មជ្ឈមណ្ឌលពាណិជ្ជកម្ម MGN Tower កំពស់៤៨៥ម៉ែត្រនៅលើផ្លូវនរោត្តមកំពុងមានការវិវត្តបែបណា?

0

ដោយៈគង់ សូរិយា

ភ្នំពេញៈ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​លំដាប់​ពិភពលោក​ថ្មី​មួយ MGN Tower​កំពស់ ៤៨៥ម៉ែត្រ ដែលត្រូវបានរចនាឡើងដោយកញ្ចក់ជុំវិញ កំពុងស្ថិតក្នុងដំណាក់កាលសិក្សាបន្តឬយ៉ាងណា។

គំរោង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ដ៏​ធំ​នេះ​ មានឈ្មោះ​ថា​ MGN​ Tower​ បាន​ត្រូវ​ស្នើសុំ​វិនិយោគ​កាលពី​ឆ្នាំ២០១៨​កន្លង​មក​នេះ។​

យោង​តាម​គេហទំព័រ​ aasarchitecture​ បាន​ចុះផ្សាយ​កាលពី​ថ្ងៃទី២២​ ខែសីហា​ ឆ្នាំ​ ២០១៩​ កន្លងមក​ថា​ អគារ​នេះ​ត្រូវ​បាន​គេ​រំពឹង​ថា​ នឹង​ក្លាយជា​និមិត្តរូប​របស់​ប្រទេស​កម្ពុជា និង​ក្រុមហ៊ុន ​MGN​ ព្រោះ​គំរោង​នេះ​បាន​សាងសង់​ នៅ​តាម​បណ្តោយ​ផ្លូវ​ដែល​មាន​ភាព​មមាញឹក​ និង​កណ្តាល​ទីក្រុង​ភ្នំពេញ​។

អគារ​ខ្ពស់កប់ពពក​នេះ​ ត្រូវ​បាន​រចនា​ឡើង​បំពាក់​ទៅ​ដោយ​កញ្ចក់​ ដែល​អាច​គយ​គន់​ទេសភាព​ទីក្រុង​ភ្នំពេញ​ ។ បច្ចុប្បន្ន​នេះ​គម្រោង​នេះ​ ជា​គំរោង​ខ្ពស់​លំដាប់​ទី២របស់​ប្រទេស​កម្ពុជា​ ប្រកបដោយ​គំនិត​ឆ្នៃ​ប្រឌិត​ថ្មី​ នៃ​ការរចនា​ដូច​ផ្កា​អង្គារសីល​ និង​ស្ថាបត្យ​កម្ម​បាយ័ន​។ ទំរង់​អគារ​នេះ​ផ្លាស់​ប្តូរ​ទ្រង់ទ្រាយ​ផ្កា​យ៉ាង​ទន់ភ្លន់​ ដែល​មាន​រចនាបថ​ជា​រូប​ផ្កាយ​នៅ​ផ្នែក​ខាងលើ​។

អាគារ​ដ៏​ទាក់ទាញ​នេះ​ នឹង​ត្រូវ​សាងសង់​នៅ​លើ​ទីតាំង​ពាណិជ្ជកម្ម​ និង​វប្បធម៌​សម្រាប់​ប្រជាពលរដ្ឋ​ នឹងអាច​រីករាយ​នឹង​បរិយាកាស​នៃ​អគារ​ខ្ពស់​នៅក្នុង​ទីក្រុង​ ដែល​មាន​សកម្មភាព​ ដូចជា​ នៅ​ទីក្រុង​ញូ​វយ៉​ក សិង្ហបុរី​ ឬសាយ​ហ្គន​ជាដើម​។

មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ដ៏​អស្ចារ្យ​នេះ​ ត្រូវ​បាន​សាងសង់​ឡើង​សំរាប់​ប្រើប្រាស់​ចម្រុះ​រួមមាន​ ការិយាល័យ​ធនាគារ​ ​ការិយាល័យ​ និង​សណ្ឋាគារ​ជាដើម​។

នៅពេលសួរទៅកាន់ Facebook Page ផ្លូវការរបស់ធនាគារ MGN Emperor Bank ដែលជាធនាគារសាងសង់គំរោងនេះ តាមរយៈបណ្តាញទំនាក់ទំនងសង្គមកាលពីថ្ងៃទី៣០ កក្កដាកន្លងមកនេះ តំណាងក្រុមហ៊ុននេះបានឆ្លើយយ៉ាងខ្លីថា ការសាងសង់អាគារនេះ មិនទាន់បានចាប់ផ្តើមនៅឡើយទេ ដោយសារបញ្ហាសេដ្ឋកិច្ចសកល ដែលបណ្តាលមកពីជំងឺកូវីដ១៩៕

LEAVE A REPLY

Please enter your comment!
Please enter your name here