ដោយៈ សុខុម
ក្រុងឡុងដ៍: នៅពេលសួរថា តើទីក្រុងមួយណាដែលជាទីផ្សារលំនៅដ្ឋានមានតម្លៃថ្លៃបំផុតប្រចាំប្រទេសអង់គ្លេស? ភាគច្រើនប្រាកដជាស្មានថាទីក្រុងឡុងដ៍ ដ៏ល្បីល្បាញដែលជារាជធានីនៃប្រទេសនេះ ប៉ុន្តែតាមពិតគឺមិនមែននោះទេ។
យោងតាមធនាគារអង់គ្លេស Halifax ឱ្យដឹងថា ទីក្រុង Winchester ដែលស្ថិតក្នុងតំបន់ Hampshire គឺជាទីក្រុងដែលជាទីផ្សារលំនៅដ្ឋានមានតម្លៃខ្ពស់បំផុតប្រចាំប្រទេសនេះ។ នេះបើយោងតាមសារព័ត៌មាន BBC ចុះផ្សាយកាលពីថ្ងៃទី១២ សីហា។
ផ្អែកតាមតួលេខរបស់ធនាគារខាលើបង្ហាញថា ការទិញផ្ទះមួយក្នុងតំបន់ Hampshire គឺខ្ពស់ជាងប្រាក់ចំណូលជាមធ្យមរបស់ពលរដ្ឋដល់ទៅ១៤ដងឯណោះ ខណៈការទិញផ្ទះនៅក្នុងទីក្រុងឡុងដ៍ ខ្ពស់ជាងប្រាក់ចំណូលជាមធ្យមរបស់ពលរដ្ឋចំនួន១១ដង។ នេះមានន័យថា ពលរដ្ឋដែលមានជីវភាពត្រឹមមធ្យមគឺគ្មានលទ្ធភាពទិញផ្ទះសម្រាប់រស់នៅឡើយ។
លោក Russell Galley នាយកគ្រប់គ្រងធនាគារ Halifax បានលើកឡើងថា តម្លៃផ្ទះជាទូទៅបានបន្តហក់ឡើងមិនឈប់ គឺខ្ពស់ជាងឆ្ងាយបើធៀបនឹងកំណើនប្រាក់ឈ្នួលអប្បបរមារបស់ពលរដ្ឋ។
ទីក្រុង Winchester បានវ៉ាឈ្នះទីក្រុង Oxford ដ៏ល្បីល្បាញក្លាយជាទីក្រុងដែលជាទីផ្សារលំនៅដ្ឋានមានតម្លៃខ្ពស់បំផុតនៅក្នុងការស្ទង់មតិប្រចាំឆ្នាំ ហើយអ្វីដែលកាន់តែគួរឱ្យភ្ញាក់ផ្អើលជាងនេះទៅទៀតនោះ គឺទីក្រុងឡុងដ៍ បែរជាក្លាយជាទីផ្សារលំនៅដ្ឋានដែលមានតម្លៃធូរថ្លៃបំផុតរយៈពេល៣ឆ្នាំជាប់គ្នាទៅវិញ។
ក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះ ធនាគារ Halifax បានរកឃើញថា តម្លៃផ្ទះជាមធ្យមនៅតាមទីក្រុងនានារបស់អង់គ្លេស បានកើនឡើង១០,៣%។
ការវិភាគរបស់ធនាគារនេះទៅលើតួលេខរបស់ការិយាល័យជាតិស្ថិតិបង្ហាញថា ប្រាក់ចំណូលជាមធ្យមសម្រាប់ពលរដ្ឋដែលរស់នៅ និងធ្វើការក្នុងទីក្រុងនានាបានកើនឡើងត្រឹមតែ២,១%ប៉ុណ្ណោះក្នុងរយៈពេលដូចគ្នានេះ។
តម្លៃផ្ទះជាមធ្យមក្នុងទីក្រុងបានកើនឡើងដល់៤០០.០០០ដុល្លារអាមេរិក ខណៈប្រាក់ចំណូលជាមធ្យមបានកើនឡើងដល់ត្រឹមតែ៥០.០០០ដុល្លារអាមេរិក ក្នុងមួយឆ្នាំ៕