កម្ចីអចលនទ្រព្យនៅកម្ពុជាកើនឡើងលើសពាក់កណ្តាលនៃចំនួនឥណទាន ជាលក្ខណៈបុគ្គល

0

ដោយៈ ម៉ាណេត

ភ្នំពេញៈ ទោះបីស្ថិតក្នុងវិបត្តិសកល វិស័យអចលនទ្រព្យនៅកម្ពុជា ត្រូវបានមើលឃើញថានៅតែមានភាពរឹងមាំខ្លួន ដោយមានការគាំទ្រពីវិស័យធនាគារ និងហិរញ្ញវត្ថុ ដែលបាន និងកំពុងចូលចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

ជាក់ស្តែង កម្ចីអចលនទ្រព្យមានទំហំទឹកប្រាក់ ប្រមាណ៥,៦៤ពាន់លានដុល្លារ គិតត្រឹមចុងត្រីមាសទី២ ឆ្នាំ២០២១។ នេះបើយោងតាមរបាយការណ៍ក្រុមហ៊ុនក្រេឌីត    ប្យួ រ៉ូ ខេមបូឌា ខូ អិលធីឌី ចេញផ្សាយនៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១។

របាយការណ៍បានឱ្យដឹងថា នៅចុងត្រីមាសនេះសមតុល្យឥណទាន ជាលក្ខណៈបុគ្គ​លមានចំនួន១០,៧៥ ពាន់លានដុល្លារ។ បើទោះបីជា ចំនួនគណនីនៃកម្ចីអចលនទ្រព្យមានចំនួនត្រឹម១១,២៦% នៃចំនួនគណនីសរុប កម្ចីអចលនទ្រព្យមានលើសពីពាក់កណ្តាលនៃសមតុល្យឥណទាន ជាលក្ខណៈបុគ្គលសរុប (៥២,៤៧% ឬស្មើនឹង៥,៦៤ពាន់លានដុល្លារ)។ ចំណែកឯ សមតុល្យឥណទានហិរញ្ញវត្ថុផ្ទាល់ខ្លួន មានចំណែក ៤៦,៩៣%។

ជាមួយគា្ននេះដែរ អ្នកជំនាញក្នុងវិស័យអចលនទ្រព្យបានលើកឡើងថា វិស័យធនា​គារ និងហិរញ្ញវត្ថុដើរតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញ និងលើកម្ពស់វិស័យអចលនទ្រព្យ ខណៈអ្នកទិញលំនៅដ្ឋានបច្ចុប្បន្នភាគច្រើន ប្រើប្រាស់ឥណទានពីធនាគារនានានៅកម្ពុជា។

វិស័យអចលនទ្រព្យនៅកម្ពុជានៅតែបន្តមានភាពរឹងមាំ ទោះបីស្ថិតក្នុងវិបត្តិកូវីដ១៩ ដោយសារមានការគាំទ្រ និងយកចិត្តទុកដាក់ពីរដ្ឋាភិបាល និងពិសេសមានការគាំទ្រពីវិស័យធនាគារ។

ទាក់ទងនឹងស្ថានភាពឥណទាននៅកម្ពុជា លោកអឿ សុធារ័ត្នប្រធាននាយកប្រតិ​បត្តិនៃក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ ខេមបូឌា ខូ អិលធីឌីមានប្រសាសន៍ថា “ដូចគ្នាទៅនឹងឆ្នាំមុនៗដែរ ទីផ្សារឥណទានបុគ្គលនៅក្នុងត្រីមាសទីពីរ តែងមានការថមថយចុះ។

លោកបានថ្លែងបន្តថា យ៉ាងណាមិញទំហំធ្លាក់ចុះការស្នើរសុំឥណទានទាំងចំនួន និងទំហំទឹកប្រាក់ មានកម្រិតទាបជាងកាលពីត្រីមាសដូចគ្នានេះ ក្នុងឆ្នាំ២០២០ ដែលជាឆ្នាំចាប់ផ្តើមទទួលរងឥទ្ធិពល ដោយការរាតត្បាតនៃជំងឺកូវីដ១៩។

អនុបាទនៃគណនីប្រាក់កម្ចី ជាមួយនឹងការសងយឺត៣០ថ្ងៃ ហួសកាលបរិច្ឆេទកំណត់បានកើនឡើងដល់២,៥៧% ដែលបង្ហាញពីការធ្លាក់ចុះបន្តិចនៃគុណភាពឥណទានធៀបនឹងត្រីមាសមុន”៕

LEAVE A REPLY

Please enter your comment!
Please enter your name here