ដោយៈសុជាតា
ភ្នំពេញៈ ការអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ពន្ធខ្វាត់ខ្វែង នៅតំបន់ភាគខាងត្បូង បានធ្វើអោយតំបន់ចំការដូង ស្ថិតនៅក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ នាលពេលបច្ចុប្បន្ននេះ បាននិងកំពុងវិវឌ្ឍន៍ប្រែក្លាយទៅជាតំបន់លំនៅដ្ឋាន និងមជ្ឈមណ្ឌលពាណិតំបន់ទីប្រជុំជនដ៏ទាក់ទាញសម្រាប់ការរស់នៅដ៏ទំនើប។
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីមបានមានប្រសាសន៍ឲ្យដឹង នៅថ្ងៃទី20 ខែសីហាកន្លងមកថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ តំបន់ចំការដូង បានទាក់ទាញគម្រោងវិនិយោគ លើវិស័យអចលនទ្រព្យយ៉ាងខ្លាំង មិនចាញ់តំបន់នានា នៅក្នុងរាជធានីភ្នំពេញនោះទេ ជាពិសេសវិស័យលំនៅឋានដែលប្រែក្លាយទៅជាទីប្រជុំជន មានមនុស្សរស់នៅអ៊ូអរ។
លោកបន្តថា ក្រៅពីនេះតំបន់នេះ ក៏បានទាក់ទាញភោជនីយដ្ឋាន ហាងល្បីៗ សហគ្រាសខ្នាតតូចផ្សេងៗ ជាច្រើនទៀត ដើម្បីឆ្លើយតបទៅនឹងតម្រូវការ របស់ប្រជាពលរដ្ឋដែលរស់នៅទីនោះផងដែរ ។ មិនត្រឹមតែប៉ុណ្ណោះ វាមានហេដ្ឋារចនាសម្ព័ន្ធផ្លូវចេញចូល និងផ្លូវឆ្លងកាត់ ពីគម្រោងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីចូលភ្នំពេញផងដែរ។
លោកច្រឹក សុខនីមថ្លែងថា តំបន់នេះក៏បាននឹងកំពុង ប្រែក្លាយទៅជាតំបន់ប្រកួតប្រជែងខ្ពស់ ទាំងការអភិវឌ្ឍន៍វិស័យសំណង់ និងតម្លៃទីផ្សារដីធ្លី តាមរយៈមនុស្សរស់នៅអ៊ូអរច្រើន។ ជាមួយគ្នានេះ នៅពេលដែលមានការប្រកួតប្រជែង និងការផ្គត់ផ្គង់កាន់តែច្រើនវាជួយឱ្យទីផ្សារអចលនទ្រព្យ កាន់តែល្អសម្រាប់អតិថិជន ហើយក៏វាជាតំបន់ថ្មីក្នុងការអភិវឌ្ឍន៍ផងដែរ។
នាពេលបច្ចុប្បន្ននេះ គេឃើញបុរីថ្មីៗមួយចំនួនកើតឡើង ដែលកាលពីមុនអតិថិជនទិញហើយ មិនសូវរស់នៅទេ ប៉ុន្តែឥឡូវទិញគឺចូលរស់នៅហើយ ។ ទីក្រុងភ្នំពេញចេះតែពង្រីកឥទ្ធិពលទៅតាមជាយក្រុងហើយ ដោយសារតែពាក់ព័ន្ធ នឹងការអភិវឌ្ឍន៍តំបន់កួរស្រូវ និងចំការដូង និងផ្នែកខ្លះទៀត៕