ដោយៈសុខុម
ហុងកុង: ក្រុមហ៊ុនច្បាប់មួយដែលមានមូលដ្ឋាននៅក្រុងហុងកុង និយាយថា ពលរដ្ឋហុងកុង ដែលភៀសខ្លួនទៅក្រៅប្រទេស បានទិញអចលនទ្រព្យដែលគិតជាតម្លៃសរុបយ៉ាងតិច១០០លានដុល្លារអាមេរិក ចាប់តាំងពីឆ្នាំ២០១៩ ជាឆ្នាំដែលផ្ទុះចលាចលសង្គមមិនធ្លាប់មាន។ នេះបើយោងតាមកាសែត Bangkok Post ចុះផ្សាយកាលពីថ្ងៃទី១១ សីហា។
ក្រុមហ៊ុនច្បាប់ Harvey Law Group (HLG) បានរកឃើញថា គោលដៅភៀសខ្លួនដ៏ពេញនិយមសម្រាប់ពលរដ្ឋហុងកុង មានដូចជា សហរដ្ឋអាមេរិក អង់គ្លេស អូស្ត្រាលី នូវែលសេឡង់ និងកាណាដា។ ពលរដ្ឋហុងកុង បានសម្រុកស្វែងរកទិញលំនៅដ្ឋាននៅក្រៅប្រទេស ដើម្បីទទួលបានសញ្ជាតិតាមរយៈការវិនិយោគ ហើយនិន្នាការនេះបានកើនឡើង៤ដងក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ។
លោក Jean-Francois Harvey ដែលជានាយកគ្រប់គ្រងទូទាំងពិភពលោក និងជាស្ថាបនិកនៃក្រុមហ៊ុនច្បាប់ខាងលើនេះបានថ្លែងថា “ពីអតិថិជនរបស់យើងទូទាំងពិភពលោកចាប់តាំងពីឆ្នាំ២០១៩ ពួកគេបានទិញអចលនទ្រព្យប្រមាណ១ពាន់លានដុល្លារអាមេរិក ក្រោមកម្មវិធីផ្ដល់សិទ្ធិជ្រកកោន ឬផ្ដល់សញ្ជាតិតាមរយៈការវិនិយោគ ហើយហុងកុង មានចំណែកប្រហែល១០%នៃចំនួននោះ”។
ចាប់តាំងពីឆ្នាំ១៩៩២ ក្រុមហ៊ុនHLG ដែលមានការិយាល័យចំនួន១៨នៅទូទាំងពិភពលោក បានបម្រើសេវាជូនអតិថិជន និងគ្រួសារប្រមាណ១២.០០០នាក់/គ្រួសារដែលបានទិញអចលនទ្រព្យ តាមរយៈកម្មវិធីផ្ដល់សិទ្ធិជ្រកកោន ឬផ្ដល់សញ្ជាតិ។
លោកបានលើកឡើងទៀតថា “តម្រូវការនេះនៅតែបន្តកើតមាន ដែលនៅមុនឆ្នាំ១៩៩៧ យើងទទួលបានអតិថិជនជាពលរដ្ឋហុងកុងក្នុងចំនួនតិចតួច ប៉ុន្តែនៅឆ្នាំ២០១៩ យើងទទួលបានច្រើនគួរឱ្យភ្ញាក់ផ្អើល គឺកើនឡើងដល់ទៅ៤ដងឯណោះ”។
រាល់ពេលដែលទីក្រុងនេះ ប្រឈមមុខនឹងវិបត្តិនយោបាយ ចំនួនពលរដ្ឋហុងកុង ដែលសាកសួរព័ត៌មាន ទិញអចលនទ្រព្យនៅក្រៅប្រទេស តែងតែមានការកើនឡើងគួរ ឱ្យកត់សម្គាល់។
ចំនួនពលរដ្ឋហុងកុង ដែលស្វែងរកលិខិតឆ្លងដែនទី២ ឬសិទ្ធិជ្រកកោននៅក្រៅប្រទេសក៏មានការកើនឡើងដែរ ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ។
តាមពិតទៅ លិខិតឆ្លងដែនហុងកុង គឺមានតម្លៃណាស់ ដោយអ្នកកាន់លិខិតឆ្លងដែននេះ អាចធ្វើដំណើរចេញចូលប្រទេសនានា ជុំវិញពិភពលោកដោយសេរី។ ទោះជាយ៉ាងណា ជម្រើសលិខិតឆ្លងទី២ កាន់តែពេញនិយមខ្លាំងឡើងៗ សម្រាប់ពលរដ្ឋហុងកុង បន្ទាប់ពីរដ្ឋាភិបាលក្រុងប៉េកាំង បានដាក់ចេញនូវច្បាប់សន្តិសុខជាតិ ដែលមជ្ឈដ្ឋានទូទៅមើលឃើញថា ជាការរំលោភលើសិទ្ធិស្វ័យភាពរបស់ហុងកុង និងសទ្ធិសេរីភាពពេញលេញដែលពលរដ្ឋហុងកុង ធ្លាប់តែទទួលបានក្រោមសន្ធិសញ្ញាចិន-អង់គ្លេស។ ហុងកុង កាលពីមុន ធ្លាប់ស្ថិតក្រោមនឹមអាណានិយមរបស់អង់គ្លេស។
កម្មវិធីផ្ដល់សិទ្ធិជ្រកកោន និងកម្មវិធីផ្ដល់សញ្ជាតិ តាមរយៈការវិនិយោគនៅក្រៅប្រទេស ក៏បានធ្វើឱ្យទីផ្សារអចលនទ្រព្យប្រភេទលំនៅដ្ឋាន នៃប្រទេសជាគោលដៅទទួលបានកំណើនគួរឱ្យកត់សម្គាល់ផងដែរ ព្រោះការទិញអចលនទ្រព្យ ជាវិធីតែមួយគត់ដើម្បីទទួលបានការអនុញ្ញាតឱ្យស្នាក់នៅក្នុងប្រទេសមួយ។
ពលរដ្ឋហុងកុង ប្រមាណ៥០.០០០នាក់ បានជ្រើសរើសចាកចេញពីទីក្រុងហុងកុងជាអចិន្ត្រៃនៅក្នុងឆ្នាំ២០២០។ នេះបើយោងតាមក្រុមហ៊ុនមានមូលដ្ឋាន នៅប្រទេសអង់គ្លេស ឈ្មោះ Astons ដែលជួយអតិថិជនទិញអចលនទ្រព្យ និងទទួលបានសិទ្ធិជ្រកកោន និងសញ្ជាតិតាមរយៈការវិនិយោគ៕