ដោយៈសុជាតា
ភ្នំពេញៈ អាគារសាងសង់មន្ទីរពេទ្យកាល់ម៉ែតដ៏ស្កឹមស្កៃ ដែលចំណាយទុនប្រមាណ៩០លានដុល្លារអាមេរិក និងមានកម្ពស់១២ជាន់ គ្រោងនឹងបញ្ចប់នៅខែកញ្ញា ឆ្នាំ ២០២២ខាងមុខនេះ។
សំណង់អាគារមន្ទីរពេទ្យថ្នាក់ជាតិធំជាងគេនៅកម្ពុជានេះ ដែលជាសំណង់លំដាប់់ខ្ពស់នៅរាជធានីភ្នំពេញ មានកម្ពស់១២ជាន់ រហូតមកដល់ពេលនេះសម្រេចបានជាង៦០ភាគរយហើយគ្រោងបញ្ចប់នៅអំឡុងខែកញ្ញាឆ្នាំ២០២២ខាងមុខនេះ។
លោក គង់ សន្យា អគ្គនាយករងមន្ទីរពេទ្យកាល់ម៉ែតបានមានប្រសាសន៍ថា ឲ្យដឹងតាមទូរស័ព្ទកាលពីថ្ងៃទី១២ សីហាកន្លងមកថា បច្ចុប្បន្នក្រុមហ៊ុនសាងសង់កំពុងមមាញឹក ក្នុងការបញ្ចប់ការងារ ដែលនៅសេសសល់ដូចជាក្រាលឥដ្ឋការ៉ូ រៀបចំជញ្ជាំង បន្ទប់ទឹក និងបំពាក់សម្ភារបរិក្ខាទំនើបៗ”។
អគារមជ្ឈមណ្ឌលពហុឯកទេសនៅមន្ទីរពេទ្យកាល់ម៉ែត ត្រូវបានប្រារព្វពិធីបញ្ចុះបឋមសីលា និងបើកការដ្ឋានសាងសង់កាលពីទី៥ ខែមីនា ឆ្នាំ២០១៨ នឹងធ្វើទំនើបកម្មមន្ទីរពេទ្យនេះ ឲ្យក្លាយទៅជាមន្ទីរពេទ្យបង្អែករបស់ជាតិ។
អគារនេះមានផ្ទៃក្រឡាសរុបជាង៤២.០០០ម៉ែត្រការ៉េ មានកំពស់១២ជាន់ អាចផ្ទុកបានរហូតដល់ទៅ៣២៨គ្រែ។ អគារទំនើប នេះបំពាក់នូវបច្ចេកវិទ្យាវេជ្ជសាស្ត្រឈានមុខ ដែលប្រមូលផ្តុំទៅដោយឯកទេសវេជ្ជសាស្ត្រ និងសល្យសាស្ត្រសំខាន់ៗទាំងអស់ រួមទាំងផ្នែកសង្គ្រោះបន្ទាន់ ផ្នែកប្រពោធនកម្មពហុឯកទេសទំនើបជាដើម៕