ការរៀបចំ​ពិព័រណ៍​ទេសចរណ៍ បង្ហាញថា​ការបោះឆ្នោត មិន​ជះឥទ្ធិពលដល់​វិស័យនេះ

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​បាន​ថ្លែងថា ការរៀបចំ​ពិ​ព៌​ណ​ទេសចរណ៍​កម្ពុជា​លើក​ទី១ ដែល​ស្របពេល​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី ៦ ថ្ងៃទី ២៩ កក្កដា​ឆ្នាំ ២០១៨ បង្ហាញ​ឃើញ​អោយ​ច្បាស់​ថា ការបោះឆ្នោត​មិនបាន​ជះឥទ្ធិពល​ប៉ះពាល់​ដល់ វិស័យ​ទេសចរ​កម្ពុជា​នោះទេ។

មានប្រសាសន៍​ឲ្យ​ដឹង​ក្នុង​ស​ន្និសិទ​សារពត៌មាន មុន​រៀបចំ​ពិព័រណ៍​ទេសចរណ៍​លើក​ទី១ ក្រោម​ប្រធានបទ “កំណប់ទ្រព្យ​ទេសចរណ៍​កម្ពុជា” ដែល​ធ្វើឡើង​នៅ​រសៀល​ថ្ងៃទី៥ ខែកក្កដា​កន្លងមក លោកស្រី​ឆាយ ស៊ីវ​លីន ជា​ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​បាន​មានប្រសាសន៍ថា ការរៀបចំ​ពី​ព័រ​ណ៍​ដែល​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី២០ ដល់​ថ្ងៃទី២២កក្កដា ឆ្នាំ២០១៨ គឺ​ដើម្បី​បង្ហាញ​អោយ​ភ្ញៀវ​បរទេស និង​អ្នកវិនិយោគ​ដឹង​ច្បាស់​ថា វិស័យ​ទេសចរណ៍​កម្ពុជា នៅតែ​ដំណើរការ​យ៉ាង​ប្រសើរ ទោះបី​ការបោះឆ្នោត​ធ្វើឡើង​នៅ​ថ្ងៃទី ២៩ កក្កដា​ក្ដី។

លោកស្រី​បាន​បន្តថា ការរៀបចំ​ពិព័រណ៍​នេះ គឺធ្វើឡើង​ដើម្បី​ពង្រីក​គោលដៅ​ទេសចរណ៍​នៅ​កម្ពុជា​ទាំង២៥រាជធានី ខេត្ត និង​ធ្វើអោយ​ប្រជាជន​យល់ដឹង​កាន់តែច្រើន​ពី​សក្ដានុពល​នៃ​វិស័យ​ទេសចរណ៍ ថែមទាំង​ទទួលបាន​ព័ត៌មាន​បច្ចុប្បន្នភាព​ពី​វិស័យ​ទេសចរណ៍ ទាំង​ក្នុង​និង​ក្រៅប្រទេស។ ជា​ពិ​សេវា​ជា​ឱកាស​ប្រមូលផ្តុំ​រវាង​អ្នក​ផលិត​និង​អ្នក​ផលិត អ្នកផ្គត់ផ្គង់​ផ្ទាល់​ជាមួយ​អ្នកផ្គត់ផ្គង់​បន្ត និង​ជាមួយ​អ្នកប្រើប្រាស់​សេវាកម្ម​ផ្ទាល់។

ពិព័រណ៍​ទេសចរណ៍​ខាងមុខនេះ​នឹងមាន​ស្តង់​ចំនួន១៥០ ស្តង់​ដាក់​បង្ហាញ​ផលិតផល​របស់ខ្លួន ដោយ​ក្នុងនោះ​មាន​ក្រុមហ៊ុន​បម្រើសេវា​កម្ម​លើ វិស័យ​ទេសចរណ៍​ជាច្រើន​ចូលរួម​ដូចជា សណ្ឋាគារ ផ្ទះសំណាក់ ផ្ទះ​ស្នាក់ រមណីយដ្ឋាន អាកាសចរណ៍ ទីភ្នាក់ងារ​ទេសចរណ៍ ប្រតិបត្តិ​ករ​ណ៍​ទេសចរណ៍ ភោជណីយដ្ឋាន អាហា​រដ្ឋា​ន ហាង​កាហ្វេ រថយន្ត​ដឹកជញ្ជូន កាណូត​លឿន រថភ្លើង និង​អ្នកពាក់ព័ន្ធ​ផ្សេងទៀត​ជាមួយ​ការបញ្ចុះ​តម្លៃ​ពិសេស​ផងដែរ។

លោក​ធួន ស៊ីណាន​ប្រធាន​សមាគម​ទេសចរណ៍​អាស៊ី​ប៉ាស៊ីហ្វិក បាន​មានប្រសាសន៍​ស្រដៀង​គ្នា​ថា វិស័យ​ទេសចរណ៍​ពិតជា មិន​រង​ផលប៉ះពាល់​ដោយសារ​ការបោះឆ្នោត​ទេ ដោយសារ​យើង​មិនឃើញ​មានការ​លុប​បញ្ចប់​ទស្ស​ន​កិច្ច​ណាមួយ ឬ​មានការ​សួរនាំ​ពី​ការបារម្ភ​របស់​ភ្ញៀវ​អន្តរជាតិ ទាក់ទង​នឹង​ការបោះឆ្នោត​នៅ​កម្ពុជា​ដូច​អាណត្តិមុនៗនោះឡើយ។

លោក​បន្តថា “ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ ពិសេស​ភ្ញៀវ​ទេសចរណ៍​ចិន​បាន​កើនឡើង​យ៉ាងគំហុក​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here