តម្លៃផ្ទះមួយទឹកនៅក្រុងហុងកុង អាចហក់ឡើងដល់កម្រិតខ្ពស់បំផុត មិនធ្លាប់មាន

0

សុខុម

ហុងកុង: តម្លៃផ្ទះមួយទឹកក្នុងក្រុងហុងកុង នៅពេលនេះបានឈានដល់កម្រិតប្រហាក់ប្រហែលនឹងកម្រិត ក្នុងសម័យមុនពេលផ្ទុះមហាបាតុកម្ម ហើយអាចនឹងហក់ឡើងខ្ពស់បំផុតមិនធ្លាប់មាន នៅរយៈពេល២ខែក្រោយ។ នេះបើយោងតាមទិន្នន័យដែលត្រូវបានបញ្ចេញកាលពីថ្ងៃព្រហស្បតិ៍ ទី២៧ ឧសភា។

សារព័ត៌មាន South China Morning Post បានចុះផ្សាយក្នុងថ្ងៃដដែលថា តម្លៃផ្ទះមួយទឹកបានហក់ឡើងខែទី៤ ជាប់គ្នាកាលពីខែមេសា ក្នុងអត្រាខ្ពស់បំផុតចាប់តាំងពីខែកក្កដា ឆ្នាំ២០១៩ ហើយនេះឆ្លុះបញ្ចាំងពីការងើបឡើងវិញ នៅក្នុងទីផ្សារលំនៅដ្ឋាន និងសេដ្ឋកិច្ចរបស់ក្រុងនេះ។

ការហក់ឡើងនេះ ស្ថិតក្នុងអត្រាប្រមាណ១,៥% នៃអត្រាខ្ពស់ជាប្រវត្តិសាស្ត្រ ដែលត្រូវបានកត់ត្រាក្នុងខែឧសភា ឆ្នាំ២០១៩ មុនពេលផ្ទុះមហាតុកម្មប្រឆាំងរដ្ឋាភិបាល។

លោក Derek Chan ប្រធានផ្នែកស្រាវជ្រាវនៅក្រុមហ៊ុនអចលនទ្រព្យ Ricacorp Properties បានលើកឡើងថា “ប្រសិនបើការហក់ឡើងក្នុងខែឧសភា លើសពី១,៥% [សន្ទស្សន៍តម្លៃផ្ទះមួយទឹក] ពិតជាអាចបំបែកកំណត់ត្រានោះបាន”។ លោកបន្ថែមទៀតថា “ការហក់ឡើងនៅខែមិថុនា ដ៏ខ្លីខាងមុខនេះ ពិតជាអាចបំបែកបំណត់ត្រានោះបាន “ប្រសិនបើសន្ទុះនេះនៅដដែលដោយមិនផ្លាស់ប្តូរ”។

ប្រធានផ្នែកស្រាវជ្រាវរូបនេះមានសុទិដ្ឋិនិយម ដោយសារកត្តាមួយចំនួនដូចជា ក្រុងហុងកុង មានសមត្ថភាពអាចគ្រប់គ្រងការឆ្លងរាតត្បាតវីរុសកូវីដ-១៩ សេដ្ឋកិច្ចរបស់ក្រុងនេះកំពុងងើបឡើងជាលំដាប់ កំណើនផលិតផលសរុបក្នុងស្រុក (GDP) របស់ក្រុងនេះមានសន្ទុះលឿន ហើយអត្រាគ្មានការងារធ្វើ បានធ្លាក់ចុះរយៈពេល២ខែជាប់គ្នា។ ការឆ្លើយតបទៅនឹងគម្រោងថ្មីៗក្នុងខែនេះ ក៏ទទួលបានលទ្ធផលគួរឱ្យពេញចិត្តផងដែរ។

សន្ទស្សន៍តម្លៃផ្ទះមួយទឹកបានកើនឡើង០,៤% ដល់៣៩០,៨ពិន្ទុក្នុងខែមេសា បើធៀបនឹង៣៨៩,១ពិន្ទុក្នុងខែមីនា និងប្រមាណ១.៥%ដែលត្រូវបានកត់ត្រា ក្នុងខែឧសភា ឆ្នាំ២០១៩។

លោកDerek Chan គូសបញ្ជាក់ថា លោករំពឹងថា ការឡើងថ្លៃក្នុងខែនេះនឹងឈានដល់១,៥% ឬ១,៦%ដែលមានន័យថា សន្ទស្សន៍នេះស្ទើរតែបំបែកកំណត់ត្រា បានទៅហើយ។ ហើយប្រសិនបើសន្ទស្សន៍នេះ កើនឡើងប្រហែល១%ក្នុងខែមិថុនា វានឹងឡើងដល់៤០០ពិន្ទុដែលជាកម្រិតខ្ពស់បំផុតមិនធ្លាប់មាន។

ការអត្ថាធិប្បាយរបស់លោក Derek Chan បានបន្ទរតាមការព្យាករមួយមុននេះដោយទីភ្នាក់ងារអចលនទ្រព្យ Centaline Property Agency ដែលនិយាយថា តម្លៃផ្ទះអាចនឹងបំបែកកំណត់ត្រានៅពាក់កណ្តាលឆ្នាំ២០២១ នេះ។

លោក Louis Chan នាយកប្រតិបត្តិផ្នែកលំនៅដ្ឋាន និងជាអនុប្រធានទីភ្នាក់ងារអចលនទ្រព្យ Centaline Property Agency ប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក បានលើកឡើងថា “ទីផ្សារលំនៅដ្ឋាន បានឈានចូលដល់ដំណាក់កាលឡើងថ្លៃឥតឈប់ឈរ ក្នុងត្រីមាសទី២ ដោយតម្លៃផ្ទះអាចនឹងបំបែកកំណត់ត្រានៅខែក្រោយ”។ ទីភ្នាក់ងារនេះរំពឹងថា តម្លៃផ្ទះនឹងកើនឡើង១៥%នៅឆ្នាំនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here