ដោយ ដែន ចែងចាំង
ភ្នំពេញ៖ ការមកដល់នៃអ្នកវិនិយោគអន្តរជាតិ បានធ្វើឲ្យការវិនិយោគតំបន់ឧស្សាហកម្ម និងតម្រូវការប្រើប្រាស់ឃ្លាំង និងរោងចក្រនានានៅតាមតំបន់សេដ្ឋកិច្ចពិសេស បានកើនឡើងខ្លាំងនៅដើមឆ្នាំនេះ ធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
យោងការសិក្សារបស់ក្រុមហ៊ុន CBRE Cambodia ដែលទើបបានបញ្ចប់របាយការណ៍របស់ខ្លួននៅដំណាច់ត្រីមាសទី២ឆ្នាំនេះបានរកឃើញថា គិតត្រឹមរយៈពេល៥ខែដើមឆ្នាំនេះ តំបន់ឧស្សាហកម្មបានកើនឡើងរហូតដល់២៦កន្លែង ដែលមានទំហំផ្ទៃក្រឡាសរុបចំនួន២៤ម៉ឺនម៉ែត្រការ៉េ។ តម្លៃជួលឃ្លាំង ឬរោងចក្រ ដែលបានសាងសង់ចប់រួចរាល់ មានតម្លៃជួលរហូតដល់៣,២ ទៅ២,១ដុល្លារក្នុងមួយម៉ែត្រការ៉េ។
របាយការណ៍ដដែលបានបង្ហាញថា តម្រូវការសេវាកម្មជួលនានានៅតាមតំបន់ឧស្សាហកម្មបន្តកើនឡើងខ្ពស់ អាស្រ័យលើផែនការនៃគំរោង ហេដ្ឋារចនាសម្ព័ន្ឋ ទីតាំង និងគោលដៅនៃការវិនិយោគ។
នាយិការប្រចាំប្រទេសនៃក្រុមហ៊ុនCBRE Cambodiaអ្នកនាងអាន សុធីតាបានថ្លែងថា កំណើននៃការវិនិយោគតំបន់ឧស្សាហកម្មកើនឡើង ដោយសារកត្តាបីសំខាន់ ទី១ កម្ពុជាជាគោលដៅនៃការវិនិយោគផ្នែកឧស្សាហកម្ម ទី២ កំលាំងពលកម្មនៅកម្ពុជាមានតម្លៃទាប ធៀបជាមួយប្រទេសថៃ គឺកម្ពុជាអាចទាបជាង២ដង និងទី៣ ការអនុគ្រោះពន្ឋ និងច្បាប់វិនិយោគដ៏ទាក់ទាញរបស់កម្ពុជា។
អ្នកនាងបន្តថា “ទោះជាយ៉ាងណាកម្ពុជាក៏មានបញ្ហាប្រឈមរបស់ខ្លួនផងដែរ ទាក់ទងនឹងតម្លៃទឹក និងអគ្គិសនីនៅថ្លៃជាងប្រទេសជិតខាង”។ អ្នកនាងបន្ថែមថា “យ៉ាងណាខ្ញុំគិតថារដ្ឋាភិបាលនឹងដោះស្រាយបញ្ហាទាំងនេះបាន សម្រាប់រយៈពេល៣ទៅ៥ឆ្នាំខាងមុខ ដោយសារបច្ចុប្បន្នរដ្ឋាភិបាលបាននិងកំពុងវិនិយោគវារីអគ្គិសនី និងរោងចក្រអគ្គិសនីជាច្រើន”។
អគ្គនាយកក្រុមហ៊ុន Camtop Property Groupលោកខាត់ សុវណ្ណបានថ្លែងឲ្យដឹងកាលពីពេលថ្មីៗនេះផងដែរថា តម្រូវការឃ្លាំង និងរោងចក្រនានានៅតាមតំបន់សេដ្ឋកិច្ចពិសេស និងតាមតំបន់ជាយក្រុងនានាពិតជាបានកើនឡើង ដោយសារការកើនឡើងនៃការវិនិយោគពីបរទេស ពិសេសអ្នកវិនិយោគមកពីប្រទេសចិន។ លោកបន្តថា កំនើននៃការផ្គត់ផ្គង់ឃ្លាំង ឬរោងចក្រនៅក្នុងទីក្រុងត្រូវបានកាត់បន្ថយ ដោយនិន្នាការនេះបានងាកទៅតំបន់ជាយក្រុង ហើយការវិនិយោគឃ្លាំង និងរោងចក្រសម្រាប់ជួលដែលមានស្តង់ដា កាន់តែមានភាពទាក់ទាញនិងទទួលបានតម្លៃបន្ថែមកាន់តែខ្ពស់។
លោកបន្តថា “ការវិនិយោគឃ្លាំងឬរោងចក្រសម្រាប់ជួល ពិតជាបានងាកទៅជាយក្រុងភ្នំពេញ ពិសេសនៅតាមបណ្តោយផ្លូវជាតិសំខាន់ៗ ដែលតភ្ជាប់រវាងទីក្រុងភ្នំពេញ និងបណ្តាខេត្ត ដែលមានហេដ្ឋារចនាសម្ព័ន្ឋល្អប្រសើរ សម្រាប់តភ្ជាប់ជាមួយកំពង់ផែ និងហេដ្ឋារចនាសម្ព័ន្ឋចាំបាច់នានា”៕