ដោយៈ ម៉ាណេត
ភ្នំពេញៈ បើទោះបីជាកម្ពុជា និងពិភពលោកកំពុងប្រឈមនឹងវិបត្តិជំងឺកូវីដ១៩ក្តី ប៉ុន្តែសណ្ឋាគារលំដាប់អន្តរជាតិជាច្រើនប្រកាសឈានជើងចូលទីផ្សារកម្ពុជាជាបន្តបន្ទាប់។
ក្រុមហ៊ុន Continent Crown Investment Management CO., LTD: គ្រោងសាងសង់ និងអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ៤ ចំនួន២៧៥បន្ទប់ និងមជ្ឈមណ្ឌលពាណិជ្ជកម្ម។ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងនៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១នេះ ថា គម្រោងនេះមានទីតាំងវិនិយោគស្ថិតនៅដីឡូតិ៍លេខ១៦៧៩ ផ្លូវសហព័ន្ធរុស្ស៊ី ភូមិតាងួន២ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ៧៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន៦៧៨កន្លែង។
-->

ក្រុមហ៊ុន JIN BEI PALACE CO., LTD កាលពីដើមខែឧសភា ឆ្នាំ២០២១ ប្រកាសថាមានគម្រោងសាងសង់ និងអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ៥ ចំនួន១៩៥បន្ទប់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ក្រុមហ៊ុននេះ បោះទុនវិនិយោគប្រមាណ៤៨,៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន៣៨០កន្លែងដល់ប្រជាពលរដ្ឋ។
ក្រុមហ៊ុនបដិសណ្ឋារកិច្ច WA Hospitality ដែលមានមូលដ្ឋាននៅប្រទេសម៉ាឡេស៊ី នឹងចាប់ផ្តើមដាក់ដំណើរការសណ្ឋាគារលំដាប់ផ្កាយ៥ និងកាស៊ីណូ Won Majestic ដែលមានចំនួន៣០០បន្ទប់ នៅខេត្តព្រះសីហនុ នៅត្រីមាសទី១ ឆ្នាំ២០២២ ។
ក្រុមហ៊ុន Wyndham Hotels & Resorts ដែលជាក្រុមហ៊ុនវិនិយោគផ្នែកបដិសណ្ឋារកិច្ចដ៏ធំលើពិភពលោក កាលខែមេសា ឆ្នាំ២០២១ បានប្រកាសបើកដំណើរការលំដាប់ផ្កាយ៥របស់ខ្លួននៅក្រុងព្រះសីហនុ។ ក្រុមហ៊ុននេះ ជាប្រភេទក្រុមហ៊ុសណ្ឋាគារ និងផ្តល់សេវាកម្ម គ្រប់គ្រងសណ្ឋាគារធំជាងគេបំផុតលើពិភពលោក និងមានសណ្ឋាគារចំនួន៨៩០០កន្លែង នៅទូទាំងប្រទេសចំនួន៩៥នៅទ្វីបចំនួន៦។
លោកស្រីអាន សុធីតាអ្នកជំនាញអន្តរជាតិក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា បានថ្លែងប្រាប់ថា វិស័យសណ្ឋាគារគឺវិស័យមួយដែលមានសក្តានុពលមួយនៅកម្ពុជា ជាពិសេសនៅរាជធានីភ្នំពេញតែម្តង។

លោកស្រីបានថ្លែងថា ចំនួនសណ្ឋាគារ និងប្រ៊ែនអន្តរជាតិនៅមានកម្រិតនៅឡើយ ជាពិសេសនៅភ្នំពេញ ដូច្នេះវាគឺជាឱកាស។ បើទោះបីជាប្រទេសកម្ពុជាកំពុងជួបប្រទះនឹងវិបត្តិកូវីដ១៩ និងបញ្ហាប្រឈមមួយចំនួនក៏ដោយ ភ្នំពេញនៅតែមានល្អប្រសើរជាងបណ្តាទីរួមខេត្តក្រុងមួយចំនួន ដូចជាសៀមរាប និងព្រះសីហនុជាដើម។
លោកស្រីបានថ្លែងបន្តថា បើប្រៀបធៀបនឹងប្រទេសជិតខាងថៃ និងវៀតណាម ប្រ៊ែនសណ្ឋាគារល្បីៗនៅកម្ពុជាយើងមានចំននួនតិចជាងគេឡើយទេ ដូច្នេះវាជាគឺឱកាសមួយសម្រាប់អ្នកវិនិយោគ ក្នុងការនាំមកប្រ៊ែនសណ្ឋាគារល្បីៗ ដើម្បីប្រកួប្រជែងបានយូរអង្វែង បន្ទាប់ពីអ្វីៗគ្រប់យ៉ាងនឹងប្រសើរឡើងវិញ៕