តើអ្នកណាជាស្ថាបត្យករសំណង់ផ្សារធំថ្មីកណ្ដាលរាជធានីភ្នំពេញ?

0

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ ស្ថាបត្យកម្មផ្សារធំថ្មី (Central Market) មានលក្ខណៈពិសេសបំផុត បើគិតពីភាពច្នៃប្រឌិត និងសំណង់ស្ថាបត្យកម្ម ប៉ុន្តែមនុស្សមិនច្រើនទេ ដែលបានដឹងថាតើអ្នកណាជាអ្នកគូរប្លង់ផ្សារ ដ៏មានកិត្យានុភាពនេះ។

សំណង់ផ្សារធំថ្មីអាចចាត់ទុកជាបេតិកភ័ណ្ឌប្រវត្តិសាស្រ្តមួយ ដែលបានកសាងតាំងពីជំនាន់កម្ពុជា ស្ថិតនៅក្រោមអាណានិគមបារាំង គឺអំឡុងឆ្នាំ១៩៣៥ ហើយគិតមកដល់ពេលនេះ វាមានអាយុកាលជិត៩០ឆ្នាំហើយយ តែនៅតែមានលក្ខណៈរឹងមាំ មិនចាញ់សំណង់ថ្មីៗទើបកសាងឡើយ។

តើស្ថាបត្យករ ដែលបានគូរប្លង់អគារដ៏ល្អេកមួយនេះអ្នកណា? ទើបធ្វើឱ្យសំណង់មួយនេះបានក្លាយជាទីចាប់អារម្មណ៍រហូតមកដល់ពេលនេះ?។

យោងតាមសៀវភៅប្រវត្តិសាស្ត្រមួយ ដែលបានកត់ទុកបានបញ្ជាក់ថា សំណង់ផ្សារធំថ្មី ត្រូវបានកសាងឡើងនៅក្នុងអំឡុងបារាំងត្រួតត្រាកម្ពុជា ហើយទីតាំងសំណង់មួយនេះ គឺជាបឹងដ៏ធំមួយ ដែលគេហៅឈ្មោះថា “បឹងតេជោ” ដែលពលរដ្ឋជំនាន់នោះ បានជីកយកទៅចាក់បំពេញ នៅតំបន់ជុំវិញវត្តភ្នំឱ្យបានខ្ពស់ និងចាក់បំពេញនៅព្រះបរមរាជវាំងឱ្យរាបស្មើកុំឱ្យទឹកលិច។ ក្រោយមកបារាំង បានចាក់ដីលុបទាំងស្រុងទៅលើទីតាំងបឹងនោះ ដើម្បីសាងសង់ផ្សារធំថ្មីនេះ ។

ក្នុងឯកសារប្រវត្តិសាស្ត្រ បានសរសេរថាសំណង់ផ្សារធំថ្មី ត្រូវបានសាងសង់ឡើងដោយស្ថាបត្យករ ជនជាតិបារាំងមួយរូបគឺលោកសង់ ដឺប៊រស៍ (Jean Desbois )។ លោក Jean Desbois បានកើតនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ១៨៩១ នៅប្រទេសបារាំង ។

លោកបានសិក្សាជំនាញឯកទេស ពីស្ថាបត្យករដ៏ល្បីឈ្មោះ គឺលោកល្វីសបឺញេ និងលោកអេម៉ាណូអេល ប៉ុនត្រេម៉ូលី នៅទីក្រុងបារីសប្រទេសបារាំង រហូតបានបញ្ចប់ការសិក្សានៅក្នុងឆ្នាំ១៩២០ និងធ្លាប់ទទួលបានមេដាយរចនាប្លង់ ក្នុងជ័យលាភីលេខ ២។

លោកបានបំពេញការងារជាស្ថាបត្យករ នៅក្នុងទីក្រុងបារីសចាប់ពីឆ្នាំ១៩២០ ដល់ឆ្នាំ១៩២២ បន្ទាប់មកលោកបានដាក់ពាក្យធ្វើការនៅតំបន់ឥណ្ឌូចិន ក្ន្នងផ្នែកសាធារ​ណ​ការ តាមសំណើរទីភ្នាក់ងារសេដ្ឋកិច្ច នៃអគ្គទេសាភិបាលឥណ្ឌូចិន ប្រចាំទីក្រុងបារីស ។

នៅថ្ងៃទី១០ មីនា១៩២២ លោកបានចុះមកធ្វើការនៅប្រទេសកម្ពុជា ហើយនៅអំឡុងពេលលោកធ្វើការក្នុងប្រទេសកម្ពុជា លោករចនាប្លង់សំណង់ផ្សារធំថ្មី មុនពេលលោកផ្លាស់ចេញ ទៅធ្វើការនៅប្រទេសអាណាម (ប្រទេសវៀតណាមបច្ចុប្បន្ន ) ។

ផ្សារធំថ្មី ត្រូវបានជនជាតិបរទេសនិយមហៅថា Central Market តែមិនមែនផ្សារកណ្ដាលនៅក្បែរវត្តឧណ្ណាឡោមនោះទេ ។ ផ្សារនេះ បានក្លាយជាកន្លែងទេសចរណ៍របស់ជនបរទេសផង និងក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏សំខាន់មួយ នៅរាជធានីភ្នំពេញផងដែរ ។

កាលពីអំឡុងឆ្នាំ២០១០ផ្សារនេះ ក៏ត្រូវបារាំងជួយជួសជុលឡើងវិញ ដើម្បីកែលម្អសោភ័ណភាព ឱ្យស្រស់ស្អាតនិងដើម្បីទាក់ទាញ ភ្ញៀវទេសចរជាតិនិងអន្តរជាតិ និងដាក់ដំណើរការឡើងវិញ នៅអំឡុងឆ្នាំ២០១១ ។ រហូតមកដល់បច្ចុប្បន្ន (មុនពេលមានវិបត្តិកូវីដ) ផ្សារធំថ្មីមានភាពអ៊ូរអរមានសកម្មភាពមមាញឹក មនុស្សម្នាចេញចូលទិញ ទំនិញនិងទស្សនាបីដូចជាផ្សារទំនើបអ៊ីចឹងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here