ដោយៈវឌ្ឈនៈ
ភ្នំពេញៈ រដ្ឋបាលខេត្តកំពតបានប្រជុំ ត្រៀមរៀបចំហេដ្ឋារចនាសម្ព័ន្ធក្រុងថ្មី ក្រុងបូកគោនិងរៀបចំទីកន្លែងសម្រាប់មន្ត្រីរដ្ឋបាលក្រុងធ្វើការបណ្ដោះអាសន្ន ។នេះ បើតាមសេចក្តី ប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពតនៅល្ងាចថ្ងៃទី៣ មិថុនា ២០២១កន្លងមកនេះ។
លោកជាវ តាយអភិបាលខេត្តកំពត បានដឹកនាំកិច្ចប្រជុំនេះ ដោយមានការសមាសភាពចូលរួមពីអភិបាលរងខេត្ត ស្នការមន្ទីររៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ។
កិច្ចប្រជុំនេះបានលើកឡើងពីចំនុចពាក់ព័ន្ធជាច្រើន ដូចជា លក្ខណៈភូមិសាស្រ្តរបស់ក្រុងបូកគោ ការរៀបចំតំបន់គោលប្រើប្រាស់ដីធ្លី ការរៀបចំប្រព័ន្ធទឹក ភ្លើង ហេដ្ឋារចនាសម្ព័ន្ធរដ្ឋបាលក្រុង ទីតាំងជាក់លាក់នៃការរៀបចំអាគាររដ្ឋបាលក្រុង ការផ្ទេរកិច្ចការមួយចំនួនពីរដ្ឋបាលស្រុកទឹកឈូ ទៅឲ្យរដ្ឋបាលក្រុងបូកគោ និងការគិតគូពីការរៀបចំម ន្ត្រីក្នុងរចនាសម្ព័ន្ធរដ្ឋបាលក្រុង ការរៀបចំទីកន្លែងបំពេញការងារបណ្តោះអាសន្ន របស់រដ្ឋបាលក្រុង និងការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈជាដើម ។
អ្នកជំនាញនៃវិស័យអចលនទ្រព្យកម្ពុជា បានបង្ហាញពីសុទិដ្ឋិនិយម ចំពោះការបង្កើតក្រុងថ្មី ដែលអាចនាំមកនូវការវិនិយោគក្នុងបរទេស ហើយបង្កើនសកម្មភាពវិនិយោគមួយកម្រិតទៀត នៅក្នុងតំបន់ក្រុងបូកគោនេះ ។
ជាការកត់សម្គាល់ ចាប់តាំងពីរាជរដ្ឋាភិបាលប្រកាសបង្កើតក្រុងនេះ មានវិនិយោគិនក្នុងស្រុកជាច្រើន បានសម្រុកស្វែងរកការវិនិយោគបន្ថែមទៀត ដោយខ្លះទិញដីសម្រាប់ទុកចំណេញផង និងខ្លះទៀតទិញដើម្បីអភិវឌ្ឍន៍គម្រោងរបស់ខ្លួននៅពេលអនាគត ។
លោកគឹម សង្គ្រាម ភ្នាក់ងារអចលនវត្ថុមួយរូបប្រចាំខេត្តកំពត បានលើកឡើងថា ចាប់តាំងពីរដ្ឋាភិបាល ប្រកាសបង្កើតក្រុងថ្មីនេះយើងឃើញថា តម្រូវការដីធ្លីកាន់តែមានច្រើនឡើង ហើយសកម្មភាបទិញលក់ ដីធ្លី ក៏ឃើញថាមានសន្ទុះជាងមុន បើទោះបីជាកម្ពុជា បានជួបវិបត្តិនឹងជំងឺកូវីដ១៩ក្ដី។ បច្ចុប្បន្ន គម្រោងមួយចំនួនធំនៅក្នុងខេត្តកំពត នៅតែបន្តសកម្មភាពសាងសង់ ហើយគម្រោងមួយចំនួនទៀតក៏បាន និងកំពុងត្រៀមរៀបចំអភិវឌ្ឍន៍បន្តបន្ទាប់ផងដែរ ។
គេជឿថាក្រោយពេលរដ្ឋបាលខេត្តកំពត ចាប់ផ្ដើមអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ នឹងធ្វើឱ្យអ្នកវិនិយោគកាន់តែជឿជាក់ និងចង់មកបណ្ដាក់ទុនវិនិយោគ នៅក្នុងកំពតបន្ថែមទៀជាក់ជាមិនខាន៕