ដោយ គង់ សូរិយា
ភ្នំពេញ៖ ទុនវិនិយោគក្នុងវិស័យសំណង់ និងអលនទ្រព្យក្នុងរយៈពេល៥ខែដើមឆ្នាំនេះ មានទំហំទឹកប្រាក់១៧៨០លានដុល្លារអាមេរិក និងមានគំរោងវិនិយោគ១៣៧០គំរោង ដែលបានអនុម័តដោយក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់។
យោងតាមរបាយការណ៍របស់ក្រុមហ៊ុន CBRE Cambodia ដែលបានចេញផ្សាយកាលពីពេលថ្មីៗនេះបានឲ្យដឹងថា ជាមួយនឹងគំរោងវិនិយោគដ៏ច្រើននេះ របាយការណ៍នេះបានកត់សំគាល់ឃើញថា ក្នុងដំណាច់ត្រីមាសទី២ឆ្នាំនេះ ចំនួនខុនដូដែលបានបញ្ចប់ការសាងសង់ និងដាក់ចូលក្នុងទីផ្សាររំពឹងនឹងកើនដល់២ម៉ឺនយូនីតនៅដំណាច់ឆ្នាំនេះ។
របាយការណ៍ដដែលបានបង្ហាញថា ជាមួយនឹងកំនើនតម្រូវការ និងការវិនិយោគបានធ្វើឲ្យទីផ្សារការិយាល័យ ស្ថិតនៅតាមតំបន់ពាណិជ្ជកម្មមានកំនើន៦ភាគរយ និង៣,៤ភាគរយ សម្រាប់ការិយាល័យលំដាប់B និងការិយាល័យលំដាប់C។ ជាមួយគ្នានេះ ទំហំផ្សារទំនើបបានកើនឡើង៤៣ភាគរយផងដែរ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
អ្នកនាង អាន សុធីតា នាយិកាប្រចាំប្រទេសនៃក្រុមហ៊ុន CBRE Cambodia បានថ្លែងឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី១៩ កក្កដានេះថា ស្ថានភាពនៃការអភិវឌ្ឍន៍ និងទីផ្សារអចលនទ្រព្យនៅកម្ពុជា មិនមានសញ្ញាណាមួយមានបញ្ហានោះទេ គឺអ្វីៗនៅតែដំណើរការយ៉ាងល្អប្រសើរ ដោយសារការផ្គត់ផ្គង់ និងតម្រូវការនៅមានស្ថិរភាពល្អ។ អ្នកនាងបន្តថា ការចុះបញ្ជីរវិនិយោគក្នុងវិស័យនេះ ហាក់ថយថយបន្តិច ប៉ុន្តែវាមិនមែនជាបញ្ហាដោយសារការបោះឆ្នោតទេ តែជាបញ្ហាទីផ្សារខ្លួនឯង ដែលមានន័យថា ការផ្គត់ផ្គង់បានកើនច្រើនក្នុងប៉ុន្មានឆ្នាំមកនេះ ហេតុនេះទីផ្សារត្រូវការពេលវេលាបន្តិចដើម្បីស្រូបយកនូវអ្វីដែលបានអភិវឌ្ឍន៍រួចហើយ។
អ្នកនាងបន្ថែមថា “អ្វីៗនៅតែដំណើរការល្អប្រសើរ សុខភាពក្នុងវិស័យនេះនៅតែមានកំនើនរ៉ឹងមាំបន្តទៀត”។
លោក ខេន ឡូ (Ken Lo) អគ្គនាយកក្រុមហ៊ុន Century21 Imperial Realty បានយល់ស្របនឹងការលើកឡើងខាងលើ ដោយបានមានប្រសាសន៍ថា លោកនៅតែមើលឃើញថា វិស័យអចលនទ្រព្យសម្រាប់រយៈពេល៥ ទៅ១០ឆ្នាំខាងមុខ នឹងនៅរីកចម្រើនបន្តទៀត ដោយសារកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ និងកំនើនសេដ្ឋកិច្ចកម្ពុជានៅតែមានភាពរ៉ឹងមាំល្អប្រសើរ។
លោកបន្តថា “កម្ពុជានៅតែស្ថិតក្នុងក្រសែភ្នែកអ្នកវិនិយោគអន្តរជាតិ ដែលពួកគេមើលឃើញថាទីផ្សារនេះនៅតែមានភាពទាក់ទាញ និងរកឳកាសចំណេញបានច្រើនពីការបោះទុនវិនិយោគរបស់ពួកគេ”៕