ដោយៈវឌ្ឈនៈ
ភ្នំពេញៈ ក្នុងពេលដែលវិបត្តិកូវីដ១៩ នៅតែបន្តរាលដាលក្នុងប្រទេសកម្ពុជា ទីផ្សារជួលអចលនទ្រព្យ ជាពិសេសខុនដូ និងអាផាតម៉ិននៅតែបន្តធ្លាក់ចុះបន្ថែមទៀត រហូតមកដល់ពេលនេះ។ នេះបើតាមអ្នកជំនាញអចលនវត្ថុកម្ពុជាបានថ្លែងប្រាប់ Cambodiafinancialtimes ថ្មីៗនេះ ។
លោករិន ច័ន្ធរិទ្ធប្រធានក្រុមហ៊ុន DNZ Realty បានឱ្យដឹងតាមទូរស័ព្ទនារសៀលថ្ងៃទី១ មិថុនានេះថា ការជួលខុនដូ បានធ្លាក់ចុះខ្លាំង ចាប់តាំងពីព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ២០២១នេះ ព្រោះភ្ញៀវបរទេសដែលចូលមកកម្ពុជា ក៏បានធ្លាក់ចុះតាំងពីនោះមកដែរ ។
លោកបន្តថា “ទីផ្សារជួលខុនដូ នៅក្នុងប្រទេសកម្ពុជានាពេលនេះ នៅតែពឹងលើជនបរទេស។ ដូចយើងបានឃើញស្រាប់ហើយក្នុងឆ្នាំ២០២១នេះ ទាំងវិនិយោគិនបរទេស និងទេសចរបរទេសនៅតែបន្តធ្លាក់ចុះ”។លោកបន្តថា “ការរឹតបន្តឹងការធ្វើដំណើរឆ្លងប្រទេសមួយទៅប្រទេសមួយទៀត ដែលធ្វើចំនួនភ្ញៀវទេសចរនិងវិនិយោគបរទេស នៅតែថយចុះមកកាន់ប្រទេសកម្ពុជា”។
លោកច័ន្ទរិទ្ធបានបន្ថែមថា មិនត្រឹមតែទីផ្សារជួលខុនដូទេដែលធ្លាក់ចុះនោះ សូម្បីតែទីផ្សារលក់ខុនដូនៅកម្ពុជាក៏ធ្លាក់ចុះខ្លាំងដែរ ក្នុងអំឡុងពេលនេះការបិទខ្ទប់រាជធានីភ្នំពេញ និងការរឹតបន្តឹងការធ្វើដំណើររបស់ពលរដ្ឋឆ្លងខេត្ត ។
ជាមួយគ្នានេះអ្នកស្រីគឹម គិនកេសា អ្នកគ្រប់គ្រងជាន់ខ្ពស់នៃក្រុមហ៊ុន CBRE ប្រចាំកម្ពុជាបានលើកឡើងថា ការវិនិយោគលើខុនដូ និងការជួលខុនដូ សម្រាប់ឆ្នាំ ២០២១នេះ ភាគច្រើនជាវិនិយោគិនក្នុងស្រុក ព្រោះវិនិយោគិនបរទេសនៅតែមិនទាន់អាចចូលមកកម្ពុជា ដើម្បីស្វែងរកការវិនិយោគបាននៅឡើយ ព្រោះបណ្ដាប្រទេសជាច្រើនលើពិភពលោកនៅតែជួបបញ្ហានឹងជំងឺកូវីដ១៩ដដែល ។
ប៉ុន្តែបើតាមអ្នកជំនាញអចលនទ្រព្យផ្សេងទៀតបានរំពឹងថា វិនិយោគិនបរទេសជាពិសេសវិនិយោគិនចិន នឹងចូលមកកម្ពុជានៅពេលឆាប់ៗខាងមុខនេះវិញ ដើម្បីបន្តស្វែងរកការវិនិយោគនានានៅក្នុងប្រទេសកម្ពុជា ជាពិសេសនៅក្នុងវិស័យអចលនវត្ថុ៕