ដោយ សុជាតា
ភ្នំពេញៈ តំបន់អរិយក្សត្រ ដែលជាតំបន់ស្ថិតនៅកៀករាជធានីភ្នំពេញរំពឹងទុកថា នឹងកើនឡើងតម្លៃដីខ្ពស់ នៅពេលដែលស្ពានតភ្ពាប់ឆ្លងកាត់ទន្លេកើតឡើង។
លោកឌឹត ចាន់ណា អគ្គនាយកក្រុមហ៊ុន Lucky Real Estate បានប្រាប់ Property Area asia នៅថ្ងៃ ៤ ខែសីហានេះថា បើទោះបីវិបត្តិកូវីត១៩ បន្តអូសបន្លាយយ៉ាងណាក៏ដោយ ប៉ុន្តែតម្លៃដីធ្លីនៅតំបន់អរិយក្សត្រ នៅតែរក្សាតម្លៃខ្ពស់់នៅតាមទីតាំងសំខាន់ៗមួយចំនួន ដូចជាទីតាំងជាប់ផ្លូវធំកៅស៊ូ គឺមានតម្លៃចន្លោះ៤០០ដុល្លារ ទៅ៥០០ដុល្លារក្នុងមួយម៉ែត្រការ៉េ ហើយផ្លូវសំខាន់ៗបន្ទាប់ចន្លោះ១ម៉ែត្រការ៉េ តម្លៃ២០០ដុល្លារ និងផ្លូវក្នុងចំការ គឺតំម្លៃដី ស្ថិតនៅចន្លោះពី១០ ដុល្លារទៅ៥០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។
លោកបន្ថែមទៀតថា “តំបន់អរិយក្សត្រ ត្រូវបានប្រជាជនទូទៅស្គាល់ថាជាតំបន់ចំការ សម្បូរទៅដោយដំណាំច្រើនប្រភេទ និងជាទីផ្សារបន្លែដ៏សំខាន់មួយរបស់ទីក្រុងភ្នំពេញ ហើយតម្លៃនៃការទិញលក់ ហាក់មិនមានអ្វីគួរកត់សម្គាល់ទេ កាលពីប្រមាណ៥ឆ្នាំមុន”។
ប៉ូន្តែអភិវឌ្ឍចាប់ពីឆ្នាំ២០១៧ រហូតដល់ចុងឆ្នាំ២០២០កន្លងមក បើទោះបីជាមិនទាន់មានស្ពានឆ្លងកាត់ទៅកាន់តំបន់នៅឡើយ គេសង្កេតឃើញថា បុរីមួយចំនួនដូចជា បុរីចតុមុខ ខុនដូបានកើតឡើងរួចជាស្រេច។
ប្រសិនបើមានស្ពានតភ្ជាប់ណាមួយ ដូចជាគម្រាងស្ពានស្វាយជ្រុំ និងស្ពានក្តីតាកុយ នឹងធ្វើអោយតំបន់ក្លាយទៅជាអភិវឌ្ឍន៍ចំរុះគ្រប់វិស័យ ពីព្រោះមានគម្រាងអភិវឌ្ឍនានាមកកាន់តំបន់នេះ ។
ជាមួយគ្នានេះ លោកឧកញ៉ាបណ្ឌិត គឹម ហ៊ាងប្រធាន KW Cambodia មានប្រសា សន៍ថា គម្រោងទាំងអស់នេះ នឹងកែប្រែតំបន់អរិក្សត្រ ទៅជាទីក្រុងរណបមួយបន្ថែមទៀតរបស់ក្រុងភ្នំពេញ និងក្លាយទៅជាគោលដៅទេសចរណ៍កែច្នៃផងដែរ។
លោកឧកញ៉ាបន្តថា ប៉ុន្តែបើយើងក្រឡេកទៅមើលហេដ្ឋរចនាសម្ពន្ធ គឺមិនទាន់មានគ្រប់គ្រាន់នៅឡើយ ដោយស្ពានក៏មិនទាន់បានដំណើរការសាងសង់ ដែលតម្រូវឲ្យការធ្វើដំណើរនៅពឹងលើសាឡាង ហើយសណ្ឋានដីក៏ជាដីទំនាប ដែលប្រឈមនឹងការលិចទឹកភាគច្រើន ព្រមទាំងត្រូវការដីចាក់បំពេញច្រើន សម្រាប់ការសាងសង់គម្រោងនានា៕