អ្នកឧកញ៉ាលី ហួរនឹងចំណាយប្រាក់ជាង២៣លានដុល្លារសាងសង់ផ្លូវធំមួយតភ្ជាប់ពីផ្លូវ៥៩៨ទៅផ្លូវ៣០ម៉ែត្រថ្មី

0

ដោយៈស៊ីវ ម៉េង

ភ្នំពេញៈ អ្នកឧកញ៉ាលី ហួរប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា នឹងសា​ងសង់ផ្លូវមួយខ្សែទំហំ៣០ម៉ែត្រ តភ្ជាប់ផ្លូវលេខ៥៩៨ ទៅកាន់ផ្លូវទំហំ៣០ម៉ែត្រ ដែលស្ថិតនៅតាមបណ្តោយផ្លូវផ្សារទំនើប AEON MALL2។

អ្នកឧកញ៉ាបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទកាលពីថ្ងៃទី៣ មិថុនាកន្លងមកថា គំរោងសាងសង់ផ្លូវថ្មីនេះ មានបណ្តោយជាង១គីឡូម៉ែត្រ ដែលតភ្ជាប់រវាងផ្លូវទាំងពីរខាងលើ ហើយផ្លូវនេះ នឹងកាត់គំរោងថ្មីរបស់បុរីវិមានភ្នំពេញផងដែរ។ អ្នកឧកញ៉ាបានបន្តថា ផ្លូវថ្មីនេះ ចំណាយ​ប្រាក់ជាង២៣លានដុល្លារអាមេរិក ព្រោះទំហំផ្លូវនេះបើគិតជាម៉ែត្រការ៉េ ស្មើនឹងទំហំដីជាង២ហិកតា ដែលដីនៅតំបន់នេះ មានតម្លៃរហូតដល់១៣០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។

អ្នកឧកញ៉ាបានបន្តថា “បន្ទាប់ពីកសាងផ្លូវថ្មីនេះ លោកនឹងស្នើសុំប្រមុខរដ្ឋាភិបាលសម្តេចតេជោហ៊ុន សែនដាក់ឈ្មោះរបស់លោក ដើម្បីជាចំណងដៃជួយសម្រួលដល់ការធ្វើ​ដំណើររបស់ប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាលកម្ពុជា”។ អ្នកឧកញ៉ាបានបន្តថា “ផ្លូវថ្មីនេះមានទំហំប៉ុននឹងផ្លូវសម្តេចប៉ាន នាពេ​លបច្ចុប្បន្នឬអាចធំជាងនេះ”។

អ្នកឧកញ៉ាដែលបានចាប់ផ្តើមជំនួញដំបូង ជាមួយជ្រូកមួយក្បាលនេះ ទទួលបាន​ជោគជ័យយ៉ាងច្រើនលើមុខជំនួញធំៗនៅកម្ពុជា ដូចជា ការអភិវឌ្ឍអចលនទ្រព្យ ដែលជាគំរោងអភិវឌ្ឍន៍ លំនៅដ្ឋានបុរីវិមានភ្នំពេញជាច្រើនទីតាំង និងទទួលបានជោគជ័យលើមុខជំនួញជាច្រើនទៀត។

ទាក់ទងនឹងការអភិវឌ្ឍន៍លំនៅដ្ឋានក្នុងគំរោងថ្មី អ្នកឧកញ៉ាលី ហួរបានមានប្រសា​សន៍ថា គំរោងថ្មីនេះមានទីតាំងលើផ្ទៃដីជាង២០ហិកតា ដែលបាននិងកំពុងចាប់ផ្តើមរៀបចំការដ្ឋានសាងសង់ ហើយគម្រោងនេះ នឹងបើកការដ្ឋានសាងសង់ផ្លូវការនៅថ្ងៃទី៣០ មិថុនាខាងមុខនេះ។

អ្នកឧកញ៉ាបានបន្តថា “ទីផ្សារលំនៅដ្ឋាននៅតែមានភាពល្អប្រសើរ ប៉ុន្តែវាអាស្រ័​យលើទីតាំងគំរោង តម្លៃលំនៅដ្ឋាន និងកេរ្ត៍ឈ្មោះរបស់អ្នកអភិវឌ្ឍន៍ផងដែរ”។ អ្នកឧក​ញ៉ា​បានបន្ថែមថា “ខ្ញុំចាប់ផ្តើមសាងសង់គំរោងថ្មីនេះ ដោយសារវាមានទីតាំងនៅកណ្តាលក្រុង ដែលផ្លូវ៥៩៨ឬផ្លួវឯកឧត្តមឧបនាយករដ្ឋមន្រ្តីជា សុផារ៉ាសព្វថ្ងៃបណ្តុំដោយ​លំនៅដ្ឋាន មជ្ឈមណ្ឌលពាណិជ្ជកម្ម និងសេវាកម្មបំរើឲ្យការរស់នៅដ៏សម្បូរបែប”៕

LEAVE A REPLY

Please enter your comment!
Please enter your name here