ដោយៈ វឌ្ឍនៈ
ភ្នំពេញៈ ចាប់តាំងពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ថ្មីបានសាងសង់រួចរាល់ និងបានសាង់សង់សួនច្បារដ៏ស្រស់ស្អាតខាងមុខទីស្ដីការ មានប្រជាពលរដ្ឋជាច្រើននៅជុំវិញទីនោះ និងប្រជាពលរដ្ឋទូទាំងរាជធានីភ្នំពេញទាំងមូលបានទៅកម្សាន្តពេលល្ងាច និងថតរូបស្អាតបង្ហោះពេញបង្ហាញសង្គម ជាមួយនឹងអគារស្ដីទីការដ៏ស្រស់ស្អាត ជាពិសេសក្បូរក្បាច់រចនាស្ថាបត្យកម្មសម័យថ្មីនេះតែម្ដង។
ជាការកត់សម្គាល់មានប្រជាពលរដ្ឋនិយមលេងបណ្ដាញសង្គម និងជាអ្នកចូលចិត្តជិះកង់ហាត់ប្រាណ បានបង្ហាញរូបភាពរបស់ខ្លួនលើបណ្ដាញសង្គម នៅក្នុងសួនច្បារមុខទីស្ដីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងណង់ និងរូបអគារស្ដីការទាំងមូលផងដែរ។
-->
បើតាមអ្នកជំនាញនៃវិស័យអចលនទ្រព្យ បានលើកឡើងថា ទីស្ដីការក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ថ្មីនេះនឹងក្លាយជាផ្នែកមួយទាក់ទាញ ដល់ការវិនិយោគអចលនទ្រព្យនៅក្នុងតំបន់ជុំវិញក្រសួង និងជំរុញឱ្យសក្ដានុពលតំបន់ជុំវិញនោះមានសន្ទុះមួយកម្រិតទៀត។

លោកឃាង ពុទ្ធីប្រធានក្រុមប្រឹក្សាអភិបាលសមាគមអ្នកជំនាញអចលចនទ្រព្យកម្ពុជាបានលើកឡើងថា នៅពេលរដ្ឋាភិបាលសម្រេចសាងសង់អគារទីស្ដីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ថ្មីនេះ រដ្ឋាភិបាលនឹងសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅជុំវិញនោះបន្ថែមទៀត ដើម្បីសម្រួលដល់ការធ្វើដំណើរទៅបំពេញការងាររបស់មន្ត្រីផង និងដើម្បីឱ្យពលរដ្ឋងាយស្រួលទៅរកសេវានៅក្រសួងផង។ ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធទាំងនេះហើយ ដែលជាកត្តាទាក់ទាញបន្ថែមដល់វិនិយោគិន ក្នុងការដាក់ទុនវិនិយោគនៅក្នុងតំបន់បន្តទៀត ។
លោកបានបន្តថា ការសាងសង់អគារទីស្ដីការក្រសួងថ្មីនេះនឹងជំរុញឱ្យសកម្មភាពការងាររបស់មន្ត្រី ដើម្បីបម្រើជូនពលរដ្ឋកាន់តែលឿនរហ័ស ហើយពលរដ្ឋក៏កាន់តែមានភាពងាយក្នុងការទទួលសេវាពីមន្ត្រីនៃក្រសួងដែនដីនគរូបនីយកម្មនេះដែរ។
អគារទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ថ្មី មានទីតាំងស្ថិតនៅភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានកម្ពស់៥ជាន់ សាងសង់នៅលើផ្ទៃដីទំហំ៣ហិកតា មានផ្ទៃក្រឡាសំណង់សរុប៤៩ ៣៨៩ម៉ែត្រក្រឡា និងក្រឡាផ្ទៃប្រើប្រាស់សរុបប្រមាណ២៦ ៥៦៧ម៉ែត្រក្រឡា មានផលធៀបក្រឡាផ្ទៃបាតសំណង់៣២.៥៣%។

អគារទីស្តីការក្រសួងថ្មីនេះមានរចនាបថខ្មែរ រចនាលម្អដោយបុស្បុកប្រាំពីរថ្នាក់ ដំបូលហោជាងមុខដាច់ ប្រកបដោយក្បូរក្បាច់ពិពិតវិចិត្ររចនា ដែលក្រុមការងារប្រមូលផ្តុំសិក្សាចង់លើកស្ទួយនូវសា្នដៃ លម្អស្ថាបត្យកម្មបុរាណខ្មែរ ដោយឡែកប្លង់បាតមានលម្ហសួនក្នុងអគារ។
សំណង់នេះជាផ្នែកមួយដ៏សំខាន់ក្នុងការបង្ហាញអត្តសញ្ញាណខ្មែរ និងទម្រង់ស្ថាបត្យកម្មខ្មែរ ក្នុងសម័យតេជោដែលបងា្ហញពីសន្តិភាព ស្ថេរភាព ការវិវឌ្ឍ និងសង្គ្រោះសំណង់ប្រភេទនេះឲ្យរស់ឡើងវិញជាសំណង់របស់រដ្នទុកតជំនាន់ ៕