ដោយ គង់ សូរិយា
ភ្នំពេញ: មណ្ឌលកំសាន្ត BW Arena តម្លៃ១០លានដុល្លារ ដែលវិនិយោគដោយក្រុមហ៊ុន Worldbridge Group នឹងធ្វើឲ្យតំបន់ចក្រអង្រែក្រោមកាន់តែរសរវើក និងទាក់ទាញ នៅភាគខាងត្បូងរាជធានីភ្នំពេញ។
WB Arena រួមមាន ហាងលក់ទំនិញហាងលក់ចំណីអាហារ កន្លែងសម្រាកលម្ហែ និងកន្លែងកម្សាន្តជាច្រើន ថែមទាំងមានសាលមហោស្រព ដែលអាចអង្គុយបានដល់ទៅ ៤០០នាក់សម្រាប់កម្មវិធីនាពេលរាត្រីទៀតផង។
-->
នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Worldbridge Land លោកTan Teck Keeបានថ្លែងឲ្យដឹងកាលពីពេលថ្មីៗនេះថា WB ARENA នឹងក្លាយជាគោលដៅកន្លែងសម្រាប់ លម្ហែសម្រាប់ក្រុមគ្រួសារនាពេលអនាគត នៅពេលគម្រោងនេះ នឹងបើកដំណើរការនៅខែវិច្ឆិកាខាងមុខ ។ លោកបន្តថា វានឹងក្លាយជាគោលដៅកម្សាន្តនៅមាត់ទន្លេសម្រាប់ប្រជាជនក្នុងស្រុក ជនបរទេស និងភ្ញៀវទេសចរផងដែរ។ យើងបានសាងសង់នូវកន្លែងសម្រាប់ប្រកួតកីឡា ដែលនឹងមានបើកស្វាគមន៍ ទទួលការប្រកួត និងការប្រារព្ធកម្មវិធីជាច្រើនទៀត។

ជាមួយគ្នានេះ ក្រុមហ៊ុនមានគំរោងនឹងធ្វើព្រឹត្តិការណ៍នានា ដោយផ្តោតលើមនុស្សគ្រប់វ័យផងដែរ»។
គម្រោងនេះត្រូវបានឌីសាញឡើង ដោយក្រុមហ៊ុនស្ថាបត្យកម្មនៅប្រទេស សិង្ហបុរី Chin Kam and Associates (CK&A) ដែលជាក្រុមហ៊ុនធ្លាប់ត្រូវបានក្រុមហ៊ុន Worldbridge Group និងដៃគូវិនិយោគរបស់ខ្លួនគឺ Oxley International Holdings ជួលឲ្យរចនាប្លង់គម្រោង The Bridge និង The Peak។ WB Arena ត្រូវបានគេរចនាស្រដៀងគ្នានឹង Clarke Quay នៅសិង្ហបុរី។ យ៉ាងណាមិញការរចនាប្លង់នេះត្រូវបានរចនាយ៉ាងផិ្ចតផ្ចង់ដើម្បីឱ្យ ស៊ីគ្នាទៅនឹងបរិបទកន្លែងកម្សាន្តបែបខ្មែរ នៅតាមបណ្តោយមាត់ទន្លេ។
លោកSimon Griffiths នាយកគ្រប់គ្រងរបស់ក្រុមហ៊ុន Urban Asset Solutions ដែលជាភ្នាក់ងារទទួលបន្ទុកការជួល និងជួបអតិថិជនរបស់គម្រោង WB Arena បានឲ្យដឹងថា គម្រោងនេះមានផ្ទៃសរុប៦០០០ម៉ែត្រការ៉េ ដែលក្រុមហ៊ុននឹងបែងចែកតំបន់ផ្សេងៗគ្នាសម្រាប់ហាងលក់ទំនិញ ហាងលក់ចំណីអាហារ និងភេសជ្ជៈ និងកន្លែងកម្សាន្ត។
លោកSimon Griffiths បាននិយាយថា យើងចង់ធ្វើអ្វីៗដែលទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិមកកំសាន្តនៅតំបន់នេះ។
គម្រោងនេះ នឹងមានស្តង់ដែលបម្រីអាហារព្រមទាំងភេសជ្ជៈជាច្រើន មុខសម្រាប់អ្នកទៅកម្សាន្ត ក៏ដូចជា កន្លែងពិសាអាហារមាត់ឆ្នេរក្រោម ម្លប់ដើមត្នោតប្របមាត់ទន្លេផងដែរ។ ភោជនីយដ្ឋានជាច្រើន ត្រូវបានកក់ស្តង់មួយចំនួនរួចទៅហើយ៕