ដោយៈ វឌ្ឍនៈ
ភ្នំពេញៈ គម្រោងធំៗមួយចំនួន ដែលកំពុងសាងសង់ និងអភិវឌ្ឍន៍នៅប៉ែកខាងត្បូងរាជធានីភ្នំពេញ បាននិងកំពុងទាក់ទាញ ការអភិវឌ្ឍលំនៅឋានកាន់តែខ្លាំងបន្ថែមទៀត និងបានជំរុញឱ្យទីផ្សារអចលនទ្រព្យនៅតំបន់នោះ នៅតែរក្សាតម្លៃល្អ ទោះបីស្ថិតនៅក្នុងវិបត្តិបែបនេះក្ដី។
គម្រោងដែលត្រូវបានគេមើលឃើញថា កំពុងតែបង្ហាញពីកិត្យានុភាពក្នុងការទាក់ទាញវិនិយោគិន ក្នុងការសម្លឹងទៅរកតំបន់ប៉ែកខាងត្បូងភ្នំពេញ និងធ្វើឱ្យវិស័យលំនៅឋានក្នុងតំបន់កាន់តែទាក់ទាញនោះ រួមមានគម្រោងផ្សារទំនើបអ៊ីអនម៉ល៣។ គម្រោងនេះ បាននិងកំពុងសាងសង់ទៅដោយរលូនទោះបីជាកម្ពុជាកំពុងស្ថិតនៅក្នុងវិបត្តិបែបណាក្ដី ។
គម្រោងមួយទៀត ដែលទាក់ទាញវិនិយោគិនអភិវឌ្ឍន៍លំនៅឋានទៅប៉ែកខាងត្បូងនោះគឺគម្រោងសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៣ ដែលគម្រោងនេះកំពុងតែសាងសង់ជិតរួចរាល់ជាស្ថាពររួចហើយ។ គម្រោងផ្លូវក្រវ៉ាត់ក្រុងទី៣របស់រដ្ឋាភិបាល ក៏បានជំរុញឱ្យតម្លៃអចលនទ្រព្យជាពិសេសតម្លៃដីធ្លីនៅតំបន់ក្រវ៉ាត់ក្រុងនោះកាន់តែមានសន្ទុះមួយកម្រិតទៀត ។
គម្រោងធំមួយទៀត ដែលធ្វើឱ្យតម្លៃនិងទាក់ទាញការអភិវឌ្ឍលំនៅឋានកាន់តែខ្លាំងនៅប៉ែកខាងត្បូងភ្នំពេញ គឺគម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះភ្នំពេញថ្មី ដែលព្រលានយន្តហោះធំលំដាប់ទី ៩ នៅលើពិភពលោក។ គម្រោងនេះ បាននិងកំពុងសាងសង់យ៉ាងមមាញឹកផងដែរ មកដល់ពេលនេះ ហើយវាក៏បានទាក់ទាញការអភិវឌ្ឍលំនៅឋានជាបណ្ដើរៗផងដែរ ។
តាមម្ចាស់គម្រោងអភិវឌ្ឍន៍លំនៅឋានមួយចំនួន ក៏បានយកឈ្មោះគម្រោងផ្សារទំនើបអ៊ីអនម៉ល៣ ក្នុងការឃោសនាលក់គម្រោងរបស់ខ្លួនផងដែរ ជាក់ស្ដែងអ្នកស្រីសុខ បូរីប្រធានទីផ្សារនៃម្រោងអភិវឌ្ឍន៍លំនៅឋានបុរីខេមរភូមិ ក៏បានឱ្យដឹងថា កត្តាដែលជំរុញឱ្យម្ចាស់បុរីជ្រើសរើសទីតាំងប៉ែកខាងត្បូងសម្រាប់ការអភិវឌ្ឍលំនៅឋាន ដោយសារតែមើលពីសក្ដានុពលជាច្រើនក្នុងតំបន់ ក្នុងនោះគម្រោងផ្សារទំនើបអ៊ីអនម៉ល៣ក៏ជាកត្តាជំរុញក្នុងការអភិវឌ្ឍផងដែរ។
អ្នកស្រីបន្តថាកត្តាផ្សេងទៀតដែលជំរុញឱ្យក្រុមហ៊ុនងាកមកចាប់អារម្មណ៍និងអភិវឌ្ឍន៍លំនៅឋានក្នុងតំបន់នេះ ពីព្រោះ តំបន់ប៉ែកខាងត្បូងមានគម្រោងធំៗមួយចំនួនទៀត ដូចជាគម្រោងស្ថាបនាផ្លូវថ្មីៗ និងពង្រីកផ្លូវចាស់ឡើងវិញគម្រោងអភិវឌ្ឍន៍ផ្លូវក្រវ៉ាត់ក្រុងទី៣ ដែលជាផ្លូវសំខាន់សម្រាប់ធ្វើដំណើរទៅបណ្ដាខេត្តដោយមិនបាច់ចាំឆ្លងរាជធានីភ្នំពេញ។
ក្រៅពីនេះ គម្រោងព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ក៏ជាកត្តាជំរុញឱ្យមានការអភិវឌ្ឍលំនៅឋានផងដែរ ។
លោកសន សៀប នាយកក្រុមហ៊ុនអចលនទ្រព្យឃី រៀលអ៊ីស្ទេតបានលើកឡើងផងថា តំបន់ប៉ែកខាងត្បូងរាជធានីភ្នំពេញ ត្រូវបានមើលឃើញថាសន្ទុះនៃតម្លៃដីធ្លីមានការកើនឡើងគួរឱ្យកត់សម្គាល់ ដែលធ្វើឱ្យកំណើនដីធ្លីក្នុងរាជធានីភ្នំពេញទាំងមូលជាមធ្យមរក្សាបានកំណើនផងដែរ ទោះបីជាតំបន់មួយចំនួនក្នុងរាជធានីមិនបានកើនឡើងក្ដី៕