ដោយ គង់ សូរិយា
ភ្នំពេញ៖ សេដ្ឋកិច្ចកម្ពុជាក្នុងរយៈពេលជាងពីរទសវត្សរ៍ចុងក្រោយនេះ សម្រេចបានកំណើនជាង៧ភាគរយ ដែលបានធ្វើឲ្យកម្ពុជាក្លាយជាខ្លាសេដ្ឋកិច្ចថ្មីមួយក្នុងតំបន់ ស្របពេលគេមើលឃើញថា សេដ្ឋកិច្ចកម្ពុជានៅតែមានកំណើនរ៉ឹងមាំបន្តទៀត។
ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកនៃអគ្គនាយកដ្ឋានថវិកា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកហាវ រតនៈបានថ្លែងក្នុងបទបង្ហាញទាក់ទងច្បាប់ថវិកាឆ្នាំ២០១៨ កាលពីពេលថ្មីៗនេះថា សូចនាករនៃក្របខណ្ឌម៉ាក្រូសេដ្ឋកិច្ចឆ្នាំ២០១៦- ២០១៨ ផលិតផលក្នុងស្រុកសរុប ហៅកាត់ផ.ស.ស តាមការព្យាករណ៍នៅក្នុងឆ្នាំ២០១៨នេះ អាចកើនឡើងជិត១០០លានលានរៀល ខណៈឆ្នាំ២០១៧ ត្រូវបានប៉ាន់ស្មានមានជាង៨៩លានលានរៀល ដែលធ្វើឲ្យផលិតផលក្នុងស្រុកសរុបមានកំនើន៧ភាគរយ និងឆ្នាំ២០១៧សម្រេចបានកំនើនប្រមាណ៦,៩ភាគរយ និងនៅឆ្នាំ២០១៨ កម្ពុជានឹងអាចរក្សាបានកំនើនផលិតផលក្នុងស្រុកសរុបក្នុងរង្វង់ ៦,៩ភាគរយផងដែរ។
វិស័យដែលនៅតែរក្សាកំណើនល្អសម្រាប់ឆ្នាំ២០១៨រួមមាន វិស័យកសិកម្ម អាចស្ថិតនឹងមានកំនើននៅក្នុងរង្វង់២,៣ភាគរយ ខណៈឆ្នាំ២០១៧ ត្រូវបានប៉ាន់ស្មាន២,០ភាគរយ វិស័យឧស្សាហកម្មនឹងមានកំនើន៨,៦ភាគរយ ខណៈឆ្នាំ២០១៧ ត្រូវបានប៉ាន់ស្មានមានកំនើន៩,២ភាគរយ វិស័យសេវាកម្មមានកំនើនប្រមាណ៧,៦ភាគរយ ខណៈឆ្នាំ២០១៧ត្រូវបានប៉ាន់ស្មាន៧,២ភាគរយផងដែរ។
លោកហាវ រតនៈបានបន្តថា ប្រាក់ចំណូលប្រជាជនម្នាក់ៗកាលពីក្នុងឆ្នាំ២០១៦បានកើនឡើង១.៣០២ដុល្លារ។ ឆ្នាំ២០១៧ត្រូវបានប៉ាន់ស្មានកើនដល់១.៤៣៥ដុល្លារ និងឆ្នាំ២០១៨នេះ ត្រូវព្យាករណ៍កើនឡើងដល់១.៥៦៨ដុល្លារអាមេរិកក្នុងមួយឆ្នាំ។ ចំណែកអតិផរណាជាប្រាក់រៀល មានកំណើន៣ភាគរយនៅឆ្នាំ២០១៦ និងឆ្នាំ២០១៧ ឡើងដល់៣,៨ភាគរយ និងនៅឆ្នាំ២០១៨តាមការព្យាករណ៍ អត្រាអតិផរណាមានកំនើនប្រមាណ៣,៥ភាគរយ ។
របាយការណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានបង្ហាញថា ទុនបម្រុងអន្តរជាតិ នៅក្នុងឆ្នាំ២០១៦ មានចំនួន៦.៧៣១លានដុល្លារ ក្នុងនោះចំនួនខែនៃការនាំចូលទំនិញ និងសេវាស្ថិតក្នុងរង្វង់៥,៤ភាគរយ។ នៅឆ្នាំ២០១៧ ត្រូវបានប៉ាន់ស្មាន៩.០៥០លានដុល្លារ ហើយចំនួននាំចូលទំនិញ និងសេវាក្នុងរង្វង់ ៦,០ភាគរយ ។ ដោយឡែកនៅក្នុងឆ្នាំ២០១៨ តាមការព្យាករណ៍ទុនបម្រុងអន្តរជាតិ អាចឡើងដល់១០.៥១៨លានដុល្លារ រួមជាមួយចំនួននាំចូលទំនិញ និងសេវាស្ថិតក្នុងរង្វង់៦,៥ភាគរយផងដែរ។
លោកហាវ រតនៈបានបន្តថា ទោះបីសូចនាករនៃក្របខណ្ឌម៉ាក្រូសេដ្ឋកិច្ច មានភាពល្អប្រសើរក៏ដោយ តែបរិការណ៍រួម នៃការរៀបចំថវិការឆ្នាំ២០១៨ នៅតែមានបញ្ហាប្រឈម និងហានិភ័យផងដែរ ដូចជាសម្ពោធចំណាយថវិកា បន្ទុកបុគ្គល ខណៈចំណូលថវិការកៀកនឹងពិដាននៃសក្តានុពល និន្នាការកើនឡើងនៃថ្លៃប្រេង និងសម្ពោធនៃថ្លៃម្ហូនអាហារ ដែលធ្វើឲ្យមានបញ្ហាប្រឈមផ្សេងៗទៀត រួមមាន ថ្លៃអគ្គិសនីខ្ពស់ ប្រព័ន្ធដឹកជញ្ជូន និងឡូជីស្ទិកនៅទន់ខ្សោយ កំណើនប្រាក់ឈ្នួលអប្បបរមា ផលិតភាពទាប កង្វះជំនាញ ភាពស្មុកស្មាញ, និងមានថ្លៃខ្ពស់នៃនីតិវិធីធុរកិច្ចផងដែរ។
ទីប្រឹក្សាផ្នែកសេដ្ឋកិច្ច និងអភិវឌ្ឍន៍នៃក្រុមហ៊ុន Emerging Market Consulting លោកង៉ែត ជូបានថ្លែងថា វិស័យសំខាន់ៗ ដែលជាកំលាំងចលករជួយជំរុញកំនើនសេដ្ឋកិច្ចកម្ពុជានៅតែមានភាពល្អប្រសើរ ហើយសេដ្ឋកិច្ចកម្ពុជារីកចម្រើនក្នុងរង្វង់៧ភាគរយ សុទ្ឋតែជាសញ្ញាវិជ្ជមាន ដែលនាំឲ្យកម្ពុជាអាចសម្រេចបានគោលដៅរបស់ខ្លួន ក្នុងការនាំប្រទេសទៅកាន់ប្រទេសមានប្រាក់ចំណូលមធ្យម កម្រិតខ្ពស់នៅឆ្នាំ២០៣០ខាងមុខ។
លោកបន្តថា “ផ្អែកលើ់មូលដ្ឋាន និងគោលនយោបាយត្រឹមត្រូវរបស់រដ្ឋាភិបាល សេដ្ឋកិច្ចកម្ពុជា នឹងបន្តរីកចម្រើនរយៈពេលមធ្យមខាងមុខបន្ថែមទៀត”៕