ដោយ គង់ សូរិយា
ភ្នំពេញ៖ ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបានថ្លែងថា ការរៀបចំពិព៌ណទេសចរណ៍កម្ពុជាលើកទី១ ដែលស្របពេលការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី ៦ ថ្ងៃទី ២៩ កក្កដាឆ្នាំ ២០១៨ បង្ហាញឃើញអោយច្បាស់ថា ការបោះឆ្នោតមិនបានជះឥទ្ធិពលប៉ះពាល់ដល់ វិស័យទេសចរកម្ពុជានោះទេ។
មានប្រសាសន៍ឲ្យដឹងក្នុងសន្និសិទសារពត៌មាន មុនរៀបចំពិព័រណ៍ទេសចរណ៍លើកទី១ ក្រោមប្រធានបទ “កំណប់ទ្រព្យទេសចរណ៍កម្ពុជា” ដែលធ្វើឡើងនៅរសៀលថ្ងៃទី៥ ខែកក្កដាកន្លងមក លោកស្រីឆាយ ស៊ីវលីន ជាប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបានមានប្រសាសន៍ថា ការរៀបចំពីព័រណ៍ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២កក្កដា ឆ្នាំ២០១៨ គឺដើម្បីបង្ហាញអោយភ្ញៀវបរទេស និងអ្នកវិនិយោគដឹងច្បាស់ថា វិស័យទេសចរណ៍កម្ពុជា នៅតែដំណើរការយ៉ាងប្រសើរ ទោះបីការបោះឆ្នោតធ្វើឡើងនៅថ្ងៃទី ២៩ កក្កដាក្ដី។
លោកស្រីបានបន្តថា ការរៀបចំពិព័រណ៍នេះ គឺធ្វើឡើងដើម្បីពង្រីកគោលដៅទេសចរណ៍នៅកម្ពុជាទាំង២៥រាជធានី ខេត្ត និងធ្វើអោយប្រជាជនយល់ដឹងកាន់តែច្រើនពីសក្ដានុពលនៃវិស័យទេសចរណ៍ ថែមទាំងទទួលបានព័ត៌មានបច្ចុប្បន្នភាពពីវិស័យទេសចរណ៍ ទាំងក្នុងនិងក្រៅប្រទេស។ ជាពិសេវាជាឱកាសប្រមូលផ្តុំរវាងអ្នកផលិតនិងអ្នកផលិត អ្នកផ្គត់ផ្គង់ផ្ទាល់ជាមួយអ្នកផ្គត់ផ្គង់បន្ត និងជាមួយអ្នកប្រើប្រាស់សេវាកម្មផ្ទាល់។
ពិព័រណ៍ទេសចរណ៍ខាងមុខនេះនឹងមានស្តង់ចំនួន១៥០ ស្តង់ដាក់បង្ហាញផលិតផលរបស់ខ្លួន ដោយក្នុងនោះមានក្រុមហ៊ុនបម្រើសេវាកម្មលើ វិស័យទេសចរណ៍ជាច្រើនចូលរួមដូចជា សណ្ឋាគារ ផ្ទះសំណាក់ ផ្ទះស្នាក់ រមណីយដ្ឋាន អាកាសចរណ៍ ទីភ្នាក់ងារទេសចរណ៍ ប្រតិបត្តិករណ៍ទេសចរណ៍ ភោជណីយដ្ឋាន អាហារដ្ឋាន ហាងកាហ្វេ រថយន្តដឹកជញ្ជូន កាណូតលឿន រថភ្លើង និងអ្នកពាក់ព័ន្ធផ្សេងទៀតជាមួយការបញ្ចុះតម្លៃពិសេសផងដែរ។
លោកធួន ស៊ីណានប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក បានមានប្រសាសន៍ស្រដៀងគ្នាថា វិស័យទេសចរណ៍ពិតជា មិនរងផលប៉ះពាល់ដោយសារការបោះឆ្នោតទេ ដោយសារយើងមិនឃើញមានការលុបបញ្ចប់ទស្សនកិច្ចណាមួយ ឬមានការសួរនាំពីការបារម្ភរបស់ភ្ញៀវអន្តរជាតិ ទាក់ទងនឹងការបោះឆ្នោតនៅកម្ពុជាដូចអាណត្តិមុនៗនោះឡើយ។
លោកបន្តថា “ភ្ញៀវទេសចរណ៍អន្តរជាតិ ពិសេសភ្ញៀវទេសចរណ៍ចិនបានកើនឡើងយ៉ាងគំហុកក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ”៕