ្វើដំណើរឡើងវិញ អ្នកទិញអាចចេញធ្វើដំណើរទៅមើលគម្រោងទីតាំងអចលនទ្រព្យ និងចរចាជាមួយម្ចាស់ដី ដើម្បីទិញទុកអភិវឌ្ឍនៅពេលអនាគត ។
លោកបន្តថា “ក្នុងពេលបច្ចុប្បន្ននេះ អ្នកមានលុយមានឱកាសក្នុងការទិញដីតម្លៃក្រោមទីផ្សារ ព្រោះដីធ្លីខ្លះប្រកាសលក់ក្រោមតម្លៃទីផ្សារច្រើន តែបើនិយាយជាទូទៅតម្លៃវាមិនធ្លាក់នោះឡើយ គ្រាន់តែម្ចាស់ដីដែលត្រូវការលុយ គេប្រកាសលក់បន្ទាន់និងលក់ក្រោមទីផ្សារទើបមានការចរចានិងទិញ”។
ជាការកត់សម្គាល់ បច្ចុប្បន្ននេះ គេមើលឃើញថាភ្នាក់ងារអចលនទ្រព្យជាច្រើន ចាប់ផ្ដើមប្រកាសលក់គម្រោងអចលនទ្រព្យ ជាបន្តបន្ទាប់ដោយយកបណ្ដាញទំនាក់ទំនងសង្គមផ្សេងៗ សម្រាប់ការផ្សព្វផ្សាយលក់គម្រោងរបស់ខ្លួន ជាពិសេសគម្រោងអចលនទ្រព្យដែលមានតម្លៃសមរម្យ សម្រាប់គម្រោងអចលនទ្រព្យតម្លៃខ្ពស់ៗ នៅតែបន្តបាត់បង់ចំណែកទីផ្សារដដែល ក្នុងអំឡុងនៃវិបត្តិនេះ៕