ដោយៈគង់ សូរិយា
ភ្នំពេញៈ វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស បច្ចុប្បន្នបានកំពុងតេស្តសាកល្បងនូវរ៉ូបូតថ្មីមួយ ដែលមានសមត្ថភាពក្នុងការដឹកចំណីអាហារ ជាពិសេសផ្តោតទៅលើការធ្វើសេវាកម្មពេទ្យ ដើម្បីផ្តល់ភាពងាយស្រួល និងបន្ថែមប្រសិទ្ធភាពនៃការធ្វើការរបស់ក្រុមគ្រូពេទ្យ។
នាយកវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស លោក សុទ្ធី បានមានប្រសាសន៍ឲ្យដឹងនៅថ្ងៃទី១៤ មិថុនានេះថា ការបង្កើតរ៉ូបូតនេះឡើង ក្រោមគំនិតផ្តួចផ្តើម និងការចង្អុលបង្ហាញរបស់លោកបណ្ឌិតពេជ សោភ័ន រដ្ឋលេខាធិប្រចាំការនៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ។

-->
លោកបន្តថា សាលាខិតខំប្រឹងប្រែងបង្កើតរ៉ូបូតថ្មីនេះឡើង ដើម្បីឲ្យវេជ្ជបណ្ឌិត ឬពេទ្យបញ្ជាពីចម្ងាយ ដើម្បីបញ្ជូនទៅសួរសុខទុក្ខ ផ្តល់អាហារ ថ្នាំពេទ្យ វ៉ាស់កម្តៅ ក៏ដូចជាមើលនូវចង្វាក់បេះដូង ជាដើមរបស់អ្នកជំងឺ ដោយធ្វើការសាសងគ្នារវាងអ្នកជំងឺ និងគ្រូពេទ្យតាមរយៈប្រព័ន្ធវីដេអូ (Video Conference)។
លោកឲ្យដឹងទៀតថា រ៉ូបូតនេះដែរ អាចប្រើប្រាស់បានជំនួស ក្នុងសេវាកម្មជញ្ជូនចំណីអាហារ និងសម្ភារៈផ្សេងៗទៀត ហើយរ៉ូបូតថ្មីនេះគ្រោងដាក់បង្ហាញជាសាធារណៈក្នុងទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET Day)នាថ្ងៃទី១៥ ខែមិថុនាស្អែកនេះ គួបផ្សំនឹងប្រធានបទ “ធីវ៉េតធ្វើឲ្យជំនាញកាន់តែប្រសើរ និងប្រាក់ចំណូលខ្ពស់”ដើម្បីចង់បង្ហាញនូវស្នាដៃរបស់គ្រូ និងសិស្សដែលពួកគាត់អាចធ្វើការងារនេះបានទាំងអស់នៅលើបច្ចេកទេស និងបច្ចេកវិទ្យាថ្មីៗ។

ជាមួយគ្នានេះ លោកបានអំពាវនាវដល់វិស័យឯកជន ក៏អាចសិក្សា និងទំនាក់ទំនងដើម្បីជួយឧបត្ថម្ភ ឬជួយផ្តល់គំនិតបាន ក្នុងការផលិត ដើម្បីបំពេញតម្រូវការដល់អ្នកប្រើប្រាស់និងខ្វះខាត ដែលតម្រូវសហការគ្នាធ្វើឲ្យផលិតផលនេះ កាន់តែមានប្រសិទ្ធិភាព និងមានគុណភាព។
ក្រៅពីរ៉ូបូតខាងលើនេះ កាលពីឆ្នាំ២០១៩ កម្ពុជាបានបង្កើតរ៉ូបូតដំបូងបង្អស់មានឈ្មោះថា រ៉ូបូខេម ព្រះកុសមៈជាប្រភេទរ៉ូបូត Humanoid ដែលរូបរាងដូចមនុស្សមានសមត្ថភាពខ្ពស់ ក្នុងការប្រាស្រ័យទាក់ទងជាមួយមនុស្ស ក្នុងការឆ្លើយឆ្លង និងធ្វើសកម្មភាពផ្សេងៗ។ លើសពីនេះ គឺអាចនិយាយឆ្លងឆ្លើយបាន ២ភាសា ទាំងភាសាខ្មែរ និងអង់គ្លេស៕
