ដោយ គង់ សូរិយា
ភ្នំពេញ៖ ស្របពេលទីផ្សារកាន់តែមានភាពប្រកួតប្រជែង ការវនិយោគអចលនទ្រព្យកាន់តែមានការធ្វើពិពិធកម្មទីផ្សារ ដោយអ្នកវិនិយោគមួយចំនួនបានងាកទៅវិនិយោគគំរោងបែបលំហែរកាយនៅជាយទីក្រុងភ្នំពេញ។
លោក អ៊ឹម វីរៈ នាយកក្រុមហ៊ុន Relax Resort Investment ដែលបានវិនិយោគគំរោងលំហែរកាយ នៅជាយក្រុងភ្នំពេញបានមានប្រសាសន៍ឲ្យដឹងកាលពីម្សិលម៉ិញនេះថា ក្នុងរយៈពេលប៉ុន្មានឆ្នំាចុងក្រោយនេះ ទីក្រុងភ្នំពេញកាន់តែចង្អៀត ធ្វើឲ្យបរិយាកាសរស់នៅនិងធ្វើដំណើរកាន់តែលំបាក ហើយសម្រាប់អ្នកមានជីវភាពធូរធា ក៏តែងសម្លឹងមើលឱកាសថ្មី ដើម្បីរៀបចំលំនៅដ្ឋានបន្ថែមទៀតនៅក្រៅក្រុង ដែលអាចផ្តល់លទ្ធភាពឲ្យពួកគេបានសម្រាក លំហែរនៅថ្ងៃចុងសប្តាហ៍ ឬក៏ថ្ងៃធ្វើការងារធម្មតា ប៉ុន្តែមិនប៉ះពាល់ដល់ពេលវេលាបំពេញការងារ ឬប្រកបមុខរបរ។
-->
លោកបន្តថា បន្ទាប់ពីតាមដានទីផ្សារអចលនទ្រព្យដោយយកចិត្តទុកដាក់ និងឃើញការរីកលូតលាស់ ព្រមទាំងតម្រូវការថ្មីៗ ក្រុមហ៊ុនរបស់លោក បានសម្រេចបង្កើតគម្រោងអភិវឌ្ឍន៍ថ្មី ដែលឆ្លើយតបនឹងនិន្នាការបច្ចុប្បន្ននិងទៅអនាគត។ លោកបានឲ្យដឹងថា គម្រោងនេះមានទីតាំងស្ថិតនៅក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដែលសក្តានុពលនៃទីតាំងមួយនេះ គឺមានស្ទឹងព្រែកត្នោតដ៏ស្រស់ស្អាត មានទឹកខួបប្រាំងខួបវស្សា នឹងធ្វើឲ្យជីវិតរបស់អ្នករស់នៅកាន់តែពេញចិត្ត។
នាយកផ្នែកអភិវឌ្ឍន៍អាជីវកម្មនៃក្រុមហ៊ុន A2A Town Cambodia លោក ហ៊ិន សុជាតិបានមានប្រសាសន៍ថា គំរោងលំនៅដ្ឋានលំហែរកាយចាប់ផ្តើមនៅកម្ពុជាកាលពីពេលថ្មីៗនេះ ហើយវាបាននិងកំពុងទទួលបានការចាប់អារម្មណ៍ ពីអ្នកមានធនធាននានា
ដែលចង់ងាកពីទីក្រុង ហើយស្វែងរកការលំហែរកាយនៅជាយក្រុង។លោកនម្តថា គំរោងបែបនេះនឹងមានការពេញនិយម និងទទួលបានជោគជ័យនៅរយៈពេលខ្លីខាងមុខនេះ។
លោកបន្តថា “ខ្ញុំជឿថាគំរោងលំនៅដ្ឋានបែបលំហែរកាយ បានចាប់ផ្តើមហើយនៅកម្ពុជា និងកំពុងទទួលបានការចាប់អារម្មណ៍កាន់តែខ្លាំងនាប៉ុន្មានឆ្នាំចុងក្រោយនេះ”។
លោកឧកញ៉ាលី ហួរប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជាបានថ្លែងថា ទីផ្សារលំនៅដ្ឋាននៅកម្ពុជាបន្តរីកចម្រើនរយៈពេលវែងបន្តទៀត ដោយសារការរីកចម្រើនសេដ្ឋកិច្ចសង្គម និងកំនើនសេដ្ឋកិច្ចជាតិបន្តកំនើនរ៉ឹងមាំបន្តទៀត។ ទោះជាយ៉ាងណាទីផ្សារលំនៅដ្ឋាន បានងាកមកកាន់ប្រជាជនមានជីវភាពមធ្យមច្រើន ដោយសារចំនួនប្រជាជនស្ថិតនៅក្រុមនេះមានចំនួនច្រើន ធៀបនឹងក្រុមដទៃទៀត ហេតុនេះការវិនិយោគជ័យលំនៅដ្ឋានតម្លៃសមរម្យនឹងទទួលបានជោគជ័យ។
លោកឧកញ៉ាបានបន្តថា “ការវិនិយោគលើលំនៅដ្ឋានលំហែរកាយជាទស្សនទាននៃការអភិវឌ្ឍន៍ថ្មី ហេតុនេះការរីកចម្រើនរបស់វានឹងដំណើរការយឺតៗ វាត្រូវការពេលវេលាបន្ថែមទៀត”៕